ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត IS សម្លាប់​មនុស្ស​៣៦​នាក់ នៅ​ទីផ្សារ​ក្រុង​បា​ដា​ដ

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បើករថយន្ត​ធុន Pick-up មួយគ្រឿង​ផ្ទុក​ទៅដោយ​គ្រឿងផ្ទុះ​បាន​បើក​ការវាយប្រហារ​ទីផ្សារ​ដ៏​ច្របូកច្របល់​មួយកន្លែង​នៅ​ក្រុង​បា​ដា​ដ កាលពី​ថ្ងៃ​ចន្ទ ដោយ​សម្លាប់​មនុស្ស​អស់យ៉ាង​ហោច​៣៦​នាក់ ក្នុងការ​វាយប្រហារ​ដែ​ល​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម IS រយៈពេល​ប៉ុន្មាន​ម៉ោង មុន​ប្រធានាធិបតី​បារាំង​លោក Francois Hollande បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​អ៊ី​រ៉ា​ក់​។​

​គ្រាប់បែក​បាន​ផ្ទុះឡើង​នៅក្នុង​ផ្សារ​លក់​បន្លែ​និង​ផ្លែឈើ មួយកន្លែង ដោយ​ក្រៅពី​អ្នកស្លាប់​ក៏​នៅមាន​៥២​នាក់​ទៀត​រងរបួស។ នេះ​ជាការ​លើកយក​មក​និយាយ​ដោយ​មន្ត្រីប៉ូលិស​ម្នាក់​។​

​នៅពេល​ធ្វើ​សន្និសីទកាសែត​មួយ​ជាមួយ​លោក​Hollande លោកនាយក​រដ្ឋមន្ត្រី Haider al-Abadi បាន​ថ្លែងថា អ្នក​បំផ្ទុះ​គ្រាប់បែក​មាន​ចេតនា​ធ្វើ​ឲ្យ​ផ្ទុះ ឡើង​នាឱកាស​ទិវា​ពលករ គឺ​នៅពេលដែល​ក្រុមកម្មករ​បានមក​ប្រមូលផ្តុំ​គ្នា​ហើយ បុរស​អ្នក​បំផ្ទុះ​នោះ​ក៏បាន​ចុច​គីប​គ្រឿងផ្ទុះ​ឲ្យ​ផ្ទុះឡើង​។​

ក្រុម IS បានប្រកាស​ពី​ការទទួលខុសត្រូវ​នៅក្នុង​ការវាយប្រហារ​ក្នុង​សេចក្តីប្រកាស​មួយ​ដែល​ចរាចរ​នៅលើ​វេប​សាយ​របស់​ក្រុម​សកម្មប្រយុទ្ធ ដែលជា​រឿយៗ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​ជ្រុលនិយម​។ នេះ​ជាការ​ប្រកាស​ទទួលខុស​ត្រូវ​របស់​ក្រុម IS ជា​លើក​ទី​៣​ហើយ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ និង​នៅ​ជុំ​វិញ ទីក្រុង​បា​ដា​ដ។

ការវាយប្រហារ​នោះបាន​កើតមានឡើង​នៅក្នុង​ទីប្រជុំ​ជន ដែលមាន​ជន​មូស្លីម​ស៊ីអ៊ី​ត​យ៉ាង​កុះករ​ដែល​ជា​សង្កាត់​មួយ​ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង​បា​ដា​ដ ដែល​ត្រូវបាន​ចាត់ទុកថា ជា​គោលដៅ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ដោយ​ក្រុង​ស៊ុ​ន​នី​ជ្រុលនិយម​ចាប់តាំងពី​មានការ​លុកលុយ​ឆ្នាំ​២០០៣​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​កមក​៕
AP