ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ស ខេង ដាក់​ចេញ​នូវ​គោលការណ៍​១០​ចំណុច ​សម្រាប់​អ្នកបើកបរ​អនុវត្តន៍​ឆ្នាំ​២០១៧

ភ្នំពេញ​ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) សម្តេច​ក្រឡាហោម ស ខេង កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ បានដាក់​ចេញ​នូវ​គោលការណ៍​សីលធម៌​ចំនួន​១០​ចំណុចសម្រាប់អ្នកបើកបរ​ទាំងអស់​ចា​ប់​ផ្តើម​អនុវត្តន៍​នៅ​ឆ្នាំ​២០១៧​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​ការពារ​ជីវិត​ខ្លួនឯង​។​

ការប្រកាស​ពី​សីលធម៌​ទាំង​១០​ចំណុច​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។​

តាម​របាយ​ការ​ណ៍​ស្តី​ពី​លទ្ធផល ​នៃ​ការ​ត្រួតពិនិត្យ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​បាន​ឲ្យ​ដឹង​ថា មុន​ការអនុវត្ត​ច្បាប់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​គិតគូរ​ត្រៀមលក្ខណៈ​ម៉ត់ចត់​ទាំង​ការរៀបចំ​ផែនការ ការ​ហ្វឹកហ្វឺន កងកម្លាំង និង​ការ​បំពាក់​ឧបករណ៍​មធ្យោបាយ​បម្រើ ប្រតិបត្តិការ បង្ក​លក្ខណៈ​ល្អ​ប្រសើរ​ដល់​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្នុង​ឆ្នាំ​២០១៦ ហើយ​ជា​លទ្ធផល បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​៩.៦១៨ .៤០៩ (​ម៉ូតូ​៦១​ភាគរយ​), រក​ឃើញ​យានយន្ត​ល្មើស​ចំនួន ១.៤៨១ ៣៧៨ គ្រឿង ស្មើ​១៦ (​ម៉ូតូ​ចំនួន​៦២%) , បាន​ធ្វើ​ការអប់រំ​ចំនួន​៦១៨.៦៨៧ គ្រឿង ស្មើ​៤៤%, បាន​ធ្វើ​ការ​ពិន័យ​ចំនួន ៨៦២.៦៩១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៦៨% ដោយ​អនុវត្ត​ការ​បង់ប្រាក់​ពិន័យ តាម​ស្នាក់​ការដែល​បាន​កំណត់​ទទួល​បាន​ប្រាក់ ពិន័យ​សរុប​ចំនួន​២០.៤៩៦.១៩៥.០០០​រៀល (​ពីរ​ម៉ឺន​បួន​រយ​កៅសិប​ប្រាំមួយ​ពាន់​លាន​មួយ​សែន ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​រៀល​គត់​)​។ ក្នុងនោះ​រាជធានី ភ្នំពេញ បានធ្វើ​ការ​ឃាត់​អប់រំ និង​ពិន័យ​រថយន្ត​ដឹក ដី​មិន​គ្រប់​ជ្រុះ​រាយប៉ាយ និង​ដឹកទំនិញ​សំពីងសំពោង​ចំនួន​១៥១​គ្រឿង​, បាន​ត្រួតពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើស​ល្បឿន ចំនួន​៣៥៩.៨៨១​គ្រឿង និង​ល្មើស​ជាតិ​ស្រវឹង​២៧៨. ២១៨​នាក់ អប់រំ និង​ពិន័យ​តាមច្បាប់ ក្នុង​នោះ​ឃាត់ ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៦០៥​នាក់ (​អ្នក បើកបរ​រថយន្ត​១៤​នាក់ (​ស្រី​៤​នាក់​) និង​អ្នក​បើកបរ​ម៉ូតូ​៤៧១​នាក់​), ត្រួតពិនិត្យ​សារធាតុ​ញៀន​លើ​អ្នកបើកបរ រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ឬ​ទំនិញ​ចំនួន​៦៦៥ នាក់ (​អ្នកបើកបរ​រថយន្ត​១៣៤​នាក់ (​ស្រី​៤​នាក់​) និង​អ្នកបើកបរ​ម៉ូតូ​៤៧១​នាក់​), ត្រួតពិនិត្យ​សារធាតុ​ញៀន​លើ​អ្នកបើកបរ ដឹក ជញ្ជូន​អ្នកដំណើរ ឬ​ទំនិញ ចំនួន​៦៦៥​នាក់ បាន​រក ឃើញ​អ្នកបើកបរ​យានយន្ត​មាន​សារធាតុ​ញៀន ចំនួន​១២៩​នាក់ ស្មើ​២០%​។

ជាមួយគ្នា​នោះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស បាន​ត្រួតពិនិត្យ​រថយន្ត​ដឹកជញ្ជូន​ធុន ធ្ងន់​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ​២០១៦ បាន​ចំនួន​៣ ៧៣២​គ្រឿង រកឃើញ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស​ហើយ​បាន​កាត់​ទ្រុង​ចំនួន​១.២៦៩ គ្រឿង ស្មើ​៣៤% និង​បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ទូទាំង​ប្រទេស ៣២៩៩​យានដ្ឋាន រកឃើញ​យានដ្ឋាន​មានច្បាប់ ចំនួន​១. ៤៥៥​យានដ្ឋាន និង​គ្មាន​ច្បាប់​អនុញ្ញាត ១. ៨៤៤​យានដ្ឋាន (​យានដ្ឋាន​កែច្នៃ​១៧៩​យានដ្ឋាន​) ហើយ​បានធ្វើ​កិច្ចសន្យា​ឲ្យ​សុំច្បាប់​អនុញ្ញាត​ធ្វើ អាជីវកម្ម​ពី​សមត្ថកិច្ច​និង​បញ្ឈប់​ការកែច្នៃ​ដំឡើង​យាន យន្ត​ខុស​លក្ខណៈ​បច្ចេកទេស​, ចុះ​ត្រួតពិនិត្យ​សាលាបង្រៀន​បើកបរ​យាន យន្ត​ចំនួន​៩៣ និង​សាខា​ចំនួន​១២០ នៅ​២៥​រាជ ធាន​- ខេត្ត ពិនិត្យឃើញ​បាន​បំពេញ​ឯកសារ​ច្បាប់​គ្រប់គ្រាន់​, សាលា​បាន​សំណូមពរ​ ឬ​ សុំ​ឲ្យ​យក​រថយន្ត ថ្មីៗ​ដាក់​ឲ្យ​បើកបរ ពេល​ប្រឡង​ដៃចង្កូត សុំ​ឲ្យ​មាន វិញ្ញាសា​ប្រឡង​ជា​ភាសា​ចិន សុំ​ឲ្យ​មាន​វិញ្ញាសា ប្រឡង​ផ្ទាល់មាត់​ចំពោះ អ្នក​មិនចេះ​អក្សរ និង​សុំ​ឲ្យ បណ្តុះបណ្តាល​គ្រូបង្រៀន​បើកបរ​ប្រភេទ​ឃ​២,​បាន​ចុះបញ្ជី​យានយន្ត​សរុប​ចំនួន​៥២៥.៧៦៤ គ្រឿង (​រថយន្ត​៦០.៧៩៤​គ្រឿង ម៉ូតូ​៤៦៤.៩៧០​គ្រឿង​) ផ្តល់​ប័ណ្ណបើកបរ​សរុប​១៥១.៧៦១​ប័ណ្ណ​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ៣៨១ .៣៥៩ គ្រឿង និង​ផ្តល់​ប័ណ្ណ​អាជីវកម្ម​៦២.៥០៤គ្រឿង​។

ដោយឡែក​ការចុះបញ្ជី ផ្តល់​ស្លាក​លេខ​រថយន្ត​ចង្កូត​ស្តាំ សរុប​បាន​ចំនួន​៧.០៥៥​គ្រឿង​។​ ទាក់ទង​បញ្ហា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​មាន​យោបល់​នៅ​ក្នុង​ពិធី​នោះ​បាន​លើក​ឡើង​ថា ជា​ការ​ចាំបាច់​នៅ​រាជធានី​ភ្នំពេញ មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ ជាពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៏ និង​បញ្ហា​ចរាចរ​ណ៍​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា បញ្ហា​ការកកស្ទះ គឺ​ដោយសារតែ​យានយន្ត​មានការ​កើន​ឡើងជា​លំដាប់ ក្នុងនោះ​គ្រាន់តែ​រថយន្ត​មាន​ជាង​៤០​ម៉ឺន​គ្រឿង ដែល​តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​។ ជាមួយគ្នា​នោះ លោក ប៉ា សុជាតិ​វង្ស បាន​អះអាង​ថា បញ្ហា​អ្នក​កាន់ចង្កូត ជា​មុខសញ្ញា​សំខាន់​នៃ​ការអប់រំ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ។

មាន​ប្រសា​សន៍​នៅ​ក្នុង​ពិធី​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​តម្រូវ​ឲ្យ​អនុ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់ ផ្តល់​របាយការណ៍​ប្រចាំ​ស​ប្តា​ហ៍ ឬ​ ប្រចាំខែ មក​សម្តេច ដើម្បី​តាមដាន និង​ពិនិត្យមើល​ពី​ការអនុវត្ត​ន៍​លើ​ការងារ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​នេះ​។

សម្តេច​បាន​លើកឡើងថា “​សូម​ផ្តាំផ្ញើ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាប់ពីពេលនេះ​ទៅ សូមមេត្តា​២​ស​ប្តាហ៍​យ៉ាងយូរ​ត្រូវ​មាន​ការប្រជុំ​គណៈបញ្ជាការ​ឯកភាព ហើយ​ត្រូវ​ត្រួតពិនិត្យ​គ្រប់​បញ្ហា​ទាំងអស់ ទាំង​ចោរ​លួច ចោរ​ប្លន់ ល្បែង សុវត្ថិភាព​ចរាចរ​ណ៍ ការ​ដាក់​កុងត្រូល​យក​លុយ ឬ​បញ្ហា​ដទៃទៀត គឺ​ត្រូវ​តែ​មាន​បញ្ហា​មួយ​ថា ២​ស​ប្តា​ហ៍​យ៉ាង​យូរ​ត្រូវ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​…​។

ដូច្នេះ​ស្នងការ កងរាជអាវុធហត្ថ អភិបាលខេត្ត ខ្ញុំ​គិត​ថា ៣​នាក់​នេះ​សំខាន់​ណាស់ ត្រូវតែ​សកម្ម​យ៉ាង​ជិតស្និទ្ធ​ទាក់ទង​នឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​…​ដើម្បី​ប្រមូល​ព័ត៌មាន ប្រមូល​របាយការណ៍​ទាំងអស់​ដាក់​មក​”។

ជា​មួយ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ចុះ​មូលដ្ឋាន ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​យក​របាយ​ការ​ណ៍ ដែល​ជា​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​តាម​ភាពចាំបាច់​។ មានន័យថា ចំណុច​ណា​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​មុន​។

សម្តេច​បញ្ជាក់​ថា “​ប្រជុំ​ត្រូវ​តែ​មាន​ការ​សម្រេច​ចុងក្រោយ​ថា ធ្វើ​អី ធ្វើ​យ៉ាងម៉េច ធ្វើ​នៅ​កន្លែង​ណា ធ្វើ​ពេលណា ចង់​បានតែ​ប៉ុណ្ណឹង កុំ​ឲ្យ​ប្រជុំ​ហើយ​មិន​ដឹង​សម្រេច​ថា​ម៉េច នេះ​វា​បរាជ័យ គឺ​ត្រូវ​សម្រេច​តាម​ដំណាក់កាល ដែល​កើតមានឡើង​…​ដូច្នេះ​ត្រូវតែមាន​ការប្រជុំ ពីព្រោះ​អង្គប្រជុំ​ជា​អ្នកដឹកនាំ មិនមែន​បុគ្គល​នេះ បុគ្គល​នោះ ជា​អ្នកដឹកនាំ​ទេ គ្រាន់តែ​បុគ្គល​ជា​អ្នកចាត់ចែង​”​។​

​តាម​សម្តេច​ក្រឡាហោម ស ខេង, កន្លងមក​ក៏មាន​គណបក្សនយោបាយ​ខ្លះ​បាន​យក​បញ្ហានយោបាយ​មក​លា​យ​ឡំ​ផងដែរ ដោយបាន​លើកឡើង​យ៉ាងនេះ យ៉ាងនោះ ប៉ុន្តែ​បើទោះបីជា​នៅ​កើតមាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍​ក៏ដោយ តែ​វា​បាន​ថយចុះ​យ៉ាងច្រើន ហើយ​បញ្ហា​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​។

សម្តេច​បន្ត​ថា ថ្វីបើ​របាយ​ការ​ណ៍​បញ្ជាក់​ថា ការ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​បណ្តាល​មក​ពី​កត្តា​មនុស្ស​មែន ប៉ុន្តែ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់។

ជាមួយនឹង​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់​ចេញ​នូវ​សីលធម៌​ចំនួន​១០​ចំណុច​ដើម្បី​អនុវត្ត​នៅ​ឆ្នាំ​២០១៧ ដែល​រួមមាន ពេល​បើកបរ​មិន​ត្រូវ ទី​១, មិន​លើស​ល្បឿន​កំណត់​ជាដាច់ខាត ទី​២, មិន​សេព​គ្រឿង​ស្រវឹង​ជាដាច់ខាត​, ទី​៣, មិន​សេព​គ្រឿងញៀន​ដាច់ខាត ទី​៤, មិន​ស្ថិតនៅក្នុង​ស្ថានភាព​ងងុយ​ដេក​ដាច់ខាត​ ពេល​បើកបរ​ត្រូវ​ ទី​៥, ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ទី​៦, ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ទី​៧, ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច ទី​៨, ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត​ជានិច្ច ទី​៩, ត្រូវ​ចេះ​បើកបរ​ជាដាច់ខាត និង​ទី​១០, ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114