Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិកកើត និងរឿងរ៉ាវឈានដល់ការរំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី

បានផុស

នៅ

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីពេលថ្មីៗនេះ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ប្រកាសរំលាយចោល ដោយសារតែខកខានក្នុងការចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដែលតាក់តែងឡើងដោយយោធា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះមិនមែនជាលើកទី១ ទេ ដែលគណបក្សប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរី មានបញ្ហាមិនចេះមិនចេះហើយបែបនេះ ។ ជាក់ស្ដែងបើទោះបីជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលទាំងនៅឆ្នាំ ២០១៥ និងឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែគណបក្សនេះ បែរជាត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ជាពិសេសកាលពីដើមឆ្នាំ ២០២១ ។

បង្កើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ១៩៨៨ ដោយលោកឧត្តមសេនីយត្រី Aung Gyi ខណៈលោកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា មានតួនាទីជាប្រធាន, គណបក្សនេះបានឈ្នះសំឡេងភាគច្រើននៅក្នុងសភាសម្រាប់ការបោះឆ្នោតសកលឆ្នាំ ១៩៩០ ។

ទោះយ៉ាងណាក៏ដោយ នៅពេលនោះយោធាដែលកំពុងកាន់អំណាចបានបដិសេធមិនទទួលស្គាល់លទ្ធផលនេះនោះទេ ហើយរហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១០ គណបក្សនេះត្រូវបានគេរកឃើញថាខុសច្បាប់ ហើយត្រូវបានបញ្ជាឲ្យរំលាយចោលដោយយោធា បន្ទាប់ពីបដិសេធមិនចុះឈ្មោះសម្រាប់ការបោះឆ្នោតដែលបានគ្រោងទុកនៅខែវិច្ឆិកា ឆ្នាំ ២០១០ ។

ក្រោយមកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១១ គណបក្ស NLD បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចុះឈ្មោះជាគណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ ២០១២ ហើយគណៈកម្មការរៀបចំការបោះឆ្នោតដែលនៅពេលនោះមានឈ្មោះថា “សហភាពមីយ៉ាន់ម៉ា” បានយល់ព្រមលើពាក្យសុំចុះឈ្មោះរបស់ពួកគេនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១១ ។

នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១២ នោះ លទ្ធផលពិតជាបានសមប្រកប និងលើសពីការរំពឹងទុកទៅទៀត ពោលគណបក្ស NLD បានប្រជែងឈ្នះលើគណបក្ស​ប្រជាធិបតេយ្យ​ជាតិ​សាន (SNDP) ដោយទទួលបានអាសនៈចំនួន ៤៤ ក្នុងចំណោមអាសនៈ ៤៥ ។

រហូតមកដល់ការបោះឆ្នោតសកលឆ្នាំ ២០១៥ គណបក្ស NLD នៅតែខ្លាំង ដោយគណបក្សនេះបានឈ្នះសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ជាពិសេសគឺមានប្រធានាធិបតីមិនមែនជាយោធាជាលើកដំបូងរបស់ប្រទេសក្នុងរយៈពេល ៥៤ ឆ្នាំ ។

ទោះជាយ៉ាងណា គណបក្ស NLD កាន់កាប់អំណាចបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ពោលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយលើកហេតុផលអំពីការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីចុងឆ្នាំ ២០២០ ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា (UEC) បានប្រកាសពីផែនការរំលាយគណបក្ស NLD ជាអចិន្ត្រៃយ៍តែម្ដង ប៉ុន្តែក្រោយមកយោធាបានច្រានចោលសេចក្ដីសម្រេចចិត្តនេះវិញ ។

ទោះជាយ៉ាងណា សេចក្ដីសម្រេចរំលាយចោលគណបក្ស NLD ហាក់រះឡើងវិញ ដោយសារតែគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី មួយនេះ ប្រកាសមិនចុះឈ្មោះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ និងថែមទាំងបញ្ជាក់ទៀតថា ការបោះឆ្នោតនេះគឺមិនសេរី និងគ្មានយុត្តិធម៌ ហើយក៏នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតណាមួយដែលធ្វើឡើងដោយយោធានេះផងដែរ ទើបធ្វើឲ្យយោធាក្ដៅចិត្ត និងប្រកាសរំលាយគណបក្ស NLD ចោលតែម្ដងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ យោធាមីយ៉ាន់ម៉ា រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម