ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ស្ត្រី​ម្នាក់ ​ពាក់ព័ន្ធ​ក្លែង​ឯកសារ​លួច​លក់​ដី​ក្រុមហ៊ុន​បរទេស​ជាង​១០០០​ហិកតា

 

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការ​ចោទ​ប្រកាន់ ​ពីបទ​ក្លែងបន្លំ​ឯកសារ​ និង​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន។​

ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន​ ឈ្មោះ នួន ច័ន្ទ​មករា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​លំនៅស្ថាន​ផ្ទះ​លេខ​៩៨ C ផ្លូវ​លេខ ៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

ដើមបណ្ដឹង​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ ឈ្មោះ Rainer Maria wollny អាយុ​៦០​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ ជា​ប្រធាន​ក្រុមហ៊ុន ដែល​តា​ដា​ប់បែល​យូ​ត្រេ​ឌី​ង ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ស្របច្បាប់​នៅ​ក្រសួង​ពាណិជ្ជកម្ម ​តាំងពី​ឆ្នាំ២០០៤។​

លោកស្រី​ នួន ច័ន្ទ​មករា ត្រូវបាន​ចាប់ខ្លួន​ដោយ​ដោយ​កងកម្លាំង​ នៃ​នគរបាល​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​រាជធានី​ភ្នំពេញ នៅ​ចំណុច​មណ្ឌល​កម្សាន្ត​កោះពេជ្រ ខណៈ​នាង​ចុះ​ពី​រថយន្ត។​

ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ត្រូវបាន​នគរបាល​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៦​ ដើម្បី​ធ្វើការ​សាកសួរ​ ពីបទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត។​

ក្រោយ​ការសាកសួរ​ លោកស្រី​ ស៊ឺ វ​ណ្ណី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​បញ្ជូន​សំណុំរឿង​ និង​ជន​ត្រូវ​ចោទ​ ឲ្យ​ចៅក្រម​សម្រេច​តាម​នីតិវិធី។

រហូតដល់​ល្ងាច​ថ្ងៃ​៣១​ធ្នូ លោក​ចៅក្រម តុ​ប ឈុន​ហេង ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​នេះ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ ​ព្រៃ​.ស​ ជា​បណ្ដោះអាសន្ន​តាម​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ពី​បទ​ក្លែងបន្លំ​ឯកសារ និង​បទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​០១ និង​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤ និង​ក្នុង​អំឡុង ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ តាម​បញ្ញត្តិ​មាត្រា​៦២៦ មាត្រា​៦២៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​២៥៥ ​នៃ​ច្បាប់​ភូមិបាល។​

ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្ដី​នេះ បើតាម​ប្រភព​ព័ត​មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យ​ដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ លោក (Rainer Maria Woollny) បាន​ចូល​មក​ប្រទេស​កម្ពុជា និង​បាន​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ ដែល​តា​ដា​ប់បែល​យូ​ត្រេ​ឌី​ង ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដូចជា​ការដាំ​ល្ហុងខ្វង ដំឡូង​មី និង​ចម្ការ​ម្រុំ​ជាដើម ដែល​ការ​អភិវឌ្ឍ​ធ្វើឡើង​មួយ​ជំហាន​ម្ដងៗ​ទៅតាម​ទំហំ​ទឹក​ដែល​ក្រុមហ៊ុន​មាន ​និង​ទុន​វិនិយោគ​ដែល​ជា​ភាគហ៊ុន​ រួម​ពី​ដៃគូ​វិនិយោគ​នៅ​ក្រៅ​ប្រទេស។​

ចាប់ពី​អំឡុង​ឆ្នាំ​២០០៤​នោះ​មក លោក​ រ៉េ​ន័​រ ក៏បាន​ទិញ​ដី​ពី​ពលរដ្ឋ​ស្របច្បាប់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទីតាំង​ធំ ​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ ​ដែល​មាន​ផ្ទៃដី​សរុប​១១០២ ​ហិកតា ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយមាន​ការ​ទទួល​ដឹង​ឮ​ពី​អាជ្ញាធរ​ដែនដី ដូច​ដែល​មាន​បង្ហាញ​នៅក្នុង​ប្លង់​ឌឺ​ម៉ាស ដែល​វាស់វែង​ដោយ​ឧបករណ៍​GPS ចុះ​ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៣។

ប៉ុន្តែ​នៅពេលនោះ ​ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​ជនបរទេស ​លោក ​Rainer Maria wollny កាន់កាប់​ភាគហ៊ុន​៤៩​ភាគរយ និង​៥១​ភាគរយ​កាន់កាប់​ដោយ​ជនជាតិខ្មែរ ក្នុង​នោះ​លោក​ រ៉េ​ន័​រ​ ជា​ប្រធាន​ក្រុមហ៊ុន​ និង​មាន​ជនជាតិខ្មែរ​៣​នាក់​ទៀត​ជា​សមាជិក​ភាគហ៊ុន។

ប៉ុន្តែ​សមាជិក​ភាគហ៊ុន​ខ្មែរ​ទាំងនេះ​មានតែ​ឈ្មោះ មិនមាន​សាច់ប្រាក់​នៅក្នុង​ការ​វិនិយោគ​ជាក់ស្ដែង​ទេ។ ក្រោយមក​ នៅ​ឆ្នាំ​២០១៣ ស្ត្រី​ឈ្មោះ​ នួន ច័ន្ទ​មករា បាន​ទទួល​សិទ្ធ​ធ្វើជា​ម្ចាស់​ភាគហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ត​ពី​ការផ្ទេរ​ឲ្យ​ដោយ​ម្ចាស់​ភាគហ៊ុន​២​នាក់​ទៀត​ដែល​បានសម្រេច​ចិត្ត​លាលែង​ចេញពី​ការ​ធ្វើជា​ម្ចាស់​ភាគហ៊ុន​ ដោយ​គ្មាន​ការ​ទូទាត់​ជា​សំណង ឬ​ដោះដូរ​អ្វី​ឡើយ។ ​

នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ឈ្មោះ​ នួន ច័​ន្ធ​មករា បាន​នាំ​បក្សពួក​របស់ខ្លួន ​និង​កម្មករ​មក​សែង​យក​ទូដែក​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​រប​ស់​លោក ​រ៉េ​ន័​រ​ ស្ថិតនៅក្នុង​ភូមិ​សាមគ្គី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ យក​ទៅរ​កជាង​ឆ្កឹះ​សោ​លួច​យក​ឯកសារ​ដើម និង​ត្រា​របស់​ក្រុមហ៊ុន​រួមមាន ឯកសារ​ប្លង់ដី​ចំនួន​១១០២​ហិក​តា​ នៅ​ឃុំ​ដំបូក​រូង និង​ប្លង់ដី​នៅ​ឃុំ​ត្រែងត្រយឹង ឯកសារ​កិច្ចសន្យា របស់​ក្រុមហ៊ុន ឯកសារ​កិច្ចព្រមព្រៀង និង​ឯកសារ​ចុះបញ្ជី​ក្រុមហ៊ុន​ជាដើម។ ក្រៅពីនោះ​ទៀត​ ក៏​មាន​ឯកសារ​ប្លង់ដី​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​ផងដែរ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ រ៉េ​ន័ត ​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល និង​ចរចា​ដោយ​សុឆន្ទៈ ប៉ុន្តែ​ភាគី​ នួន ច័ន្ទ​មករា​ មិន​ព្រម​ប្រគល់​ឯកសារ​ដែល​លួច​យកទៅ​នោះ​ដាច់ខាត។

ស្រាប់តែ​ចុងឆ្នាំ​២០១៥ ឆ្នាំ​២០១៦​ថ្មីៗ​នេះ ក៏​មាន​ការ​លក់​ដី​ធ្លី​របស់​ក្រុមហ៊ុន​យ៉ាង​គគ្រឹកគគ្រេង ទើប​លោក ​រ៉េ​ន័​រ​ សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នាំ​ដល់​ការចោទប្រកាន់​ជា​ផ្លូវការ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង ​និង​ការ​ឃុំខ្លួន​ជន​ជាប់ចោទ​ដោយ​ចៅក្រម​ស៊ើបអង្កេត។​

តាម​ការជួប​សម្ភាស​ផ្ទាល់​ជាមួយ ​លោក ​រ៉េ​ន័​រ​ បាន​បញ្ចេញ​ទស្សនៈ​ថា ​ករណី​ជន​ជាប់ចោទ​មិនអាច​ធ្វើ​តែម្នាក់ឯង​បានទេ ពិតជា​មាន​អ្នកមានអំណាច​ និង​ជនខិលខូច​មួយចំនួន​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ។

ទន្ទឹមនេះ​ លោក​ រ៉េ​ន័​រ ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​សុំឲ្យ​ការពារ​ផលប្រយោជន៍​វិនិយោគិន​បរទេស​ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​ និង​កម្មករ​មានការ​ងារ​ធ្វើ។

តុលាការ​ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​ នឹង​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់ ​និង​តម្លាភាព ​ក្នុង​កិច្ចដំណើរការ​នីតិវិធី​រហូតដល់​ចប់សព្វគ្រប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114