ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សួន សេរី​រដ្ឋា​ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​បង់​លុយ​ម្នាក់​៣៥០​ដុល្លារ​

​ភ្នំពេញ ​៖ លោក សួន សេរី​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧​នេះ​ថា លោក​បានទទួល​ទូរស័ព្ទ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយ​មាន​ជ័យ សួរ​លោក​ថា “​តើ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ​-​សង្កាត់ របស់​គណបក្ស​អំណាច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរឈ្មោះ​ឬទេ?

ពួកគាត់​បន្តថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ គេ​តម្រូវ​ឲ្យ​អ្នក​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បង់លុយ​ម្នាក់​៣៥០​ដុល្លារ ទើប​អាច​ឈរ​ឈ្មោះ​បាន​”​។​

លោក​ឆ្លើយ​ប្រាប់​ពួកគាត់​ថា គណបក្ស​អំណាច​ខ្មែរ​មិនមាន​គោលការណ៍​តម្រូវ​ឲ្យ​អ្នក​ចង់​ឈរឈ្មោះ​បង់លុយ​ថ្លៃ​ឈរឈ្មោះ​ទេ និង​មិនថាតែ​បេក្ខជន​សម្រាប់​ឃុំ​-​សង្កាត់​ទេ សូម្បី​បេក្ខជន​សមាជិកសភា តំណាង​ពលរដ្ឋ​ក្នុង​សភាជាតិ ក៏​មិន​លក់​លេខរៀង​យកលុយ​ពី​បេក្ខជន​ដែរ មានតែ​អ្នក​ជួយ​គាំទ្រ គណបក្ស​អំណាច​ខ្មែរ ពី​ក្រៅប្រទេស​គេ​ជួយ​ថែមទៀត បើ​បេក្ខជន​នោះ​សកម្ម មាន​ប្រជាប្រិយ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ក្នុង​មណ្ឌល​។​

លោក​បាន​បញ្ជាក់ថា “​បើ​បេក្ខជន ឃុំ​-​សង្កាត់ ម្នាក់​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរ​ឈ្មោះ និង​លក់​លេខ​រៀង​ថ្លៃ​រហូតដល់​ទៅ​៣៥០​ដុល្លារ ហើយ​បេក្ខជន​សភា តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ឈរឈ្មោះ និង​លក់​លេខ​រៀង​ថ្លៃ​រហូត​៥ ទៅ​៦​ម៉ឺន​ដុល្លារ​បែបនេះ តើ​គណបក្ស​នោះ ជា​គណបក្ស​ចោរប្លន់​មែន​ទេ​?

មេដឹកនាំ​គេ​មាន​ជាតិ​នៅ​ពីលើ​ក្បាល ឬ​លុយ​នៅ​ពីលើ​ក្បាល? ហើយ​កន្លងមក បេក្ខជន​ដែល​ឈរ​ឈ្មោះ ជាប់​ឈ្មោះ​នោះ គឺ​សុទ្ធតែ​អ្នកយក​លុយ​ទៅ​ទិញ​លេខ​រៀង​ឈរឈ្មោះ​ទាំងអស់ បែប​ហ្នឹង​ហើយ​ បានជា​កំសាក​ល្ងង់ ហើយ​អសមត្ថភាព​”៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114