ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​២៥​នាក់​ នៅ​ឆុន​បុរី​ សង្ស័យ​មាន​ពលករ​ខ្មែរ

​ថៃ ​៖​ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ស្លាប់​នៅក្នុង​អណ្តាតភ្លើង​ចំនួន ២៥ នាក់​ដែរ ក្នុងចំណោម​អ្នកដំណើរ​ទាំង​២៧​នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ធ្លាយ​ធុង​ហ្គាស៍​ឆាបឆេះ​តែម្តង។​

យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ ដែល​កម្ពុ​ជាថ្មី​ទទួលបាន​គឺ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២ រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ ៣៤៤ ក្នុងភូមិ​១ ឃុំ​ណងអ៊ី​រុណ ស្រុក​បាន​បឹង ខេត្ត​ឆុន​បុរី ប្រទេស​ថៃ រវាង​រថយន្ត​តួ​រី​ស ជាមួយនឹង​រថយន្ត​ម៉ាក​នីសា​ន់ ដឹក​អ្នកដំណើរ​ដូចគ្នា។​

លោក​បាន់​ឆា ប៉ាន​ណាំ ​ជា​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅមុន​ពេល​កើតហេតុ​គឺមាន​រថយន្ត​មួយគ្រឿង ប្រភេទ​តួ​រី​សដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ​បាងកក ១៥.១៣៥២ ​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ខេត្ត​ច័ន្ទ​បុរី ( ព្រំដែន​កម្ពុជា​ជាប់​នឹង​ខេត្ត​ប៉ៃលិន ) ឆ្ពោះទៅកាន់​ទីក្រុង​បាងកក។​

នៅពេល​នោះដែរ គឺ​អ្នកបើកបរ​រថយន្ត​តួ​រី​ស ហាក់បីដូចជា​ងងុយដេក គឺ​បាន​រេ​ចង្កូត​ ខណៈដែល​រថយន្ត​កំពុង​មាន​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ បាងកក ២៤៨៣ ដែល​កំពុងធ្វើដំណើរ​ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​បាន​ធ្លាយ​ធុង​ហ្គាស៍ ហើយ​ក៏មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង។​

ក្រោយពេល​កើតហេតុ និង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​រួចមក កម្លាំង​តម្រួត​ផ្នែក​អគ្គិភ័យ បានចេញ​ប្រតិបត្តិការ​ដើម្បី​ជួយ​ពន្លត់​អណ្តាយ​ភ្លើង​នេះ ជា​លទ្ធផល​នៅក្នុង​ហេតុការណ៍​នេះដែរ គេ​សង្កេត​ឃើញថា មនុស្ស​ដែល​ជិះ​នៅក្នុង​រថយន្ត​តួ​រី​ស​ដែល​សរុប​មាន​ចំនួន​១៤​នាក់ បាន​ស្លាប់​ទាំងអស់ គឺមាន​ប្រុស​៤​នាក់ និង​ស្រី​១០​នាក់ ដោយឡែក​នៅក្នុង​រថយន្ត​នីសា​ន់ មាន​អ្នកដំណើរ​សរុប ១៣​នាក់ បាន​ស្លាប់​ដោយសារ​អណ្តាតភ្លើង​អស់​ចំនួន​១១​នាក់ ក្នុងនោះ​ប្រុស​៥​នាក់ និង​ស្រី​៦​នាក់ ចំណែក​អ្នកដំណើរ​ពីរ​នាក់​ទៀត​បាន​រងរបួស​ជា​ទម្ងន់ ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ។

នៅក្នុងពេល​នោះដែរ នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់ គេ​មិនទាន់​ដឹងថា តើ​មាន​ពលករ​ខ្មែរ​ដែរឬទេ ព្រោះ​ទិសដៅ​ពី​ច័ន្ទ​បុរី ឆ្ពោះទៅ​ក្រុង​បាងកក គឺ​គេ​សង្ស័យថា​អាច​មាន​ខ្មែរ​នៅក្នុង​នោះដែរ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​លំអិត កម្ពុ​ជាថ្មី​នឹងធ្វើ​ការផ្សព្វផ្សាយ​ជា​ក្រោយ៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114