ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ដើម​ភាគតិច​ព្រៅ​បង្ហាញ​ពិធីសែន​ព្រេន​(​ស្រូវ​ឡើង​ជង្រុក​)

ស្ទឹងត្រែង ៖ ជនជាតិ​ព្រៅ​នៅ​ភូមិ​កា​រតូត ឃុំ​កំភុន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង នាំគ្នា​រៀបចំ​ពិធីសែន​ព្រេន​ហៅថា​(​ស្រូវ​ឡើង​ជង្រុក​) បង្ហាញ​ពី​ការ​អភិរក្ស​ប្រពៃណី​របស់ខ្លួន ទោះបី​បច្ចុប្បន្ន​ការរស់នៅ​របស់​ពួកគាត់ ​ទំនៀម​ទម្លាប់​មួយ​ចំនួន ត្រូវ​បាន​ផ្លាស់ប្ដូរ​និង​កែប្រែ​ខ្លះៗ ទៅ​ហើយ​ក៏ដោយ​។

លោក ​នង ប៊ុន​អាយុ​៨៩​ឆ្នាំ​ជនជាតិ​ព្រៅ​បាន​បញ្ជាក់​ថា ពិធីសែនព្រេន​បងប្អូន​ជនជាតិ​ធ្វើឡើង​ក្នុង​មួយ​ឆ្នាំ​២​ដង​-​ទីមួយ​នៅមុន​ពេល​រដូវ​បង្កបង្កើនផល ដើម្បី​សុំ​ឲ្យ​ចម្រុងចម្រើន​បាន​ភោគផល​ច្រើន​-​ទី​២​នៅ​ពេល​ប្រមូល​ផល​ស្រូវ​ដាក់​ជង្រុក​អស់ ដើម្បី​បញ្ជាក់​នៅ​ការ​ដឹងគុណ ចំពោះ​ភោគផល​ស្រូវ និង​ថែរក្សា​ក្រៅពី​ទុក​ពូជ ត្រូវ​ទុក​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់ ចៀសវាង​ខ្ជីខ្ជា​ខ្វះខាត ទៅ​ខ្ចីបុល​គេ​នាំ​ឲ្យ​គ្រួសារ​មាន​កង្វល់​។​

លោក​លើក​ឡើងថា ភោគផល​ដែល​ប្រមូល​បាន ជនជាតិ​មិន​ធ្លាប់​យក​ទៅ​លក់ដូរ នៅមុន​ពេល​ធ្វើ​ការងារ​បង្កបង្កើនផល​ទេ គឺ​ទុក​ឲ្យ​កូនចៅ​ដាំ​ដុះ​គ្រប់គ្រាន់ ទើប​អាច​លក់ដូរ​និង​ចែកចាយ ទៅ​កន្លែង​ផ្សេងៗ​ទៀត​បាន យក​ពី​ដើម​ហ្នឹង​បែនស្រូវ​ហើយ ត្រូវ​សែនព្រេន​អី​ឲ្យ​ព្រលឹង​ស្រូវ នឹង​វា​គង់វង្ស​ដូច​ខ្មែរ​យើង​ថា​ទុក​កុំ​ខ្ជះខ្ជាយ​ទៅ​ណា បាន​ផល​មក​ហើយ ។

លោក ទាង ប៊ុន​ណាត​ តំណាង​ឲ្យ​បងប្អូន​ជនជាតិ​នៅ​ភូមិ​កាត​តូ​ត​នេះ​ បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា​៖​ទម្លាប់​នេះ​បងប្អូន​ជនជាតិ បាន​ធ្វើ​ឡើង​នេះ​មានបំណង​ឲ្យ​គ្រួសារ​អ្នកភូមិ ចេះ​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ផង​និង​នាំគ្នា​រក្សា​ប្រពៃណី ដែល​មាន​តាំង​ពីដើម​តរៀងមក។

លោក​បញ្ជាក់​ថា ដូនតា​នាំ​កូនចៅ​សែនព្រេន​ស្រូវ​ឡើង​ជង្រុក​នេះ បង្ហាញ​ពី​ភោគផល​ទទួល​បាន​និង​បញ្ជូន​ភាគ​ផល លា​មាត់​លា​ក​ក្នុង​ពី​ធី​បន់ស្រន់ កាល​ពីដើមឆ្នាំ​ឲ្យ​បាន​ទៅដល់ អារក្ស​អ្នកតា​ភ្នំ នៅ​តាម​ស្រែចម្ការ​រួចហើយ មក​ជួប​ជុំគ្នា​សប្បាយ​ក្នុង​ភូមិ​មួយ​ឆ្នាំ​ម្តង អញ្ចឹង​បាន​ថា​ប្រពៃណី​ខាង​កាតូត​នេះ ពី​ដូនតា​ពី​ដើម​គេ​សែន​ពេល​ស្រូវ​ឡើង​ជង្រុក​អញ្ចឹង ហើយ​រាល់​ឆ្នាំ​កាលណា​បង្កបង្កើនផល​បាន នាំ​ស្រូវ​ដល់​ជង្រុក​ហើយ​គេ​ចាប់ផ្ដើម​សែន អញ្ចឹង​ទេ​កាល​ដំបូង កាលពី​ដូនតា​ពី​ដើម គេ​សែន​តាម​គ្រួសារ​ហើយ គេ​មក​ហូប​ស្រា​រួម នៅ​ក្នុង​ភូមិ​កណ្ដាល​ភូមិ។

លោក​ វាន់ ​វែង ​ប្រធាន​គណៈកម្មការ​សហគមន៍​ជនជាតិ​ព្រៅ​បាន​បញ្ជាក់​ថា ទាំងនេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​កត្តា​សាមគ្គីភាព​គ្នា​ផង​ដែរ នៅ​ក្រោយពី​ពេល​បញ្ជាប់​ការងារ ធ្វើស្រែ​ចម្ការ​ហើយ​បងប្អូន​ជនជាតិ មានឱកាស​បាន​ជួបជុំគ្នា ផ្តល់​ដំបូន្មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​កែប្រែ​ជីវភាព​រស់នៅ ឲ្យ​បាន​ប្រសើរ​ឡើង​ថែមទៀត។

លោក​ថា បងប្អូន​ជនជាតិ​ធ្វើ​អ្វីៗ​ក៏បាន​គិត​ពី​សេចក្តី​សុខ​ចំរើន​ដូចគ្នា​ដែរ ហើយ​ការរស់នៅ​បច្ចុប្បន្ន​ពួកគាត់​គិត​ពី​បញ្ហា​សុខ​ភាពជា​ចម្បង​ក្នុង​សេចក្តីសុខ​សេចក្ដីចម្រើន និង​ជា​ការ​ធម្មតា ទោះបី​មាន​ការ​ឈឺ​ស្កាត់​ធ្ងន់ធ្ងរ គឺ​មិន​អាច​ជៀស​ផុត​ពី​មណ្ឌល​សុខភាព​ដូចគ្នា ទៅ​ពេទ្យ​ទៅ​ម៉ ដូចជា​ឆ្លងទន្លេ​អី សម្រាលកូន​អី សុទ្ធតែ​ទៅ​មណ្ឌល​សុខភាព​ទាំងអស់។

លោក​មៀច​អ៊ាង​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​បាន​បញ្ជាក់​ថា ការ​យល់​ដឹង​របស់​បង​ប្អូន​ជនជាតិ​នេះ ពិតជា​បាន​រួម​ចំណែក​លើក​កម្ពស់ សុវត្ថិភាព​រស់នៅ​ក្នុង​គ្រូ​សារ ហើយ​ការ​សែនព្រេន​របស់​ពួកគាត់ ក៏​អាច​ផ្ទេរ​ចំណេះដឹង​នេះ ឲ្យ​ទៅ​កូនចៅ​ជំនាន់​ក្រោយៗ ចេះ​ថែរក្សា​នូវ​ប្រពៃណី​កុំ​ឲ្យ​បាត់បង់ តាម​បែប​ព្រហ្មមញ្ញ​សាសនា និង​អាច​ចាត់ទុកជា​ការដឹងគុណ ដល់​ផល​ស្រូវ​ដែល​បាន​ជួយ​ចិញ្ចឹមជីវិត​ផង​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​បងប្អូន​ជនជាតិ​ព្រៅ​មាន​៨២ គ្រួសារ ស្មើ​និង ៣៣៧ នាក់ ក្នុង​នោះ​ស្រី​១៦៨​នាក់​ការរស់នៅ ប្រកបរបរ ដាំ​ដំណាំ​ចម្ការ ពនេចរ​ហើយ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ភូមិ​កា​រតូត​នេះ​តាំងពី​ឆ្នាំ ១៩៦២​មក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684