ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​មី​យ៉ាន់​ម៉ា​ឃុំ​ខ្លួន​ប៉ូលិស ព្រោះ​តែមាន​វីដេអូ​បង្ហាញ​ឲ្យ​ឃើញថា សកម្មភាព​រំលោភបំពាន​ជន​អម្បូរ​រ៉ូ​ហ៊ីង​យ៉ា

​ ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បាន​ឃុំ​ខ្លួន​មន្ត្រីប៉ូលិស​មួយចំនួន ព្រោះ​តែមាន​វីដេអូ​ថត​បា​ន​ដោយ​ប៉ូលិស​គ្នាឯង ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការធ្វើ​ទុក្ខទោស​វាយដំ​ទៅលើ​ជន​ស៊ី​វិល​រ៉ូ​ហ៊ី​ង​យ៉ា គឺជា​រឿង​ដ៏​កម្រ​ពាក់ព័ន្ធ​ទៅនឹង​ការ​សារភាព​អំពី​សកម្មភាព​រំលោភបំពាន​ប្រឆាំងនឹង​ក្រុម​មូស្លីម​ភាគតិច​។

មនុស្ស​ដល់​ទៅ​រាប់សិប​ពាន់​នាក់​ដែល​មកពី ក្រុម​ជាតិ​ពន្ធ ដែល​រង​ការធ្វើ​ទុក្ខទោស​ដោយ ក្រុម​ជនជាតិ​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ​នៃ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រត់​ភៀសខ្លួន​ទៅ ដោយសារ​តែមាន​ប្រតិបត្តិការ​សឹក​មួយ​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន បន្ទាប់ពី មានការ​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​នានា​នៅក្នុង​ខែតុលា​។

បង់​ក្លា​ដែ​ស​ជា​ប្រទេសជិតខាង​គ្នា​នោះបាន​និយាយថា មាន​ជន​រ៉ូ​ហ៊ី​ង​យ៉ា​ប្រមាណ​៥០.០០០​នាក់ បាន​ឆ្លងកាត់​ព្រំដែន ចូលទៅក្នុង​ប្រទេស​រប​ស់​ខ្លួន អស់​រយៈពេល​២​ខែ​កន្លងមកហើយ​។ ភាគច្រើន​នៃ​ជនជាតិភាគតិច​ទាំងនោះ​ទទួលរង​ការរំលោភបំពាន ផ្លូវភេទ សម្លាប់​និង​ដុតបំផ្លាញ​លំនៅដ្ឋាន​ធ្វើឡើង​ដោយផ្ទាល់​ដៃ របស់​ប៉ូលិស​ឬ​ទាហាន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា។

ខ្សែ​វីដេអូ​រាប់សិប​បាន​លេច​ចេញមក​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរំលោភបំពាន​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ង​យ៉ា ដែល​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​បាន​លើក​យកមក​និយាយថា ខ្លួន​នឹងមាន​សកម្មភាព​ចំណាត់ការ​ទៅលើ​ក្រុមមន្ត្រី​ដែល​បំពាន​ទាំងអស់នោះ​៕
AFP