ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងពាណិជ្ជកម្ម​ អំពា​វ​នាវ​ដល់​ផលិតករ ឬ​អ្នក​នាំចេញ​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ ទៅ​លក់​ប្រទេស​វៀតណាម ​រួសរាន់​ទៅ​ដាក់ពាក្យ​ស្នើសុំ​

​ភ្នំពេញ ​៖​ ក្រសួងពាណិជ្ជកម្ម​ កាល​ពី ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧​ បានចេញ​សេចក្ដីប្រកាស អំពាវនាវ​ដល់​ផលិ​ត​ករ ឬ​អ្នក​នាំចេញ​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ ទៅ​លក់​ប្រទេស​វៀតណាម ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សូន្យ​ភាគរយ ​រួសរាន់​ទៅ​ដាក់ពាក្យ​ស្នើសុំ នៅ​នាយកដ្ឋាន​នាំចេញ​-​នាំ​ចូល នៃ​ក្រសួងពាណិជ្ជកម្ម​។​

សេចក្ដីប្រកាស​នោះ​បញ្ជាក់​ថា ក្រោម​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិ​បាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​នូវ​មុខទំនិញ​ចំនួន​៣៩​បន្ទាត់​ពន្ធ ពី​ប្រទេស​វៀតណាម សម្រាប់​អនុវត្តន៍​ឆ្នាំ២០១៧​។

​ជាមួយគ្នានេះដែរ​ ក្រសួង​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ផលិតករ ឬ​អ្នក​នាំចេញ ដែល​បាននិងកំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​មុខទំនិញ​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ មេត្តា​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រសួង​ពាណិជ្ជកម្ម (​នាយកដ្ឋាន​នាំចេញ​-​នាំចូល​) រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៧​។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​ កន្លងមកនេះ​ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម (​កម្ពុជា​) បាន​ចុះហត្ថលេខា​ជាមួយ លោក ត្រាន ទួន​អា​ញ (Tran Tuan Anh) ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម (​វៀតណាម​) លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

ពិធី​ចុះហត្ថលេខា​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់ ​នៃ​ប្រទេស​ទាំងពីរ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី ចៅ​ផៅ​យ៉ា​មេគង្គ (ACMECS) លើក​ទី​៧ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង វៀតណាម (CLMV) លើក​ទី​៨ ព្រមទាំង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)​ ស្ដីពី​តំបន់​មេគង្គ​។​

​យោងតាម​ខ្លឹមសារ ​នៃ​កិច្ច​សម្របសម្រួល​បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា ​យល់ព្រម​ផ្តល់​ភាពអនុគ្រោះ​ពន្ធ ០% (​សូន្យ​ភាគរយ​) នូវ​មុខទំនិញ​ចំនួន​២៩​បន្ទាត់​ពន្ធ ដល់​ភាគី​វៀតណាម ហើយ​ភាគី​វៀតណាម យល់​ព្រម​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​០% (​សូន្យ​ភាគរយ​) នូវ​មុខ​ទំនិញ​ចំនួន​៣៩​បន្ទាត់​ពន្ធ ដល់​ភាគី​កម្ពុជា​វិញ ដោយ​រួមបញ្ចូល​មុខទំនិញ​អង្ករ​ចំនួន​៣០០​ពាន់​តោន រៀងរាល់​ឆ្នាំ និង​សន្លឹក​ថ្នាំជក់​ស្ងួត​ចំនួន​៣​ពាន់​តោន សម្រាប់​ឆ្នាំ​២០១៦-២០១៧៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114