ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ជា សុ​មេធី ចុះ​ពិនិត្យ​ផ្លូវ​កំពុង​ស្ថាបនា​នៅ​ស្រុក​ពារាំង​

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​០២​ ខែមករា ឆ្នាំ​២០១៧ លោក ជា សុ​មេធី អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង រួម​ដំណើរ​ដោយ លោក​អភិបាលស្រុក តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​អញ្ជើញ​ទៅ​ពិនិត្យ ផ្លូវ​មួយ​ខ្សែ ​ដែល​កំពុង​ស្ថាបនា​ចាប់ពី​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ​ដល់​ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍រៀង ដែល​មាន​ប្រវែង​៥​គីឡូម៉ែត្រ​៥០០​ម៉ែត្រ។​
​ ​
លោក ជា សុ​មេធី អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ដែល ​ត.​ភ្ជាប់​ពី​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង​ដល់​ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ពីមុន​ផ្លូវ​នេះ​ដាច់ ក្រឡុក​ជ្រៅៗ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​ការលំបាក​យ៉ាងខ្លាំង ពិសេស​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​ផ្សេងៗ ផ្លូវ​នេះ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​អនុវត្ត​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។​

​លោក​បន្ត​ថា ​បន្ទាប់ពី​ស្ថាបនា​រួច រវាង​ប្រជាពលរដ្ឋ​ស្រុក​ពោធិ៍​រៀង និង​ស្រុក​ពារាំង អាច​ធ្វើ​ដំណើរ​បាន​ស្រួល ជាពិសេស​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការដឹក​កសិផល​ផ្សេងៗ​មក​លក់ដូរ​នៅ​ផ្លូវជាតិ​លេខ​៨ បាន​ងាយស្រួល កាត់បន្ថយ​ទាំង​ពេលវេលា ថវិកា បាន​ច្រើន​ទៀត​ទៀតផង។​
​ ​
ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទាំងពី​របាន​សម្ដែង​នូវ​ការ​សប្បាយចិត្ត នៅពេល​ឃើញ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ជូន​ពួកគាត់​នាពេលនេះ។ ពួកគាត់​បាន​ប្រាប់ថា ចាប់​ពេលនេះ​តទៅ ពួកគាត់ ​នឹង​លែង​ជួប​ការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៀត​ហើយ៕