ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា​ខឹងសម្បា​បន្ទាប់ពី​រដ្ឋមន្ត្រី​ម្នាក់​បន្ទោស “​ការ​តុបតែង​ខ្លួន​បែប​បស្ចិមប្រទេស​” ថា​បណ្តាល​ឲ្យ​មានការ​បៀតបៀន​ផ្លូវ​ភេទ​

រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​ដែល​បាន​និយាយ​ថា ការ​បៀតបៀន​ផ្លូវ​ភេទ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ទីក្រុង Bangalore ត្រូវ​បាន​បង្កឡើង​ដោយ​ស្ត្រី​ស្លៀកពាក់ “​បែប​បស្ចិមប្រទេស​” គឺ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង។

របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ និង​បណ្ដាញ​សង្គម​បាន​បង្ហាញ​ថា ស្ត្រី​ត្រូវ​បាន​គេ​រំលោភបំពាន​ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​កាលពី​យប់​ថ្ងៃ​សៅរ៍​។ កាសែត​ក្រុង Bangalore មួយ​បាន​បញ្ចេញ​រូបថត​នៃ​ស្ត្រី​កំពុង​យំ​និង​អះអាង​ថា ពួកគេ​ត្រូវ​បាន​រំលោភបំពាន​ដោយ​ហ្វូងមនុស្ស​ប្រុស​។

ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​និយាយថា ពួកគេ​មិនបាន​ទទួល​ពាក្យបណ្តឹង​ឡើយ​ប៉ុន្តែ​កំពុង​ពិនិត្យ​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​រក​ភស្តុតាង​នៃ​ការ​រំលោភបំពាន​ផ្លូវភេទ។ ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចុះផ្សាយ​អំពី​រូបភាព​នៃ​ស្ត្រី​អស់សង្ឃឹម​កំពុង​ស្វែងរក​ប៉ូលិស​ឲ្យ​ជួយ​នោះ រដ្ឋមន្ត្រីក្រសួង​លំនៅដ្ឋាន​រដ្ឋ Karnataka គឺ​លោក G Parameshwara បាន​ស្តីបន្ទោស​ក្មេង​ជំទង់​សម្រាប់​ការ​ចម្លង​តាមបែប​បស្ចិមប្រទេស​ដោ​យ​មិន​ត្រឹមតែ​នៅក្នុង​ផ្នត់គំនិត​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សូម្បីតែ​នៅក្នុង​ការ​ស្លៀកពាក់​របស់​ពួកគេ​ផងដែរ​។ លោក​បន្តថា “​រឿង​បែបនេះ​ពិតជា​កើតឡើង។

ការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​រូបនេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ស្ត្រី​លោកស្រី Lalitha Kumaramangalam បាន​ឲ្យ​ដឹងថា គាត់​គួរតែ​សុំទោស​ដល់​ស្ត្រី​នៃ​ប្រទេស​នេះហើយ​លាលែង​ពី​តំណែង​ទៅ​។ ទន្ទឹម​នោះ រដ្ឋមន្ត្រី​កិច្ចការ​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល​សហព័ន្ធ​លោក Kiren Rijiju បាន​រៀបរាប់​ការ​កត់សម្គាល់​របស់​លោក​រដ្ឋមន្ត្រី​ថា​ជា “​ការ​មិន​មាន​ទំនូល​ខុសត្រូវ​” ។ លោក​បន្តថា “​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រព្រឹត្ត​ទង្វើ​គួរ​ឲ្យ​ខ្មាស​បែបនេះ​រួចខ្លួន​ឡើយ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​កើតឡើង​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ភាគ​កណ្តាល​។ មនុស្ស​ពី​១០,០០០​ទៅ​១២,០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់ Mahatma Gandhi Road និង Brigade Road ដើម្បី​អបអរ​ឆ្នាំ​ថ្មី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684