ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ បាន​និងកំពុង​កែលម្អ​ឡើងវិញ ដើម្បី​លើក​សោភ័ណភាព​រាជធានី​បន្ថែម​ទៀត​

​ភ្នំពេញ ​៖ សួនច្បារ​ចេនឡា​ ដែល​ត្រូវបាន​ទុកចោល​មិនបាន​ធ្វើការ​កែលម្អរ​ឡើងវិញ​ជាច្រើន​ឆ្នាំ​ហើយ​នោះ ពេលនេះ រដ្ឋបាល​រាជធានី​ បាននិងកំពុង​ត្រូវ​កែលម្អ​ឡើងវិញ​ហើយ ដើម្បី​លើក​សោ​ភ័ណ​ភាព​រាជធានី​បន្ថែមទៀត ស្រប​ពេលដែល​សួនច្បារ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កែលម្អជា​បន្តបន្ទាប់ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង​នោះ​។​

បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ​របស់ លោក ប៉ា សុជាតិ​វង្ស អភិបាលក្រុង​ភ្នំពេញ ក៏បាន​បង្ហាញ​ពី​សកម្មភាព​យ៉ាង​មមាញឹក​នៃ​ការស្ថាបនា ជួសជុល​សួនច្បារ​ចេនឡា​នេះដែរ​។

គម្រោងកែលម្អ​សួនច្បារ​ចេនឡា​នេះ គឺ​ស្ថិតក្នុង​គម្រោងកែលម្អ​​សួនច្បារ​ចំនួន​៦ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន សួនច្បារ​ចេនឡា សួនច្បារ​បទុម​វ​តី សួនច្បារ​ក្រម​ង៉ុ​យ សួនច្បារ​កុមារ​វត្តភ្នំ សួន​ច្បារ​កុមារ​ពោធិចិនតុង និង​សួនច្បារ​មុខ​ស៊ិន​ជូ​វី​ប្លា​ស្សា​។​

ការកែលម្អសួនច្បារ​ឡើងវិញ​នេះ គឺ​ដើម្បី​បង្កើន​សោភ័ណភាព​ទីក្រុង និង​មាន​រៀបចំ​ជា​កន្លែង​កម្សាន្ត​ដូចជា ទីធ្លា​ធំ​ទូលាយ សួន​ផ្កា ស្មៅ ផ្លូវ​ថ្មើរជើង កៅអីអង្គុយ​សាធារណ​: និង​ភ្លើង​បំភ្លឺ​សួន​ជា​ដើម​។​

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​វេទិកា​សាធារណៈ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ចេនឡា កាលពី​១​ឆ្នាំ​កន្លងមកនេះ ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណើ ​និង​សំណូម​ពរ​ជាច្រើន ហើយ​ក្នុង​សំណើ ​និង​សំណូមពរ​ទាំងនោះ ប្រជាពលរដ្ឋ​ក៏បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​កែលម្អ និង​ជួសជុល​សួនច្បារ​ចេនឡា​នេះ​ឡើងវិញ​ដែរ ដើម្បី​ជាការ​លើក​សោភណភាព​រាជធានី និង​ម្យ៉ាងទៀត​ដើម្បីឲ្យ​ពួកគាត់​បាន​ដើរ​កម្សាន្ត ​និង​ហាត់ប្រាណ​នៅ​លើ​សួន​ច្បារ​នេះ​ផងដែរ។

នៅពេល​ប្រជាពលរដ្ឋ​លើកឡើង​ពី​ការស្នើសុំឲ្យ​ធ្វើការ​កែលម្អ​សួនច្បារ​ចេនឡា​ឡើងវិញ​បែបនេះ លោក​ ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ឱកាស​ពេល​នោះ ​ក៏បាន​សម្រេចឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​មក​សិក្សា ​និង​ស្ថាបនា​តែម្ដង៕​