ព័ត៍មានទាន់​ហេតុការណ៏
Search

រឿងរ៉ាវ​​ពិស្ដារនៃការ​ឃាត់​ខ្លួន​អ្នក​កាសែត​៣​នាក់ ​នៅ​ខេត្ត​ពោធិ៍សាត់ ត្រូវបានទម្លាយ

ពោធិ៍សាត់​ ៖ ​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ករណី​ចាប់​ខ្លួន​អ្នកកាសែត​បី​នាក់​របស់​មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​​​ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នោះ។

ការ​ចាប់​ខ្លួន​នេះ​ គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​​ពី​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​ដោយ​មាន​ការ​សម្របសម្រួល​ពី លោក តន់ សីហ​តេជ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ចោទប្រកាន់​ពីបទ​កំហែង​យក​លុយ បន្ទាប់ពី​មាន​បណ្ដឹង ពី​ជនរងគ្រោះ​ឈ្មោះ កែវ សុង​ហេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​MDS។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ទម្លាយ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​​​ជនសង្ស័យ​ទាំង​បី​នាក់​នោះ គឺជា​អ្នក​សារព័ត៌មាន​មកពី​ស្ថាប័ន​អង្គភាព​​​បី​ផ្សេងៗ​គ្នា ​ មានឈ្មោះ ទី​១-​សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម មកពី​អង្គភាព​សារព័ត៌មាន​ការពិត។ ទី​២-​ស៊ិន សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មកពី​អង្គភាព សារព័ត៌មាន​MSJ TV និង​ទី​៣​.ឈ្មោះ សួស ណៃ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ មកពី​អង្គភាព​សារព័ត៌មាន CPN T ។

ហេតុផល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងបី​នោះ​ ត្រូវបាន​សាក្សី​ម្នាក់ ​ដែល​បាន​ដឹង​រឿង​នេះ​ច្បាស់​ ​​ទម្លាយ​ឲ្យ​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ ​ ដោយ​សំ​មិន​បញ្ចេញ​ឈ្មោះថា​​ មុន​ពេល​កើតហេតុ ជនរងគ្រោះ ឈ្មោះ កែវ សុង​ហេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​MDS ​ កាលពី យប់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ​ ​​បាន​ដឹក​ម្រេច​ចេញពី​ស្រុក​វាលវែង ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥ ដើម្បី​យក​ទៅ​លក់​ទីផ្សារ ដោយ​ប្រើ​រថយន្ត​ធុន​ធំ ដែល​គ្រប់​តង់​ជិត។ លុះ​មកដល់​ផ្លូវ​ម្ដុំ​ភ្នំ​ចិន​យំ ស្រាប់តែ​គេ​ឃើញ ជនសង្ស័យ​ខាងលើ​ចំនួន​បីនាក់​នោះ បាន​ជិះ​រថយន្ត​កាមរី មួយគ្រឿង បាន​បើករថយន្ត​ដេញ​ឃាត់​រថយន្ត​របស់​ក្រុមហ៊ុន ដែលមាន​ស្លាក​សញ្ញា​ឡូហ្គោ​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​MDS ដែល​ជនរងគ្រោះ​ខាងលើ​ជា​អ្នកដើរ​តាម​រថយន្ត​នោះ​ផ្ទាល់។ ពេល​នោះ ​ពួកគេ​បាន​បើក​រថយន្ត​កាមរី ជា​មធ្យោបាយ​ខ្លួន​ជិះ​នោះ ទៅ​ពាំង​រថយន្ត​ ​​ក្រុមហ៊ុន​ ហើយ​ពួកគេ​ក៏បាននាំគ្នា ចុះ​ទាញ​កាមេរ៉ា ថត​រថយន្ត​នោះ ពី​ក្រៅ ដោយ​មិនបាន​សហការ​ជាមួយ​ជំនាញ​ដើម្បី​ឆែក​ឲ្យ​ដឹង​ថា តើ​ឈើ​ឬ​ក៏​​​ម្រេច​ឡើយ។

ប្រភព​​​ដដែល​បន្ត​ឲ្យ​ដឹងថា ​៖ ក្រោយពេល​ពួកគេ​ថត​រួច​​ ក៏​តេ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ឈ្មោះ ហេង នោះ​ដោយ​គេ​និយាយថា​ខ្លួនគេ​ជា​អ្នក​សារព័ត៌មាន ​ដែល​មកពី​អង្គភាព​ដូច​ខាង​លើ​ផ្សេងៗ​គ្នា​ចំនួន​បី​នាក់ រថយន្ត​លោក​ដឹកឈើ​ខុសច្បាប់ ខ្ញុំ​ឃាត់​រថ​រួចរាល់​អស់ហើយ។ ដូច្នោះ សូម​លោក​ហេង​ឯង ឲ្យ​៦០០​មក ទើប​ចប់​រឿង ​ដោយ​ខ្ញុំ​មិន​យក​ទៅ​ចុះផ្សាយ ​និង​ចែកចាយ​ឲ្យ​អ្នកផ្សេង​ទៀតឡើយ។ ពេលនោះ​ឈ្មោះ ហេង ឆ្លើយថា មិនមែន​រថយន្ត​ដឹកឈើ​ទេ គឺ​ដឹក​ផ្លែ​ម្រេច​យក​ទៅលក់ ពួកគេ​នៅ​តែ​និយាយ​ដដែល​ថា​ដឹក​ឈើ ហើយ​ឈ្មោះ​ហេង​នោះ ខ្ជិល​និយាយ​ច្រើន​ខាត​ពេលវេលា​រក​ស៊ី ក៏​និយាយថា ក្នុងនាម​មនោសញ្ចេតនា រាប់អាន​គ្នា ពួក​បងៗ​ខំ​ធ្វើដំណើរ​មកដល់​ទីនេះ រថយន្ត​ខ្ញុំ​ក៏​មិន​មាន​ដឹក​បទល្មើស​ខុស​អី​ដែរ ខ្ញុំ​ជូន​បង​៣០​ដុល្លារ​គ្រាន់​ពិសា​បាយ។

គ្រាន់តែ​និយាយ​ចឹ​ង​ជនសង្ស័យ​នោះ​ឆ្លើយ​ថា ​មិន​យក​ទេ​ស្អែក​ឡើង ​នឹង​ចុះផ្សាយ​ចែករំលែក​គ្នា​ គេ​ផ្សាយ​ហើយ។ ពេល​នោះ​ដោយសារ​ពេលវេលា​យប់​ហើយ ហើយ​ជនសង្ស័យ​នៅតែ​គំរាមកំហែង​ទូរស័ព្ទ​​ជំរិត​យក​លុយ​៦០០​ដុល្លារ​នោះ​រហូត ​និង​មិន​ចង់​ឲ្យ​យក​ព័ត៌មាន​មិនមែន​ការពិត​យក​ទៅ​ធ្វើ​ការ​ចុះ​ផ្សាយ​បង្ខូច​ក្រុមហ៊ុន​ខ្លួន​ ទើប​ជនរងគ្រោះ​ប្រាប់​ថា ចាំ​ស្អែក​ទៅ​ចឹង​ជួប​គ្នា។ សាក្សី​បន្តទៀត​ថា ​៖ នៅ​ថ្ងៃទី​២៩ ខែធ្នូ ជនរងគ្រោះ​ឈ្មោះ ហេង នោះ​ក៏​បានដាក់​ពាក្យបណ្ដឹង​ទៅ​ទី​បញ្ជា​​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ អំពី​ករណី​ខាងលើ។
អ្នកឆ្លើយឆ្លង​សហការី​កម្ពុ​ជាថ្មី ប្រចាំខេត្ត​ពោធិ៍សាត់​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ត្រូវបាន​មន្ត្រី​អាវុធហត្ថ​ទីនោះ ដែល​ដឹង​ច្បាស់​រឿង​នេះ​ទម្លាយ​ឲ្យ​ដឹងថា​​ ក្រោយពេល​ទទួលបាន​ប​ណ្ដឹ​ង​ភ្លាម ក៏បាន​រាយ​ការណ៍​ទៅ​មេ​បញ្ជាការ កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់។

មន្ត្រី​នោះ​បន្ត​ថា​ ៖ ក្នុងនាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ លោក​មេ​បញ្ជាការ​អាវុធហត្ថ​ខេត្ត​ ក៏​ឆ្លង​ទៅ​ព្រះរាជអាជ្ញា​អំពី​ករណី​ខាងលើ​ និង ដោយមាន​ការ​សម្របសម្រួល​ពី​លោក តន់ សីហ​តេជ ព្រះរាជអាជ្ញា​អម​តុលាការ សាលាដំបូង​ខេត្តពោធិ៍សាត់​​ ក៏បាន​ឲ្យ​ជនរងគ្រោះ​ណាត់​ជួប​ជនសង្ស័យ​ទាំង​បី​នាក់​ដើម្បី​និយាយ​គ្នា។ ជនសង្ស័យ​ក៏បាន​បង្ហាញ​ខ្លួន​នៅ​ចំណុច​ខាងលើ ដោយ​កំហែង​យក​លុយ​ជនរងគ្រោះ​ចំនួន​៣០០​ដុល្លារ ទើប​យល់ព្រម​ជា​ថ្នូរ​នឹង​មិន​ធ្វើការ​ចុះផ្សាយ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ​៖ ក្រោយពេល​ជន​ទាំង​បី​ទទួល​លុយ​ពី​ជនរងគ្រោះ ឈ្មោះ កែវ សុង​ហេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​MDS រួចមក អាវុធ​ក៏​ទៅដល់​ទីនោះ ចាប់ខ្លួន​ជនសង្ស័យ​ទាំងបី ជាមួយ​វត្ថុតាង ​រួច​ធ្វើ​កំណត់ហេតុ​រឹបអូស​សម្ភារៈ​ជាប់​តាម​ខ្លួន​​រួម​ជាមួយ​មធ្យោបាយ​រថយន្ត​កាមរី​មួយ​គ្រឿង​នោះ បញ្ជូន​ទៅ​ទី​បញ្ជាការ ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ទៅ​តុលាការ ​ដោយ​ចោទ​ពី​បទ កំហែង​យក​។
អ្នក​យក​ព័ត៌មាន​កម្ពុ​ជា​ថ្មី​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ព្យាយាម​ទំនាក់​ទំនាក់ទំនង​ទៅ​ជនសង្ស័យ​ជា​អ្នក​សារព័ត៌មាន​ទាំង​បី​នោះ​ដែរ ដើម្បី​សុំ​ការ​បកស្រាយ​ ​ថា​តើ ​​ការចោទប្រកាន់​ខាង​លើ​នេះ ជា​ទង្វើ​ពិតប្រាកដ​ទេ តែ​យើង​មិន​មាន​ឥទ្ធិពល​ណា​ជួប​អ្នក​ទាំងបី​បាន​ឡើយ។ ទោះ​យ៉ាងណា​ក្ដី​អ្នក​ឆ្លងឆ្លើយ​កម្ពុជា​ថ្មី បាន​រក​វិធីសាស្ត្រ​ប្រមូល​ព័ត៌មាន​ពី​ជនសង្ស័យ​នោះ​បាន​មួយ​ចំនួន ពី​សំឡេង​ខ្សែអាត់​លើ​ប្រព័ន្ធ WhatsApp ដែល​គេ​អះអាង​ថា លោក​ជា​អគ្គនាយក មកពី​អង្គភាព សារព័ត៌មាន​MSJ TV ពី​រឿងរ៉ាវ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​បី​នៅ​សំឡេង​ដើម​របស់លោក​ទាំងស្រុង ដូច​ខាង​ក្រោម​។​


ក្រោយពេល​លោក​ទម្លាយ​សំឡេង​លោក​ផ្ទាល់​បញ្ចេញ​បង្ហោះ​តាម​ខ្សែអាត់​សំឡេង​ខាង​លើ​នេះ​កម្ពុជា​ថ្មី បន្ត​តាម​ប្រមាញ់​ពី​ករណី​​នេះ ​តាំង​ពី​ថ្ងៃ​ចាប់ខ្លួន​ជន​ទាំង​ខាងលើ​រហូតដល់​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នា​២០១៧ នេះ តែ​ត្រូវ​បាន​សាក្សី​ខាង​ប្រភព​ពី​ភាគី​ដើមបណ្ដឹង​ប្រាប់​ថា​ រហូតមកដល់​ពេលនេះ ពុំ​ទាន់​ឃើញ​ពី​មេ​អង្គភាព​សារព័ត៌មាន​ណា​ម្នាក់ មក​តវ៉ា​ ឬ​បំភ្លឺ​អះអាង ស្វែងរក​ផ្លូវច្បាប់​លើ​នីតិ​វិធី​ ឬ​មេធាវី ដើម្បី​ប្រឈម​គ្នា​ជាមួយ​តុលាការ​ក្នុង​ការធានា​អ្នក​ទាំងនោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ឬ​ផុត​ទោស​ទាន់​នេះឡើយ ព្រោះ​ខាង​ភាគី​ដើមបណ្ដឹង​មាន​ឯកសារ​គ្រប់គ្រាន់ រួម​ទាំង​មាន​សំឡេង​របស់​ជន​សង្ស័យ​កំហែង​យក​លុយ​ពី​គេ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114