ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ពជើងទឹក​ចិន​ អះអាង​ពី​ការធ្វើ​សមយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

កងទ័ពជើងទឹក​បាន​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​របស់​ប្រទេស​ចិន​ បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ប្រទេសជិតខាង ​គឺ​តៃវ៉ាន់​បានលើកឡើង​ថា នាវា​នេះ ​និង​នាវា​អម​ដំណើរ ​បាន​ឆ្លងកាត់​ចម្ងាយ​៩០​ម៉ា​យ​ភាគខាងត្បូង​ នៃ​កោះ​នេះ​ចំពេល​មាន​ភាព​តានតឹង​ជាថ្មី​រវាង​ភាគី​ទាំងពីរ​។​

​នាវា​ផ្ទុក​យន្តហោះ Liaoning ដែល​កសាងឡើង​ក្នុងសម័យ​សូ​វៀត​ និង​នាវា​អមដំណើរ​បានធ្វើ​ដំណើរ​ជិត​ឆ្នេរ​ភាគ​ខាងកើត ​នៃ​កោះ​តៃវ៉ាន់​នៅក្នុង​អ្វីដែល​ប្រទេស​ចិន​បាន​ហៅថា​ជាការ​ធ្វើ​លំ​ហាត់​ជា​ទម្លាប់​ដោយ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ​។​
​ស្របពេល​ជាមួយគ្នា​នោះ កងទ័ពជើងទឹក​បាន​លើកឡើង​នៅក្នុង microblog ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ​ថា យន្តហោះ​ប្រយុទ្ធ J-15 របស់​នាវា​នេះ​បានធ្វើ​លំ​ហាត់​ហោះហើរ​លើ​សមុទ្រ​កាលពី​ថ្ងៃ​ចន្ទ​។

វា​បន្តថា នាវា​ផ្ទុក​យន្តហោះ​ក៏បាន​ធ្វើ​លំ​ហាត់​ឧទ្ធម្ភាគចក្រ​ផងដែរ​ ប៉ុន្តែ​មិនបាន​ផ្តល់​សេចក្តីលម្អិត​អំពី​ទីតាំង​ច្បាស់លាស់​។​

ប្រទេស​ចិន​ បានទាមទារ​ភាគច្រើន ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ទទួលបាន​ចំណូល​៥​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការធ្វើ​ពាណិជ្ជកម្ម​នាវា​ឆ្លងកាត់​ជា​រៀងរាល់ឆ្នាំ​។ ប្រទេសជិតខាង​នានា​ដូចជា​ ប្រ៊ុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់​ និង​វៀតណាម​ ក៏បាន​ទាមទារ​ផងដែរ​។​

ការធ្វើ​សមយុទ្ធ​នេះ​ក៏បាន​កើតឡើង​ផងដែរ​ចំពេល​មាន​សម្ពាធ​កាន់តែខ្លាំង​ជាមួយ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដែល​ក្រុង​ប៉េកាំង​បាន​អះអាងថា​ ជា​របស់ខ្លួន​បន្ទាប់ពី​មាន​ការហៅ​ទូរស័ព្ទ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​ លោក Donald Trump ជាមួយ​ប្រធានាធិបតី​របស់​កោះ​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​មានការ​អាក់អន់ស្រពន់ចិត្ត​។​

កាលពី​ខែ​មុន ចិន ​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិតជា​លើកដំបូង​មិន​ធ្លាប់មាន​ពីមុនមក​ ដោយ​ប្រើ​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​នៅ​ជិត​ប្រទេស​កូរ៉េ ​និង​បានប្រកាស​កាលពី​ថ្ងៃទី​២៥ ​ខែធ្នូ​ថា នាវា​ផ្ទុក​យន្តហោះ Liaoning និង​កង​នាវា​អម​របស់ខ្លួន​ និង​ធ្វើ​អ្វីដែល​ខ្លួន​ហៅថា​ជាការ​ធ្វើ​សមយុទ្ធ​ជា​ទម្លាប់​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​៕