ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ ពីបទ​ឆបោក​ប្រាក់​បញ្ញើ​ពី​ប្រទេស​ថៃ​រាប់​លាន​បាត​

បាត់ដំបង ៖ ស្ត្រី​ម្នាក់ ​ដែលជា​ភ្នាក់ងារ​វី​ង​វេរ​លុយ​ដ៏​ធំជាងគេ​ប្រចាំ​ស្រុក​មោងឬស្សី​ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​ឃាត់ខ្លួន តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា បន្ទាប់​ពី​ស្ត្រី​រូបនេះ​បាន​ឆបោក និង​ស៊ី​ឡាក់​ប្រាក់​រាប់លាន​បាត​ ដែល​ពលករ​ខ្មែរ​ផ្ញើ​ពី​ប្រទេស​ថៃ​មក​ឲ្យ​ក្រុមគ្រួសារ​នៅ​ឯ​ស្រុកកំណើត។​

​លោក គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឬស្សី​បាន​បញ្ជាក់ថា បន្ទាប់ពី​លោក​ទទួល​បាន​នូវ​បទ​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា នួន សាន រួចមក នៅវេលា​ម៉ោង​៨និង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ លោក​បាន​ចាត់​កម្លាំង​ចុះទៅ​កាន់​ទីតាំង​វី​ង​វេរ​លុយ​មួយកន្លែង យីហោ ចំរើន សុ​ម៉ាលី ដែល​ស្ថិត​ក្នុងភូមិ​ពោធិ​១ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជា​ម្ចាស់ផ្ទះ​វី​ង​វេរ​លុយ​ឈ្មោះ ជា សុ​ម៉ាលី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ/ឃុំ ខាងលើ​ដែល​ពាក់ព័ន្ធ​ពី​បទ​ឆបោក។​

តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​មក​ទាមទារ​សុំ​បើក​លុយ​របស់ខ្លួន​ដែល​កូន​បាន​ផ្ញើ​មកពី​ប្រទេស​ថៃ​បាន​និយាយថា មិនមែន​មានតែ​រូបគាត់​ម្នាក់​ប៉ុណ្ណោះ​ទេ​ គឺមាន​មនុស្ស​ជាច្រើន​ដែល​ត្រូវ​ស្ត្រី​រូបនេះ​មិន​ព្រម​បើក​លុយ​ឲ្យ ខណៈ​ត្រូវបាន​កូនចៅ ឬ​សាច់ញាតិ​ផ្ញើ​មកពី​ប្រទេស​ថៃ។​

​ប្រភព​ដដែល​បាន​បន្តថា នេះ ​គឺ​មិនមែន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វី​ង​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ទីតាំង​វេរ​លុយ​ពី​ប្រទេស​ថៃ​នេះ មាន​បើក​មុខរបរ​វី​ង​វេរ​លុយ​នេះ​នៅ​ជាមួយ ដូច្នេះ​ហើយ​បានជា​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​វី​ង​នេះ ហើយ​បើ​សរុប​ជា​ទឹកប្រាក់​ដែល​ស្ត្រី​នេះ​មិនបាន​បើក​ឲ្យ​អតិថិជន​ គឺមាន​ចំនួន​រាប់​លាន​បាត។​

​ដោយសារ​តែមាន​ការដាក់​ពាក្យ​ប្តឹង​បែបនេះហើយ ទើប​លោក​ព្រះរាជអាជ្ញា​ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​នេះ​តែម្តង ពីបទ​ឆបោក ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ក្នុង​ការ​សាកសួរ​ឡើងវិញ​ទៅតាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114