ព័ត៍មានទាន់​ហេតុការណ៏
Search

ប្តី​ប្រពន្ធ Clinton នឹង​ចូលរួម​ការ​ស្បថ​ចូលកាន់​តំណែង​របស់​លោក Trump

ជំនួយការ​របស់​លោក Clinton និង​ជំនួយការ​របស់​លោក​ស្រី Clinton បាន​ប្រាប់ CNN កាលពី​ថ្ងៃ​អង្គា​រថា អតីត​ប្រធានាធិបតី Bill Clinton និង​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១៦​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​គឺ​លោកស្រី Hillary Clinton នឹង​ចូលរួម​ការ​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump នៅ​ចុងខែ​នេះ។

អតីត​ប្រធានាធិបតី George W. Bush និង​អតីត​ស្ត្រី​ទីមួយ​លោកស្រី Laura Bush ក៏​នឹងចូលរួម​ផងដែរ​។ នេះ​បើ​យោង​តាម​ការ​លើកឡើង​កាលពី​ថ្ងៃ​អង្គារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នៃ​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក​ទី​៤៣​រូប​នេះ​។ សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា “​លោក​ប្រធានាធិបតី George W. Bush និង​ភរិយា​នឹង​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​លើក​ទី​៥៨​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​នៅ​វិមាន​កា​ពី​តូ​ល​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​។ អ្នក​ទាំងពីរ​នឹង​ធ្វើ​ជា​សាក្សី​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​ និង​ការ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ប្រធានា​ធិបតី Trump និង​អនុ​ប្រធានាធិបតី Pence”​។

កាលពីមុន លោក Jimmy Carter គឺជា​អតីត​អគ្គមេបញ្ជាការ​តែ​ម្នាក់​គត់​ដែល​បាន​និយាយ​ជា​សាធារណៈ​ថា លោក​នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Trump ។ ឪពុក​របស់​លោក Bush នឹង​មិន​ចូលរួម​ទេ​ដោយសារតែ​បញ្ហា​សុខភាព​របស់គាត់​។ នេះ​បើ​យោងតាម​អ្នកនាំ​ពាក្យ​ប្រាប់ CNN ។

ការចូលរួម​របស់​លោក​ស្រី Hillary Clinton នឹង​ក្លាយ​ជា​និមិត្តរូប​ដ៏​សំខាន់​អំពី​ការ​ផ្ទេរអំណាច​ដោយ​សន្តិ​វិធី​នៅ​សហរដ្ឋអាមេរិក​បើទោះបី​ជាមាន​យុទ្ធនាការ​ប្រឆាំងនឹង​គ្នា​ក៏ដោយ។ ទាំង​លោក​និង​លោកស្រី Clinton បាន​និយាយ​ជាមួយ​លោក Trump ដើម្បី​អបអរសាទរ​ចំពោះ​ការទទួល​ជ័យជម្នះ​របស់​គាត់​។ អ្នកនាំពាក្យ​របស់​អតីត​ប្រធានាធិបតី Clinton បាន​និយាយថា ពួកគេ​មិនបាន​និយាយ​គ្នា​ទេ​ចាប់​តាំងពី​ពេល​នោះ​មក។ គួរ​បញ្ជាក់​ថា លោក Mitt Romney ដែល​បាន​ចាញ់ឆ្នោត​ឆ្នាំ​២០១២​ក្រោម​ដៃ​លោក​ប្រធានាធិបតី Obama គឺ​មិនបាន​ចូលរួម​ការស្បថ​ចូលកាន់​តំណែង​លើក​ទី​ពីរ​របស់​លោក Obama ទេ​៕


TAG