ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Hollande លើកឡើងថា សមរភូមិ​ប្រយុទ្ធ​ទៅលើ​ក្រុម IS បង្ការ​ការវាយប្រហារ​នៅក្នុង​ប្រទេស​បារាំង

ការ​គាំទ្រ​សកម្មភាព​យោធា​របស់​ប​ស្ចឹ​ម​ប្រទេស​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នោះ គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​បង្ការ​ការវាយប្រហារ​នៅក្នុង​ប្រទេស​បារាំង​។ លោក​ប្រធានាធិបតី Francois Hollande បាន​មានប្រសាសន៍​ដូច្នេះ កាលពី​ថ្ងៃ​ចន្ទ នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ដែលមាន​ករណី​បំផ្ទុះ​គ្រាប់បែក​មួយទៀត​សម្លាប់​មនុស្ស​អស់​រាប់សិប​នាក់។

​បា​រាំងជា​ប្រទេស​មួយ​ក្នុងចំណោម​សមាជិក​នៃ​ប្រទេស​ចម្រុះ​ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេ​រិ​ក​ដែល​កំពុងតែ​វាយ​ប្រយុទ្ធ​ទៅលើ​ក្រុម​ជ្រុលនិយម ស៊ុន​នី ដោយមាន​ការបារម្ភ​ជាពិសេស​ទៅលើ​ការវិល​ត្រឡប់មក​នូវ​កងកម្លាំង​ដ៏​ច្រើន​សម្បើម​របស់​ក្រុម​ជី​ហាដ​បារាំង ដែល​មកពី​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ា​ក់​នោះ។

បា​រាំងជា​ប្រទេស​នៅ​លោក​ខាងលិច​តែមួយគត់​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​បា​ដា​ដ ចាប់ពី​ពេលដែល​ក្រុម​ប្រទេស​ចម្រុះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ ដោយ​សង្កត់ធ្ងន់ថា ការគាំទ្រ​ប្រទេស​អ៊ី​រ៉ា​ក់ គឺជា​មធ្យោបាយ​ដ៏​ប្រាកដនិយម​បំផុត​មួយ​នៃ​ការការពារ​ទ្វីបអឺរ៉ុប​។

ចាប់ពី​ពេល​មក​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេ​រិ​ក​នៅក្នុង​ក្រុម​ប្រទេស​ចម្រុះ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៤​មក​បារាំង​និយាយ​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​ដឹកនាំ​ការហោះហើរ​បើក​ប្រតិបត្តិការ​ដល់​ទៅ​៥៧០០​លើក​ជាមួយ​ប្រទេស​ដទៃទៀត ហើយ​បាន​វាយប្រហារ​ដល់​ទៅ​ប្រមាណ​១០០០​លើក និង​កម្ទេច​គោលដៅ​ជា​មុខសញ្ញា​ដល់​ទៅ​១.៧០០​កន្លែង។

បារាំង​បាន​ចូលរួម​ដោយ​ប្រើប្រាស់​យន្តហោះ ប្រយុទ្ធ​ធុន Rafale ចំនួន​១៤​គ្រឿង​ដោយ​ចូលរួម​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​ជាមួយ​ក្រុម​ប្រទេស​ចម្រុះ ពី​ប្រទេស​ហ្សកដានី និង​អា​រ៉ា​ប់​រួម​អេ​មី​រ៉ា​ត់។

បារាំង​ក៏បាន​ដាក់​ទាហាន​៥០០​នាក់​ជា​គ្រូបង្វឹក​និង​ផ្តល់​ប្រឹក្សា​ដល់​កងកម្លាំង​ពិសេស​របស់​អ៊ី​រ៉ា​ក់ និង​មាន​ទាំង​យុទ្ធសាស្ត្រ​បំពាក់​ដោយ​កាំភ្លើង​ធំ ធុន CAESAR សំចត​នៅ​ភាគខាងត្បូង​ក្រុង Mosul ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​សឹក​ដែល​កំពុង​ធ្វើជា​បន្ត​ក្នុងការ​វាយ​ដណ្តើមយក​ទីក្រុង​នេះ​មកវិញ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114