ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​គឺជា​បញ្ហា​ប្រឈម​ដំបូង​បំផុត​សម្រាប់ ​លោក ត្រាំ​

ការ​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​វាយប្រហារ​ដីគោក​សហរដ្ឋ​អាមេរិក​ គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​គោលនយោបាយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ជំនាន់​របស់ លោក ដូ​ណា​ល់ ត្រាំ​។​

ខណៈ​មិន​ដល់​បី​សប្ដាហ៍​ទៀត​ទេ​ មុន​ការ​ចូល​កាន់​តំណែង​របស់​គាត់​នោះ លោក ត្រាំ បាន​ធ្លាក់ចូល​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​រួចទៅហើយ​ ដោយសារតែ​ការព្រមាន​ដែល​មិន​អាច​ទាយ​ទុកជាមុន​បាន​របស់​មេដឹកនាំ​ផ្ដាច់ការ គីម ជុង​អ៊ុន។​

លោក គីម បាន​ប្រារព្ធ​ថ្ងៃ​ចូលឆ្នាំថ្មី​ដោយបាន​ប្រកាសថា ប្រទេស​កូរ៉េខាងជើង​ គ្រោង​នឹង​បាញ់​សាក​ល្បង​កាំជ្រួច​មី​ស៊ី​ល​ ឆ្លង​ទ្វីប (ICBM) មួយ​គ្រាប់ ​ដែល​ជា​ប្រភេទ​មី​ស៊ី​ល​ដែល​គាត់​ថា​ នឹង​គំរាម​កំហែង​ដល់​ដីគោក​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ បាន​ឆ្លើយតប​ទៅវិញ​នៅក្នុង​គណ​នេយ្យ Twitter របស់គាត់ ​ដោយ​ប្ដេជ្ញា​ថា នឹង​បញ្ឈប់​ការ​គំរាម​របស់​ក្រុង​ព្យុងយ៉ាង​។​

លោក ត្រាំ បានប្រកាសថា “​ប្រទេស​កូរ៉េខាងជើង​ ទើបតែ​បាន​បញ្ជាក់​ថា ខ្លួន ​គឺ​ស្ថិតនៅក្នុង​ដំណាក់​កាល​ចុងក្រោយ​ នៃ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​មួយ​ដែលមាន​សមត្ថភាព​ឈានដល់​ផ្នែក​ខ្លះ​ នៃ​សហរដ្ឋអាមេរិក​។ វា​នឹងមិន​កើតឡើង​ឡើយ​!”​។​

លោក ត្រាំ មិនបាន​ផ្ដល់​បរិបទ​ណាមួយ​ទេ​សម្រាប់​ការសន្យា​របស់លោក​ ប៉ុន្តែ​ប្រសិនបើ ​លោក​ គីម​នៅតែ​បន្ត​ឆ្ពោះទៅមុខ​មែន​នោះ ​បើទោះបីជា​មានទណ្ឌ​កម្ម​លើ​របប​នេះ​រួចទៅហើយ​ក៏ដោយ វា​នឹង​ក្លាយទៅជា​ប្រផ្នូល​អាក្រក់​។​

រដ្ឋបាល​ផុត​អាណត្តិ​របស់លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់​អូ​បា​ម៉ា​ បាន​បន្ត​គោលនយោបាយ ដាក់​ទណ្ឌកម្ម​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​កំណត់​គោលដៅ​លើ​របប​របស់ លោក ​គីម​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​ប្រាំមួយ​ភាគី​។​

កិច្ចពិភាក្សា​ទាំងនេះ ​នឹងធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ត្រូវ​ចូលមក​ចរចា​ជាមួយ​ប្រទេស​ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន ​និង​រុស្ស៊ី​ ដើម្បី​ចរចា​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា ​និង​ឧបទ្វីប​មួយ​គ្មាន​នុយក្លេអ៊ែរ​។​

ទោះយ៉ាងណា​ក្តី ក្រុង​ប៉េកាំង​ បាន​ប្រឆាំង​ជំទាស់​ចំពោះ​វិធានការ​ណាមួយ​ដែល​អាច​គំរាមកំហែង​កាន់​តែ​ខ្លាំង​ក្នុង​ការ​បង្ក​អស្ថិរភាព​នៅ​ប្រទេសជិតខាង​របស់​ខ្លួន​៕