ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត ក្រុង​ប៉ោយប៉ែត ត្រូវ​មន្ទីរ​សុខាភិបាល​ស្នើ​រដ្ឋមន្ត្រី ផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន​

​បន្ទាយមានជ័យ ៖ លោក កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ស្នើ​រួច​ហើយ​ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​ការ​ពិចារណា ផ្អាក​បណ្ដោះអាសន្ន​លើ​ដំណើរ​ការ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត ដែល​ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមាន​ជ័យ បន្ទាប់ពី​បាន​ប្រើ​ថ្នាំ​ព្យាបាល​មិន​ត្រឹមត្រូវ​ទៅលើ​អ្នក​ជំងឺ​ដែល​ត្រូវ​ពស់​ចឹក បណ្តាល​ឲ្យ​ស្លាប់ ហើយ​មិន​ទទួលខុសត្រូវ។



លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការស្នើ​សុំ​ពិចារណា​ការ​ផ្អាក​បណ្ដោះអាសន្ន​លើ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត ខាងលើ គឺធ្វើឡើង​ទៅតាម​នីតិវិធី ដើម្បី​ឲ្យ​ខាង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព ដែល​មាន​ឈ្មោះ ឈុំ ម៉ុង​ឆេង ធ្វើការ​ទូទាត់​សំណង​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ។

ក្នុងការ​ស្នើ​សុំ​នេះ លោក​បានធ្វើ​របាយការណ៍​អស់​ហើយពី​ការប្រើប្រាស់​ថ្នាំ ដែល​ពេទ្យ​នៅ​ទីនោះ ព្យាបាល​មិន​ត្រឹមត្រូវ​ ដែល​វា​ជា​កំហុស​ពេទ្យ។

ការស្នើ​សុំ​ផ្អាក បានធ្វើ​ឡើង​កាលពី​ចុងឆ្នាំ​២០១៦ ហើយ​រហូតមកដល់​ពេល​នេះ ក្រសួង​មិនទាន់​មាន​ចំណាត់​ការ​នៅឡើយ​ទេ។



គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ត្រី​ជា​អ្នក​ប្រកប​របរ​លក់​ពស់​ម្នាក់​ ឈ្មោះ ម៉ា សុធា មាន​ទីលំនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ពស់វែកក្របី​ចឹក​ម្រាមដៃ នៅ​វេលា​ម៉ោង​៤​រសៀល ហើយ​ក៏បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ នៅ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត ក្រុង​ប៉ោយប៉ែត រហូតដល់​យប់​ជ្រៅ​បន្តិច ​ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទោះបីជា​សុំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ ក៏​មិន​ត្រូវបាន​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត អនុញ្ញាត​ឲ្យ​ទៅ រហូត​ដល់​ធ្ងន់ធ្ងរ​និយាយ​ និង​កម្រើក​លែងកើត​ ទើប​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​រដ្ឋ តែ​ជនរងគ្រោះ​ត្រូវ​បាន​ស្លាប់​មុន​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ។

ក្នុង​ហេតុការណ៍​នេះ​ផងដែរ ក្រុមគ្រួសារ​ជនរងគ្រោះ នៅ​យប់​ថ្ងៃកើតហេតុ​បាននាំគ្នា​ទៅប្តឹង​អធិការ​ក្រុង​ប៉ោយប៉ែត ដើម្បី​មាន​វិធានការ​លើ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត ខាងលើ​ រហូត​មក​ដល់​ពេលនេះ ​ក្រៅពី​នគរបាល និង​ស្ថាប័ន​សុខាភិបាល ដែល​បាន​ចាត់ការ​រឿង​នេះ នៅ​ពុំ​ទាន់​ឃើញ​មាន​ស្ថាប័ន​យុត្តិធម៌ និង​ក្រសួងសុខាភិបាល ចាត់ការ​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត​នេះ​ឡើយ ទោះបីជា​ខាង​មន្ទីរ​សុខាភិបាល​បាន​អះអាង​ថា វា​ជា​កំហុស​ខាង​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​រក​យុត្តិធម៌​យ៉ាង​ណា​ក៏ដោយ។

តែ​ទោះជា​យ៉ាងនេះ​ក្តី មកដល់ពេលនេះ ​មន្ទីរ​សម្រាក​ព្យាបាល​-​សម្ភព ខាងលើ ​នៅតែ​បើក​ដំណើរការ​បាន​យ៉ាង​រលូន​ដដែល។

លោក កែវ សុ​ភ័​ក្ត្រា បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០១៦​កន្លងទៅនេះ មាន​ករណី​ពស់​ចឹក​ចំនួន​៤០២​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ ដោយមាន​អ្នកស្លាប់​តែ​២​នាក់​ទេ ដែលមាន​ការយឺតយ៉ាវ​ក្នុងការ​មករក​សេវា​ព្យាបាល​របស់​រដ្ឋ ដោយ​ទុក​ព្យាបាល​តាមរយៈ​គ្រូ​ខ្មែរ ត្រូវបាន​ស្លាប់​មុនពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ។

លោក​ក៏បាន​សំណូមពរ​ផងដែរ សូម​ឲ្យ​អ្នក​ដែល​រងគ្រោះ​ដោយសារ​ពស់​ចឹក ធ្វើយ៉ាងណា​រត់​មករក​សេវា​របស់​រដ្ឋ ដូចជា​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក ឲ្យ​បាន​ទាន់ពេល ព្រោះ​មន្ទីរ​ពេទ្យ​រដ្ឋ​មាន​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់​នា​ពេល​បច្ចុប្បន្ន៕

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114