ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ត្រាំ ៖ មី​ស៊ី​ល ​របស់​កូរ៉េខាងជើង​ គ្មាន​សមត្ថភាព​ឈាន​ដល់​អាមេរិក​ទេ​

ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូ​ណា​ល់​ត្រាំ​ បាន​បង្ហោះ Twitter ជាថ្មី​ម្តងទៀត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម្បី​បង្ហាញ​ថា កូរ៉េខាងជើង ​នឹង​មិន​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ​ឲ្យ​ឈាន​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ឡើយ​។​

ការអត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​ លោក​ គីម​ ជុង​អ៊ុន​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​លោក​ត្រាំ​ ដោយ​ប្រកាស​ថា ប្រទេស​របស់លោក ​គឺ​ស្ថិតនៅក្នុង “​ដំណាក់​កាល​ចុងក្រោយ​” នៃ​ការ​អភិវឌ្ឍ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM)។​

លោក​ត្រាំ​បានសរសេរថា “​ប្រទេស​កូរ៉េខាងជើង​គ្រាន់តែ​បាន​បញ្ជាក់ថា ខ្លួន​គឺ​ស្ថិតនៅក្នុង​ដំណាក់​កាល​ចុងក្រោយ​ នៃ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​មួយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ឈាន​ដល់​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ វា​នឹងមិន​កើតឡើង​ឡើយ​!”​។​

បើទោះបីជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ប្ដេជ្ញា​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​ នឹង​មិន​ទទួលយក​កូរ៉េ​ខាងជើង​ថា ​ជា​រដ្ឋ​នុយក្លេអ៊ែរ​មួយ​ក៏ដោយ លោក​ត្រាំ​ មិន​ធ្លាប់​បានបញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​គោល​នយោបាយ​របស់គាត់​លើ​រដ្ឋ​ឯកោ​មួយ​នេះ​ទេ​។​

មហាសេដ្ឋី​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​តែងតែ​ប្រើប្រាស់​បណ្ដាញ Twitter ចាប់តាំងពី​ការ​ជាប់​ឆ្នោត​របស់គាត់​កាលពី​ខែវិច្ឆិកា​ ដើម្បី​ធ្វើការ​រិះគន់ ​និង​បញ្ចេញ​សេចក្ដីថ្លែងការណ៍ ​ដែល​ជួនកាល​និយាយ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​បំផុត​។​

គាត់​បានបង្ហាញ​ពី​គោលបំណង​ចាប់ផ្តើម​ប្រកួតប្រជែង​អាវុធ​សង្គ្រាមត្រជាក់​ឡើងវិញ​ កាលពី​ខែ​មុន​ដោយ​សរសេរ​លើ Twitter ថា សហរដ្ឋអាមេរិក ​ត្រូវតែ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា​។​

លើសពីនេះ គាត់​បានធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹងសម្បា​ដោយ​ការសរសេរ​ចោទប្រកាន់​អំពី​ការ​វាតទី​យោធា​ និង​ការរៀបចំ​រូបិយប័ណ្ណ​។ ប៉ុន្តែ​គាត់​ នឹង​ត្រូវការ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ដោះស្រាយ​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​កូរ៉េខាងជើង​៕