ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​ថៃ បដិសេធ​ព័ត៌មាន​ រឿង​អាហារ និង​ផ្លែឈើ​កំប៉ុង​ផលិត​នៅ​ថៃ ​មាន​ផ្ទុកមេរោគ​អេដស៍

ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា អាហារ​កំប៉ុង ជាពិសេស​ផ្លែឈើ​កំប៉ុង​ ដែល​ផលិត​នៅ​ប្រទេស​ថៃ​មាន​ផ្ទុក​នៅ​មេរោគ​អេដស៍ ដោយ​អះអាងថា ជា​ព័ត៌មាន​បំផ្លើស ដែល​មាន​បំណង​ចង់​បង្ខូច​ក្រុមហ៊ុន​ដែល​ផលិត និង​នាំចេញ​ផលិតផល​ថៃ​។​

ការបដិសេធ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មានការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម និង​ចែករំលែក​តៗ​គ្នា​ពីមួយ​ទៅមួយ​ថា អាហារ​កំប៉ុង​ផ្លែឈើ​កំប៉ុង​ដែល​ផលិត​នៅ​ប្រទេស​ថៃ​មាន​ផ្ទុក​នៅ​មេរោគ​អេដស៍។​

យោងតាម​លិខិត​របស់​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា តាម​ប្រព័ន្ធ​ផ្ញើ​សារ និង​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែលមាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់ថា អាហារ​កំប៉ុង​ជាពិសេស​ផ្លែឈើ​កំប៉ុង​ដែល​ផលិត​នៅ​ប្រទេស​ថៃ​មាន​ផ្ទុក​នៅ​មេរោគ​អេដស៍ ហើយ​ជម្រាប​ទៅ​អតិថិជន​ឲ្យ​បញ្ឈប់​ការ​ជាវ​ផលិតផល​ទាំងអស់នោះ​។​

ស្ថានទូត​អះអាងថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​ក្លែងក្លាយ វា​មិនមែនជា​ព័ត៌មាន​ពិត​ដូចដែល​បាន​លើកឡើងថា មាន​មេរោគ​អេដស៍​ក្នុង​កំប៉ុង​នោះទេ ហើយក៏​មិនមាន​សេចក្តីថ្លែងការណ៍​ណាមួយ​ពី​សំណាក់​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​ថៃ​នោះដែរ​។​

តាម​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​បំផ្លើស​ដែល​ធ្លាប់បាន​និយាយ​តៗ​គ្នា​ម្តង​រួចមកហើយ​នៅក្នុង​ប្រទេស​ប្រ៊ុ​យ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​។ ការលើកឡើង​ដោយ​មិន​សម​ហេតុផល​មួយ​នេះ ប្រាកដជា​ធ្វើឡើង​ដោយ​ជន​ខិល​ខូច​មួយចំនួន​ដែលមាន​បំណង​ចង់​បង្ខូច​ក្រុមហ៊ុន​ដែល​ផលិត និង​នាំចេញ​ផលិតផល​ថៃ ដូច្នេះ​ស្ថាន​ឯកអគ្គរាជទូត​ថៃ សូម​អំពាវនាវ​ទៅ​បងប្អូន​ទាំងអស់គ្នា មេត្តា​ឈប់​ធ្វើការ​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ​មួយ​នេះ​តទៅទៀត​។​

គួរ​បញ្ជាក់ថា វិទ្យុ​ប៉ុស្តិ៍​លេខ​១ FM របស់​ថៃ​បានប្រកាសថា រដ្ឋាភិបាល​ថៃ​បានបញ្ជាក់​អះអាង​នៅក្នុង​សេចក្តីជូនដំណឹង​ជាបន្ទាន់​មួយ​ដូច​មានន័យថា សូមកុំ​បរិភោគ​/​ទទួលទាន​អាហារ ឬ គ្រឿង​កំប៉ុង ជាពិសេស​អាហារ​ផ្លែឈើ​កំប៉ុង​ដែល​ផលិត​នៅ​ប្រទេស​ថៃ​នេះ​តែម្តង​។ សេចក្តីជូនដំណឹង​នោះបាន​បញ្ជាក់ថា មាន​មនុស្ស​ដែល​ផ្ទុកមេរោគ​ហ៊ី​វ​(HIV) ជាង​២០០​នាក់​បានទទួល ការណែនាំ​ពី​ប្រធាន​/​មេដឹកនាំ​របស់​ពួកគេ​ដែល​បាន​បញ្ជា​ឲ្យ​ពួកគេ​ចម្លង​ឈាម​របស់​ពួកគេ​ដែលមាន​ផ្ទុកមេរោគ​ហ៊ី​វ​ចូលទៅក្នុង​ផលិតផល​នៃ​រោងចក្រ​ផលិត​អាហារ​កំប៉ុង​។​

ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​មេរោគ​បន្ទាប់ពី​បាន​ទទួលទាន​បង្អែម​កំប៉ុង​ជាច្រើន​ប្រភេទ​ដូចជា ផ្លែ​មាន ផ្លែ​គូលែន ផ្លែ​សាវម៉ាវ និង​ផ្លែស្វាយ​។ បង្អែម​កំប៉ុង​ទាំងនេះ​ត្រូវបាន​គេ​ដកយក​ចេញពី​រាន​/​ធ្នើរ​តាំង​លក់ទំនិញ​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា ហើយ​ព័ត៌មាន​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចែករំលែក​តៗ​គ្នា​ពីមួយ​ទៅមួយ​ដើម្បី​ឲ្យ​បានដឹង​ព័ត៌មាន​នេះ និង​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថែម​ទៀតផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114