ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​អារ​.​ក​ សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​ចំនួន​៣​នាក់​យ៉ាង​ព្រៃផ្សៃ​នោះ​ សមត្ថកិច្ច​កំពុង​ប្រមាញ់ឃាតក

​សៀមរាប ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន​ចំនួន​៣​នាក់ ​​ត្រូវ​ឃាតក​អារ​.​ក​សម្លាប់​នៅ​ក្នុង​បន្ទប់​ជួល​បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ ​ហើយ​​ស្ត្រី​ម្នាក់​រង​របួស​ជា​ទម្ងន់ ​​​​កំពុង​ត្រូវ​បាន​​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​អាយុ​ជីវិត ប៉ុន្តែ​ហាក់​មាន​សង្ឃឹម​តិចតួច។ ចំពោះ​ឃាតក​ ក្នុង​ករណី​នេះ​ ​ ​សមត្ថកិច្ច​មាន​ពន្លឺ​ខ្លះ​ៗ​ហើយ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប លោក ប៉ែន ផល្គុន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជនរងគ្រោះ​ពេលនេះ​កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ។ ទោះជា​ថ្ងៃនេះ​គាត់​មាន​សភាព​ធូរស្រាល​ជាង​ថ្ងៃកើតហេតុ​បន្តិច​មែន ប៉ុន្តែ​គាត់​នៅតែ​ប្រឈម​នៅឡើយ ដោយសារ​របួសធ្ងន់​ធ្ង​រ​ខ្លាំងពេក​។​

លោក​បន្តថា ក្រុមគ្រូពេទ្យ​បាន​បញ្ចូល​ឈាម​ដើម្បី​សង្គ្រោះ ទើប​រូបគាត់​អាចនិយាយបាន​តិចតួច តែ​សុំ​មិន​បញ្ចេញ​។​

ចំណែក​សមត្ថកិច្ច​វិញ ក៏​មិនទាន់​អត្ថាធិប្បាយ​បាន​នោះដែរ ដោយ​គ្រាន់តែ​បញ្ជាក់ថា បានកំណត់​មុខសញ្ញា​ហើយ ពេលនេះ​កំពុង​តាម​ប្រមាញ់​។​

សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​បន្ទប់​ជួល ក្រុមទី​៦ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ឃាតកម្ម ដោយ​ឃាតក​ បាន​អារ​.​ក សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន របស់​ថៃ ប្រុស​/​ស្រី ចំនួន​៣​នាក់​។​

ក្នុង​នោះ​បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ ដែល​ជនរងគ្រោះ​កំពុង​ដេក​លង់លក់​។ ចំណែក​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​ជួយសង្គ្រោះ​ភ្លាម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នា​ព្រឹក​ព្រលឹម ម៉ោង​ប្រហែល​ជាង​៤​ទៀបភ្លឺ ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​។​

សមត្ថកិច្ច​នគរបាល​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​ប្រាប់​ជំហាន​ដំបូង​ថា ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​នេះ ត្រូវ​ឃាតក​សម្លាប់​អារ​.​ក បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​(​ស្រី​)​ម្នាក់ ហើយ​ករណីនេះ​ប្រហែលជា​រឿង​គំនុំ ព្រោះ​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​ជនរ​ង​គ្រោះ ឃើញ​នៅក្នុង​បន្ទប់​ជួល ព្រមទាំង​មាន​ឯកសារ​របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ​ផងដែរ​។​

ជនរងគ្រោះ​ទី​១-​ឈ្មោះ ឃុ​យ សុ​ឃឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត (​ស្លាប់​)​។ ទី​២-​ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​នៅ ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ (​ស្លាប់​)​។ ទី​៣-​ឈ្មោះ ឡេង ស្រី ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​នៅ​ភូមិ​ការ៉េ​ន​ជោ ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​របួសធ្ងន់ លើ​ផ្ទៃមុខ និង​ក​)​។​

ជនរងគ្រោះ​ទាំង​៣​នាក់ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ខាងលើ ដែលមាន​ម្ចាស់​ផ្ទះជួល​ឈ្មោះ ប៉ូច ធិ​ន ភេទ​ស្រី អាយុ​៥២​។​

ប្រភព​បានបញ្ជាក់​បន្ថែម​ទៀតថា ក្នុងពេល​សមត្ថកិច្ច​ចម្រុះ​ចូល​ត្រួតពិនិត្យ​កន្លែងកើតហេតុ ក៏បាន​នាំខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន​ខាងលើ​ចំនួន​២​នាក់​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​នគរបាល​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ផងដែរ ដើម្បី​កំណត់​មុខសញ្ញា​ជនដៃដល់​។​

យ៉ាងនេះ​ក្តី គេ​រំពឹងថា សមត្ថកិច្ច​ខេត្តសៀមរាប នឹង​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114