ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ប្រយុទ្ធ​គ្នា ​ធ្វើ​ឲ្យ​កិច្ចចរចា​សន្តិភាព​ស៊ី​រី​ប្រឈម​នឹង​ហានិភ័យ​

បក្សពួក​ក្រុម​ឧទ្ទាម​ស៊ី​រី​ជាច្រើន ​បាន​ផ្អាក​កិច្ចពិភាក្សា ​ស្ដីពី​ការចរចា​សន្តិភាព​ថ្មី​ ដោយ​ចោទប្រកាន់​របប​របស់​លោក​ប្រធានាធិបតី​បា​សា​អាល់​អាសាដ ​ពី​ការរំលោភ​បទ​ឈប់​បាញ់​រយៈពេល​បួន​ថ្ងៃមួយ​ដោយសារតែ​ការវាយប្រហារ​នៅ​ក្បែរ​ក្រុង​ដា​ម៉ាស​ បាន​បន្ត​នៅ​ថ្ងៃ​ពុធ​។​

​នៅក្នុង​ខេត្ត​ភាគ​ពាយព្យ​អ៊ី​ដ​លី​ប ការវាយប្រហារ​អាកាស​មួយ​បានសម្លាប់​សមាជិក​ នៃ​រណសិរ្ស Fateh al-Sham ដែលជា​អតីត​សម្ព័ន្ធ​អាល់​កៃ​ដា​យ៉ាងហោចណាស់​២៥​នាក់​ ដោយ​រួមទាំង​បុគ្គល​មាន​មុខ​តំណែង​ខ្ពស់​ជាច្រើន​នាក់​ផងដែរ​។​

ការសម្រេចចិត្ត​របស់​ពួក​ឧទ្ទាម​នេះ​ បាន​គំរាមកំហែង​ដល់​ដំណើរការ​ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សម្ព័ន្ធមិត្ត​របប ​គឺ​រុស្ស៊ី​ និង​អ្នកគាំទ្រ​ពួក​ឧទ្ទាម​ គឺ​ទួរគី​ ដែល​បាន​ចាប់ផ្ដើម​ជាមួយ​បទ​ឈប់​បាញ់​មួយ​ហើយ​មានន័យថា នឹង​នាំ​ឲ្យ​មាន​ការចរចា​នៅ​ក្នុង​រដ្ឋធានី Astana នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ​នៅ​ខែ​នេះ​។​

បទ​ឈប់​បាញ់​នេះ​បាន​នាំ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​ក្នុង​ផ្នែក​ធំៗ​ នៃ​ប្រទេស​នេះ ​ប៉ុន្តែ​ត្រូវបាន​បំផ្លាញ​ដោយ​អំពើ​ហិង្សា​រប៉េះរប៉ោះ ​ជាពិសេស​ការ​ប្រយុទ្ធ​គ្នា ​នៅ​តំបន់ Wadi Barada ភាគ​ខាងជើង​ នៃ​ក្រុង​ដា​ម៉ាស​ ដែល​ជា​កន្លែង​ផ្គត់ផ្គង់​ទឹក​មក​រដ្ឋធានី​។

កងកម្លាំង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ពួក​យុទ្ធជន​មកពី​ចលនា Hezbollah និកាយ​ស៊ី​អ៊ី​តរបស់​លី​បង់​បាន​បន្ត​ជំរុញ​ការ​វាយលុក​រយៈពេល​ពី​រ​សប្ដាហ៍​នៅ​ទីនោះ ​បើទោះបី​ជាមាន​បទ​ឈប់​បាញ់​គ្នា​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៣០​ ខែធ្នូ​ក៏ដោយ​។​
​​
ក្រុម​ឧទ្ទាម​ជាច្រើន​ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​គោរព​បទ​ឈប់​បាញ់​ ប៉ុន្តែ​បាន​ចោទ​ប្រកាន់​របប​អំពី​ការ​រំលោភបំពាន​ជា​ញឹកញាប់ ​និង​ជា​ទ្រង់ទ្រាយ​ធំ​ ជាពិសេស​នៅ​ក្នុង​តំបន់ Wadi Barada របស់​ពួក​ឧទ្ទាម ​និង​តំបន់ Eastern Ghouta ដែល​ស្ថិតនៅ​ជិត​ក្រុង​ដា​ម៉ាស​។​

ពួកគេ​បាន​និយាយថា “​ប្រសិនបើ​គ្រប់យ៉ាង​មិន​វិល​ទៅរក​ដូច​កាលពី​ពេលមុន​វិញ​ទេនោះ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវបាន​ចាត់ទុកជា​និរាករណ៍​”​។​

គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រុម​ជាច្រើន​ ដោយ​រួមទាំង Army of Islam, Faylaq al-Sham និង​កងពលតូច Sultan Murad ផងដែរ​ដែល​ស្ថិតនៅ​ជិត​ប្រទេស​ទួរគី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114