ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣​ ខែមករា ​កើតឡើង​១៣​លើក​ស្លាប់​៣​នាក់ ​រង​របួស​ធ្ងន់​ស្រាល​២៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក ( យប់ ៩​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ១៥​នាក់ ( ស្រីម្នាក់ ) និង​រងរបួស​ស្រាល ៩​នាក់ ( ស្រីម្នាក់ )។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២៣​គ្រឿង រួមមាន ម៉ូតូ ចំនួន ១៨​គ្រឿង និង​រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក , មិន​ប្រកាន់​ស្តាំ ២​លើក ( ស្លាប់ ២​នាក់ ) , បត់​គ្រោះថ្នាក់ ២​លើក , ប្រជែង​គ្រោះថ្នាក់ ៣​លើក , ស្រវឹង ១​លើក ( ស្លាប់ម្នាក់ ) និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២៣​នាក់ ( យប់ ១៨​នាក់ )។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១០​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក និង​ផ្លូវលំ ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៩​លើក និង​រថយន្ត​ធុន​តូច ចំនួន ៤​លើក។ ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កោះកុង ២​លើក ស្លាប់​ម្នាក់ របួសម្នាក់ និង​ខេត្តសៀមរាប ១​លើក ស្លាប់ម្នាក់។

ដោយឡែក ​យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៣​ថ្ងៃ គិត​ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ កើតឡើង ចំនួន ៣៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ១៣​នាក់ រង​របួស​សរុប ចំនួន ៦៤​នាក់ ក្នុង​នោះ​របួសធ្ងន់ ៤៥​នាក់ និង​រងរបួស​ស្រាល ចំនួន ១៩នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២១៤២​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៥៨៧​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៥៥៥​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114