ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​កំពុង​បើក​ការ​​ស៊ើប​អង្កេត​ម្ចាស់​រថយន្ត​ ដែល​បុក​គេ​ហើយ​ស្រែក​ថា​ ចោរ​ៗ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស

ភ្នំពេញ ៖ ​ប៉ូលិស​ខណ្ឌមានជ័យ​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ម្ចាស់​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២S៩២៣៧​ ស៊េរី​​០៧ ​ដែល​បាន​បើក​បំ​បុក​ ម៉ូតូ​​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ​ក្នុង​នោះ​ មាន​ស្រី​២​ ប្រុស​មួយ​ ហើយ​ពេល​បុក​ម៉ូតូ​ឲ្យ​ដួល​រួចមក​ ម្ចាស់​រថយន្ត​បាន​ចុះ​មក​ស្រែក​ថា​ ចោរៗ ​រួច​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ទៀត​ផង។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក​ម៉ៅ សាវឿន​ប្រធាន​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី ​រសៀល​ថ្ងៃ​ទី​៣១ ​ខែធ្នូ ​ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវលំ​ក្នុង​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ រឿងរ៉ាវ​នេះ​ តាម​ប្រភព​បាន​អះអាង​ថា ​ផ្តើមចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ដំបូង​ផ្តើមចេញពី​ម៉ូតូ​ជនរងគ្រោះ​ជិះ​ឌុប​គ្នា​៣​នាក់​ បាន​បើក​ទៅ​ប៉ះ​រថយន្ត​កូរ៉ូឡា​ខាងលើ​ ហើយ​​ពុំ​បាន​ឈប់​ដោះស្រាយ​ ដោយ​គេចវេះ​ពី​កន្លែង​កើតហេតុ ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ខឹង ​ក៏​ដេញ​បំ​បុក​ រួច​វាយតប់​បន្ថែម​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ប៉ោង​មុខ ​និង​ម្នាក់ទៀត​បាក់ជើង។ ​ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ក៏​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​។​

លោក​មេ​ប៉ុស្តិ៍​បន្ត​ថា ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​សួគ៌ា​ហើយ​ ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​​ស៊ើប​អង្កេត​បន្ត​នៅ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​។​ ចំពោះ​ហេតុការណ៍​នេះ ​ប៉ូលិស​​ពុំ​​ទាន់​បាន​សន្និដ្ឋាន​ថា​ ជា​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​ព្រោះ​អ្នក​ម៉ូតូ​ដេកពេទ្យ​ ឯ​ម្ចាស់​រថយន្ត​គេច​បាត់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114