ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ស៊ី​រី​ ដែលមាន​គម្រោង​វាយប្រហារ​ដោយ​រថយន្ត​ក្នុងប្រទេស​អាល្លឺម៉ង់​ ត្រូវ​ចាប់ខ្លួន​

ការិយាល័យ​ព្រះរាជអាជ្ញា​រដ្ឋ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ជន​អន្តោប្រវេសន៍​ស៊ី​រី​ម្នាក់​ ដែល​បាន​មកដល់​ប្រទេស​អាល្លឺម៉ង់​កាលពី​ពីរ​ឆ្នាំមុន ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យថា ​បាន​ស្វែងរក​មូល​និធិ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ក្នុង​ហ្វូងមនុស្ស​។​

​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការវាយប្រហារ​មួយ​កាលពី​ពីរ​សប្ដាហ៍​មុន​នៅពេលដែល​បុរស​ទុយ​នេ​ស៊ី​ម្នា​ក់បាន​បើករថយន្ត​ដឹកទំនិញ​បុក​រះ​ចូលក្នុង​ទីផ្សារ​លក់​ផលិតផល​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​ ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១២​នាក់​។

ក្រោយមក បុរស​ម្នាក់​នោះ​ដែលមាន​ឈ្មោះ Anis Amri វ័យ​២៤​ឆ្នាំ ​គឺ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​អ៊ីតាលី​។​

ក្នុងករណី​ចុងក្រោយ​បំផុត​នេះ ព្រះរាជអាជ្ញា​នៅក្នុង​ទីក្រុង​ភាគ​ខាងលិច Saarbruecken បាន​និយាយ​ថា បុរស​ស៊ី​រី​វ័យ​៣៨​ឆ្នាំ​ម្នាក់​ ត្រូវបាន​ឃុំខ្លួន​នៅ​ថ្ងៃ​សៅរ៍​ហើយ​ដីកាចាប់ខ្លួន​ជា​ផ្លូវការ​មួយ​ត្រូវ​បាន​ចេញ​កាលពី​ថ្ងៃអាទិត្យ​ពីបទ​សង្ស័យថា គាត់​បាន​ព្យាយាម​រកប្រាក់​១៨០,០០០​អឺរ៉ូ (១៨៩,០០០ ដុល្លារ​អាមេរិក​) ដើម្បី​ផ្តល់​មូលនិធិ​សម្រាប់​ការវាយប្រហារ​។​

ព្រះរាជអាជ្ញា Christoph Rebmann បាន​និយាយថា បុរស​ម្នាក់​នោះ​ដែល​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​ត្រូវ​បាន​គេ​សង្ស័យថា​ បាន​ស្វែងរក​ប្រាក់​ពី​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ទិញ​រថយន្ត​ដឹក​ទំនិញ​ពី​បី​គ្រឿង​ និង​ផ្ទុក​គ្រឿងផ្ទុះ​ទម្ងន់​៤០០-៥០០​គីឡូក្រាម​ក្នុង​រថយន្ត​នីមួយៗ​។​

លោក Rebmann បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​គាត់​ត្រូវបាន​គេ​សង្ស័យថា​បាន ស្នើសុំ​ប្រាក់​១៨០,០០០​អឺរ៉ូ​ពី​មនុស្ស​មាន​ទំនាក់ទំនង​ម្នាក់​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ឲ្យ​គាត់​អាច​ទទួលបាន​នូវ​រថយន្ត​ដើម្បី​ផ្ទុក​គ្រឿងផ្ទុះ​ និង​បើកចូលទៅ​បំផ្ទុះ​ក្នុង​ហ្វូងមនុស្ស​”​។​

គួរ​បញ្ជាក់ថា ជនជាតិ​ស៊ី​រី​រូបនេះ​ គឺ​មកពី​ទីក្រុង Raqqa ដែលជា​បន្ទាយ​សំខាន់​មួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​នេះ​។

ការិយាល័យ​ព្រះរាជអាជ្ញា​នៅក្នុង​ទីក្រុង Saarbruecken នៅ​ជិត​ព្រំដែន​ប្រទេស​បារាំង​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​សកម្មភាព​របស់គាត់​ដោយ​ការិយាល័យ​បទល្មើស​សហព័ន្ធ BKA។​

គាត់​បាន​មកដល់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ មុនពេល​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង​១.១​លាន​នាក់ ​បានមកពី​មជ្ឈិម​ប្រទេស អាហ្វ្រិក ​និង​អាស៊ី​ក្នុង​ឆ្នាំ​២០១៥​។

គាត់​ត្រូវ​បានផ្តល់​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១២​ ខែមករា ​ឆ្នាំ​២០១៥៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114