ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​គយ​ចូលនិវត្តន៍​ម្នាក់ ​ត្រូវ​កូនប្រុស​តិរច្ឆាន​ជេរប្រមាថ​ និង​ទាញ​ពូថៅ​ចង់​កាប់​

​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ដែល​គេ​ស្គាល់​ថា​ជាម​ន្ដ្រី​គយ​ទើប​ចូល​និវត្តន៍​ថ្មីៗ ​ត្រូវបាន​កូនប្រុស​បង្កើត​របស់ខ្លួន​ដែល​មាន​ប្រពន្ធ​ និង​កូន​ទៅហើយនោះ ​ជេរប្រមាថ​នូវ​ពាក្យពេចន៍​អសុរោះ​ ឆ្កែ​ ឆ្មា​ និង​ទាញ​ពូថៅ​បម្រុង​ស្ទុះ​ចូលទៅ​កាប់​​ ដោយសារ​ខឹង​នឹង​ឪពុក​រូបនោះ​ទៅ​អង្គុយ​ផឹកស្រា​បៀរ​បន្តិចបន្តួច​ជាមួយ​អ្នកជិតខាង​​ ​ដែល​ធ្លាប់មាន​ទំនាស់​ជាមួយ​បុរស​ជា​កូន​នោះ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ​ថ្ងៃទី​០២ ​ខែមករា​ ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ឪពុក​ឈ្មោះ ហែម មុនី​រដ្ឋ អាយុ​៥៧​ឆ្នាំ អតីត​មន្ដ្រី​គយ​ទើបនឹង​ចូលនិវត្តន៍​ រស់នៅ​ផ្ទះជួល​ភូមិ​កើត​ហេតុ​ខាងលើ ឯ​បុរស​ជា​កូន​ឈ្មោះ ហែម ពន្លឺ​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​លក់​ចាប់ហួយ​ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ​ជាមួយគ្នា។​

តាម​ប្រភពព័ត៌មាន​ពី​ឪពុក ឈ្មោះ ហែម មុនី​រដ្ឋ​ បាន​និយាយថា​ មុនពេល​កើ​ត​ហេតុ ម្ចាស់ផ្ទះ​ដែល​មាន​ទំនាស់​ជាមួយ​កូន​របស់​ខ្លួន​​នោះ បាន​ហៅ​គាត់​ឲ្យ​ទៅ​អង្គុយលេង ​និង​បាន​ប្រើ​រូបគាត់​ឲ្យ​ទៅ​ទិញ​ស្រា​បៀរ​កន្លះ​កេស​ដើម្បី​មក​ហូប​ជជែក​គ្នា​បណ្ដើរ​ផង ​ហើយ​ខ្លួនក៏​បាន​ទៅ​ទិញ​ស្រា​របស់​កូន​ខ្លួនឯង​នៅក្បែរនោះ​តែម្ដង។​

ខណៈ​​កំពុង​អង្គុយ​ផឹក​បណ្ដើរ​ ជជែក​គ្នា​លេង​ពីនេះ​ពី​នោះ​បណ្ដើរ​ ស្រាប់តែ​កូនប្រុស​របស់ខ្លួន ​ដែល​ធ្លាប់​មានទំនាស់​ជាមួយ​ម្ចាស់ផ្ទះ​ដែលខ្លួនអង្គុយ​ផឹកស្រា​បៀរ​ជាមួយ​នោះ បាន​និយាយ​ឌឺដង​ទៅលើ​​ខ្លួន​ថា​ អា​ឆ្កែ អា​ថោក ឯង​គ្មាន​កន្លែង​ផឹក​ទេ​ឬ​ ទើបបានជា​មក​ផឹក​នៅ​កន្លែង​នឹង។​

ប្រភពពី​ឪពុក​បាន​បន្ដទៀត​ថា បន្ទាប់មក​កូន​របស់គាត់​បាន​យក​ពូថៅ​បម្រុង​ស្ទុះ​មក​កាប់​គាត់​ទៀត​ផង​ ហើយ​គាត់​ដើរទៅ​ឲ្យ​កូន​របស់ខ្លួន​កាប់​ថា​ តើ​គេ​ហ៊ាន​លើកដៃ​កាប់​មែន​ឬ​យ៉ាងណា ​ហើយ​ពេល​នោះ​សូម្បីតែ​ចៅ​របស់គាត់​អាយុ​ជាង​១០​ឆ្នាំ​ទៅហើយនោះ​ក៏​ហាក់​មិន​ស្គាល់​ថា ​គាត់​ជា​ជីតា​របស់គេ​ដែរ ប៉ុន្តែ​កូនប្រុស​របស់គាត់​មិនបាន​កាប់​ទៅលើ​រូបគាត់​ទេ​ ដោយសារ​ពេលនោះ​មាន​ការ​អន្តរាគមន៍​ពី​អ្នក​ជិតខាង​ និង​សមត្ថកិច្ច​ប្រជា​ការពារ​ភូមិ​បានមក​ជួយ​ឃាត់​ទាន់ពេលវេលា​។​

អ្នករស់នៅ​ជិតខាង​បាន​រិះគន់ថា​ ក្នុងនាម​យើង​ជា​កូន ​មិនត្រូវ​ជេរប្រមាថ​ឪពុក​ខ្លួន​ដល់​ថ្នាក់​នឹង​ទេ​ ហើយ​ក៏​រឹត​តែ​មិនត្រូវ​ទៀត​ ដែល​យក​ពូថៅ​បម្រុង​ទៅ​កាប់​គាត់​បែប​នេះនោះ​ ទោះបី​គាត់​ហូប​ស្រា​បៀរ​ជាមួយ​អ្នកណា​ក៏ដោយ​ចុះ ​ព្រោះ​គាត់​រាប់អាន​គ្នា​របៀប​ចាស់ៗ​នៅ​ភូមិ​ផង​របង​ជាមួយគ្នា​យើង​មិនត្រូវ​ប្រកាន់​ចិត្ត​ខឹង​ដល់​ថ្នាក់​នឹង​ទេ ​បើ​មិន​បានធ្វើ​បុណ្យទាន​ជូន​គាត់​ទេ ​កុំ​បង្ក​ឲ្យ​រឹត​តែមាន​បាបកម្ម​កាន់តែ​ធ្ងន់​ថែមទៀត​នោះ​ ព្រោះ​ឪពុកម្ដាយ​ជា​អ្នកមានគុណ​ដ៏​លើសលប់​មិនអាច​នឹង​តប​ស្នង​សងគុណ​គាត់​អស់​នោះទេ​។ តែ​ទោះជា​យ៉ាងណា​ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​មក​សម្រប​សម្រួល​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​លើ​គ្នា​បែបនេះ​តទៅទៀត និង​បាន​បញ្ចប់​ទៅ​ដោយ​ពុំ​មាន​ការ​ប្ដឹង​ផ្ដល់​អ្វី​ទេ៕

 

 




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114