ព័ត៍មានទាន់​ហេតុការណ៏
Search

សមិទ្ធផល​សំខាន់ៗ​ចំនួន ២៥ ត្រូវបាន​សម្ពោធ និង សាងសង់​ក្នុង​ឆ្នាំ ២០១៦ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល

ភ្នំពេញ ​៖ ក្នុង​ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ​ទោះបីជា​សភាពការណ៍​នយោបាយ​ក្នុងប្រទេស និង ក្រៅប្រទេស មានការ​មមាញឹក​យ៉ាងណាក៏ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លៀតពេល​ទៅកាន់​បណ្តា​ខេត្ត​មួយ​ចំ​នួន ដើម្បី​បើក​ការដ្ឋាន​ស្ថាបនា និង សម្ភោ​ធ​សមិទ្ធផល​ថ្មី​ចំនួន ២៥ ក្នុង​នោះគេ​សង្កេតឃើញ​ភាគច្រើន​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង ស្ពាន អគារ​រដ្ឋបាល អគារសិក្សា និង ព្រះវិហារ​វត្ត ។ កម្ពុ​ជាថ្មី​សូម​ដកស្រង់​របាយការណ៍​មិន​ផ្លូវការ​ដូចខាងក្រោម។
.​នៅ​ថ្ងៃ ៥ មករា ២០១៦ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់​ដំណើរការ​ស្ពាន​អាកាស​តិច​ណូ​ឬ​ស្ពាន​អាកាស ៥ មករា។ ​ស្ពាន​អាកាស និង ផ្លូវ​ក្រោម​ដី​តិច​ណូ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ ទុន​អាណិកជន​កម្ពុជា​(OCIC) ដោយ​ប្រើ​រយៈពេល ១៦ ខែ និង​ចំណាយ​ថវិកា ១៤.៥០២.៤៧៦ ដុល្លារ អាមេរិក​ដែលជា​កញ្ចប់​ថវិកា​បានមកពី​គម្រោង​វិនិយោគ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​វិ​និ​យោគ​ទុក​អាណិកជន​កម្ពុជា។

​នៅ​ថ្ងៃ​ទី​១១​ខែ កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ ប្រាស់​ជា​ផ្លូវការ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅ​ខេត្ត​ត្បូងឃ្មុំ។

​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​វិទ្យាស្ថាន បច្ចេកវិទ្យា​កំពង់ស្ពឺ​ជាមួយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ។

​នៅ​ថ្ងៃទី ២៥ កុម្ភៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អ​ញ្ជើញ​ពិធី​សម្ពោធ​«​អគារ​មរតក​តេ​ជោ​» ក្រសួងបរិស្ថាន និង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ ២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៦។

​នៅ​ថ្ងៃទី ២៩ ខែ កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​សម្ពោធ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។ មន្ទីរពេទ្យ​បង្អែក​នៃ​ត្រូវបាន​សាងសង់ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​មាន​អគារ​៥ គឺ​អគារ សង្គ្រោះបន្ទាន់ អគារ​សម្ភព អគារ​ជំងឺ​ទូទៅ អគារ​រដ្ឋបាល និង អគារ​ផ្តល់​សេវា​គាំទ្រ និង​សម្ភារៈ​ដទៃទៀត ដែល​ក្នុងនោះ​ចំណាយ​ថវិកា​អស់ ១.៥៥៤ លាន​យេន ស្មើនឹង​ជាង ១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ការពង្រឹង​នូវ​សមត្ថភាព​នៃ​មន្ទីរពេទ្យ​មួយ​នេះ។

​នៅ​ថ្ងៃ ៥ ខែមីនា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ភូមិ​កុមារ​អេស អូ អេស កំពត។ ភូមិ​កុមារ​អេស អូ អេស ស្ថិត​លើ​ទំហំ​ដី ៣ ហិកតា ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត។ ភូមិ​កុមារ អេស អូ អេស (SOS) កំពត​មាន​អគារ​ចំនួន ១៨ ក្នុង​នោះ​មាន​ផ្ទះ​គ្រួសារ​ចំនួន ១២ ខ្នង ផ្ទះ​សហគមន៍​មួយ​ខ្នង ផ្ទះ​ភ្ញៀវ​ស្នាក់នៅ​មួយ​ខ្នង ផ្ទះ​បុគ្គលិក​មួយ​ខ្នង ផ្ទះ​ប្រធាន​ភូមិ​មួយ​ខ្នង អគារ​ការិយាល័យ​មួយ​ខ្នង និង សា​លាម​តេ្ដ​យ្យ​មួយ​ខ្នង ហើយ​អាច​ទទួល​កុមារ​ស្នាក់​នៅបាន​ចំនួន ១២០នាក់ និង អាច​ទទួល​សិស្ស​ចូលរៀន​សាលា​ម​តេ្ដ​យ្យ​បាន​ចំនួន​១០០​នាក់ ដោយមាន​បុគ្គលិក និង អ្នក​ម្ដាយ​ថែទាំ​សរុប​ចំនួន​៣០​នាក់។ ភូមិ​កុមារ​អេស​អូ​អេស​កំពត​ចំណាយ​អស់​ទឹកប្រាក់​ជាង ១ លាន ៧​សែន​ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​ឧបត្ថម្ភ​ដោយ​សប្បុរសជន​នៅ​ប្រទេស​ស៊ុយអែត។

​នៅ​ថ្ងៃទី ១៦ ខែ មីីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​ គម្រោង​នេះ​រួមមាន​ការសាងសង់​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ដល់​ទំហំ ៣១.០៥២ ម៉ែត្រការ៉េ​ដែលមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​ចំនួន ៥ លាន​នាក់​ក្នុង ១ ឆ្នាំ រួម​ជា​មួយ​នឹង​ការបំពាក់​បរិក្ខារ​ថ្មី​មួយចំនួនទៀត​ធ្វើឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រឹត​តែ​ទំនើប និង​ធានាបាន​នូវ​ប្រតិបត្តិការ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​បន្ថែមទៀត។

​នៅ​ថ្ងៃទី ២៨ ខែ មីនា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​បើក​ការដ្ឋាន​គម្រោង​ធ្វើអោយ​ប្រសើរឡើង​ផ្លូវជាតិ​លេខ ២១​ដែលមាន​ប្រវែង​ជាង ៦៣ គីឡូម៉ែត្រ ក្រោម​កម្ចី​ឥណទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែលមាន​ទឹកប្រាក់​ចំនួន ៦១,៦ លាន​ដុល្លារ​ក្នុងនោះ​ថវិកា​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ៥២,៥៤​លាន។

​នៅ​ថ្ងៃទី ៣០ ខែ មីនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​អគារសិក្សា​នៃ​វិទ្យាល័យ​ព​អម្ពវ័ន​ជំនីក និង ស្ពានបេតុង​ព្រែ​កតា​កុ​ច​ស្ថិត​ក្នុងស្រុក​ក្រូចឆ្មា។

សមិទ្ធផល​ដែល​សម្ពោធ​រួម មាន​អគារសិក្សា​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័ន​ជំនីក ១ ខ្នង ៣ ជាន់ ២៤ បន្ទប់ និង ឃ្លាំង​ចំនួន ៣ ស្ថិត​ក្នុង​ឃុំ​ជំនីក និង ស្ពាន​ព្រែ​កតា​កុ​ច​ប្រវែង ១៨០ ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​ស្ថិតនៅ​ព្រំប្រទល់​ឃុំ​ជំនីក​និង​ឃុំ​រកា​ខ្មុ​រ។

នៅ​ថ្ងៃទី ៥ ខែ មេសា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​សម្ភោ​ធ​អគារ​រដ្ឋបាល​ថ្មី​សាលា​រាជធានី​ភ្នំពេញ ដែលមាន​១​ខ្នង កម្ពស់​១២​ជាន់ក​ន្លះ ស្មើនឹង ៥១ ម៉ែត្រ ហើយ​ផ្ទៃ​សំណង់​សរុប​ទំហំ ១១.៣១០ ម៉ែត្រក្រឡា ត្រូវ​ស្ថាបនា​ចេញ​ទេពកោសល្យ និង គំនិត​ច្នៃប្រឌិត​របស់​ស្ថាបត្យករ និង វិស្វករ​ខ្មែរ ដោយ​ធ្វើការ​បន្ស៊ី​គ្នា​រវាង​ស្នាដៃ​ស្ថាបត្យកម្ម​បែប​ទំនើប​និង​ខ្មែរ​បុរាណ​សម្រាប់​ផ្ដល់ជូន​ជាទី​កន្លែង​បំពេញការងារ​របស់​ម​ន្ដ្រី​រាជការ និង បុគ្គលិ​ក​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់។

​នៅ​ថ្ងៃទី ៧ ខែ មេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​មហា​កុដិ “​តេ​ជោ រ៉ានី រតនៈ​”​នៅ​វត្ត​ក្រពើ​ហា​ក្រុង​តាខ្មៅ ។​មហា​កុដិ​តេ​ជោ រ៉ានី រតនៈ មាន​ទំហំ ៣១,៤៥ ម៉េ​ត្រ គុណ ១៧,៦៤ ម៉ែត្រ កម្ពស់​ពី​ជាន់​និង ដំបូល​ប្រក់​ក្បឿង​ស្របតាម​រចនាបទ​ខ្មែរ។

នៅ​ថ្ងៃទី ១៩ ខែ មេសា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស្ករស​តម្លៃ ៣៦០ លាន​ដុល្លារ​អាមេរិក​របស់ ក្រុមហ៊ុន រូ​យ​ហ្វេ​ង ខេ​ម​បូ​ឌែ អ៊ិន​ធើ​ណេ​សិ​នណល ខម​ភេ​នី លីមីត​ធី​ត របស់​ប្រទេស​ចិន​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ។

នៅ​ថ្ងៃទី២៦ ខែ មេសា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​៥៦ និង ផ្លូវ​ចូល​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ កំណាត់​ផ្លូវជាតិ​លេខ​៥៦​ដែល​បាន​កសាង​រួចរាល់​ខាងលើ​មាន​ប្រវែង​សរុប ១២៤,២០​គីឡូម៉ែត្រ លាតសន្ធឹង​ចាប់ពី​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជា​កំណាត់​ផ្លូវជាតិ​លេខ ៥៦ និង ផ្លូវ​ចូល​ប្រាសាទបន្ទាយឆ្មារ។ កំណាត់​ផ្លូវ​នេះ​ចំណាយ​អស់​ថវិកា​សរុប​ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ ១៦ លាន​ដុល្លា​ជា​ថវិកា​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី និង ២៩ លាន​ដុល្លារ​អាមេរិក​ទៀត​ជា​កម្ចី​ឥណទាន​ពី​សាធារណរដ្ឋ​កូរ៉េ។

នៅ​ថ្ងៃ​ទី៥ ខែ ឧសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​កែវ​មុនី​(​ហៅ​វត្ត​ថ្មី​)​នៅក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ។​ព្រះវិហារ​វត្ត​កែវ​មុនី​ជា​សមិទ្ធផល​ដែល​ប្រសូត្រ​ចេញពី​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជន​ជិត​ឆ្ងាយ សប្បុរសជន​នានា​ក្រោម​ការដឹកនាំ​របស់​ព្រះគ្រូ​ចៅអធិការ និង គណៈកម្មការ​វត្ត ដោយបាន​ចំណាយ​ថវិកា​សាងសង់​ជាង​២៤១.៧១៩​ដុល្លារ។

នា​ព្រឹក​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​កាត់​ឫសសីមា​ព្រះវិហារ​វត្ត​មឿង​ចារ​លិ​ខិ​តា​រាម​ស្ថិតក្នុង​ឃុំ​ជាងទង​ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ព្រះវិហារ​ថ្មី​ដែល​ទើប​សាងសង​រួច​មាន​បណ្ដោយ ២១ ម៉ែត្រ​៣០, ទទឹង​១២​ម៉ែត្រ​៣០ កំពស់​២៦​ម៉ែត្រ និង​មាន​សំណង់​ផ្សេៗ​ទៀត​នៅក្នុង​វត្ត ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប ២​សែន​៩​ម៉ឺន​៩​ពាន់​៨៧២​ដុល្លារ។

​នៅ​ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ក្នុង​ពិធី​អបអរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែល​ទទួល​សហគ្រាស​ទី ១០០ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​បាន​សាងសង់​នៅ​ឆ្នាំ ២០០៨ លើ​ផ្ទៃដី​ទំហំ ៥ គីឡូម៉ែត្រ​ការេ ។ បច្ចុប្បន្ន​មាន​សហគ្រាស​ជាង​១០០ ដែល​មកពី​ប្រទេស​ចិន អ៊ឺរ៉ុប និង ជប៉ុន មក​បោះទុន​វិនិយោគ​ដែល​បានផ្តល់​ការងារ​ដល់ក​ម្មករ​ប្រមាណ ១៣.០០០ កន្លែង។ គេ​បាន​ព្យាករណ៍​ថា​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​សហគ្រាស​មក​បោះទុន​វិនិយោគ​នៅ​តំបន់​នេះ និង​កើន​ឡើងដល់ ២០០ ហើយ​ទុនវិនិយោគ​តម្លៃ​ផលិតកម្ម​ក្នុង​មួយឆ្នាំ​នៃ​តំបន់​នេះ និង កើន​លើស​ពី ៣​ពាន់​លាន​ដុល្លារ​អាមេរិក​នៅពេល​អនាគត ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​គោល​ជម្រុញ​ឲ្យ​មាន​សហគ្រាស​ចំនួន ៣០០ មក​បណ្តាក់ទុន​វិនិយោគ​ដែល និង​ផ្តល់​ការងារ​ចំនួន ១០ ម៉ឺន​នាក់ ព្រមទាំង​មាន​ប្រជាជន ២០ ម៉ឺន​នាក់​រស់នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ។

​នា​ព្រឹក​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​សម្ពោ​ធ​អគារ​ថ្មី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​និង​អបអរ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ។​ចំពោះ​អគារសិក្សា​ថ្មី​ដែល​សម្ពោធ​នៅថ្ងៃនេះ​មាន​កំពស់​១០​ជាន់​កម្ពស់ ៤២ ម៉ែត្រ ទទឹង​២១​ម៉ែត្រ បណ្តោយ​៣៧​ម៉ែត្រ​ចំណាយ​ថវិកា​សរុប​ទាំង​អគារ​និង​សំភារៈ​អស់​ចំនួន​ជាង ១៦.២៩៥ លាន​រៀល ដែល​ក្នុងនោះ​មាន​ថវិកាជាតិ​ចំនួន​ជាង ១៩៧ លាន​៤២០.០០០​រៀល។

​ព្រឹក​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សេនាធិការដ្ឋាន​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស និង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

នា​ព្រឹក​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គម្រោង​ប្រព័ន្ធ​ទឹកស្អាត​នៅក្នុង​ខេត្ត បាត់ដំបង និង កំពង់ចាម នៅ​ខេត្តបាត់ដំបង ។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ត្រូវបាន​កសាងឡើង ក្រោម​ជំនួយឥតសំណង់​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន ៣.៣៥៥​លាន​យេន​ស្មើនឹង​៣៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

នា​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ ២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៤៤(​ច្បារមន​-​សំរោង​ទង​-​ឳ​រ៉ា​ល់​-​ថ្ពង​-​ឧ​ត្តុ​ង្គ​)​ប្រ​វែង​១៣៩,៦១​ម៉ែត្រ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​គីឡូម៉ែត្រ​លេខ ៣៩+000 ដែលជា​កម្ចី​ឥណទាន​ពីសា​ធារ​ណរ​ដ្ឋ​ប្រជាមានិត​ចិន​ចំនួន​៨០​លាន​៣​សែន​ដុល្លារ​អា​មេ​រិច ជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ចំនួន​៥​លាន ២​សែន​៣​ម៉ឺន​៣​ពាន់ ៧២៨​ដុល្លា​អា​មេ​រិច ដើម្បី​ដោះស្រាយ​ផល​បះ​ពាល់​និង​អាវុធ​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ និង ប្រកាស់​បើក​យុទ្ធនា​ការផ្តល់ និង បិទ​ស្លាក​ចំណាំងផ្លាត​សុវត្ថិភាព​ចរាចរណ៍។

នា​ព្រឹក​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ពិធី​ត​ភ្ជាប់​ស្ពានបេតុង​កោះធំ នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​។ ស្ពាន​នេះ​ចំណាយ​ថវិកា​សរុប ១៩ លាន​៣​សែន ៩​ម៉ឺន​ដុល្លារ​អាមេរិក​ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជា​២​លាន​៨ សែន​ដុល្លារ​អាមេរិក។ គ្រោង​បញ្ចប់​នា​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ ២០១៧។

កាលពី​ព្រឹក​ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ បើក​ការដ្ឋាន​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ និង បេតុង​ប្រវែង​១.២០០ គីឡូ ម៉ែត្រ​នៅ​ខេត្ត​ចំនួន ១០ និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រវែង​៥៤៣ គីឡូម៉ែត្រ នៅ​ខេត្ត​ចំនួន ៨ កាលពី​ព្រឹក​ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅ​ស្រុក​ក្រូចឆ្មា​ខេត្ត​ត្បូ​ឃ្មុំ។

​នា​ព្រឹក​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នា​២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ផ្លូវជាតិ​លេខ ៧៦ ប្រវែង ១៧២ គីឡូម៉ែត្រ​លាតសន្ធឹង​ពី​ក្រុង​សែន​មនោ​រម្យ កោះ​កេរ ក្នុង​ខេត្ត​មណ្ឌល​គី​រី ដល់ ស្រុក​លំផាត់ តា​អង់ ខេត្តរតនៈគិរី ។ កំណាត់​ផ្លូវ​នេះ​សាងសង់ឡើង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សរុប​ជាង ៩១ លាន​ដុល្លារ​អាមេរិក និង ថវិកា​ប​ដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែធ្នូ ឆ្នាំ ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ភេសជ្ជៈ​(​កូកាកូឡា​)​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ដែល​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​ជាង ១០០ លាន ដុល្លារ​អាមេរិក​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នៅ។

​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ពី​ធី​សម្ភោ​ធ​អគារ​ថ្មី​នៃ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍។

អគារ​ទីស្តីការ​ថ្មី​ក្រសួង​ប្រៃសណីយ៍​និង ទូរគមនាគមន៍​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៤ និង បញ្ចប់​កា​សាងសង់​នៅ​ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦ ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ចំនួន​៧.៦៩៦.៣១២ ដុល្លារ​អាមេរិក​ដែល​ចំណាយ​នេះ​រួម​ប​ញ្ជូល​ទាំង​ការបំពាក់​សម្ភារៈ​ការិយាល័យ​បំពេញការងារ កុំព្យូទ័រ និង បរិក្ខា​ម៉ាស៊ីនត្រជាក់ គ្រឿង​សង្ហា​រឹម ព្រមទាំង​សំណង់​ឃ្លាំង​សម្ភារៈ​ចំនួន ២ អគារ​ទំហំ ១៤១១ ម៉ែត្រការ៉េ ជូន​អង្គភាព​ទូរគមនាគមន៍​កម្ពុជា (TC) ផងដែរ៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114