ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​ហ្សា​ការ​តា ​នឹង​ពិនិត្យ​សុវត្ថិភាព​ទូក​ ក្រោយ​អគ្គិភ័យ​សម្លាប់​មនុស្ស​

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​បទដ្ឋាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​តាម​សមុទ្រ ​បន្ទាប់ពី​គ្រោះថ្នាក់​សាឡាង​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ កាលពី​ថ្ងៃអាទិត្យ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៣​នាក់​។​

មនុស្ស​យ៉ាងហោចណាស់​១៧​នាក់ ​នៅតែ​កំពុង​បាត់​ខ្លួន​។ ការបញ្ជាក់​ជាបឋម​បាន​លើកឡើងថា ទូក​នេះ​បាន​រចនា​ឡើង​ដោយ​មិន​ត្រឹមត្រូវ​បើទោះបីជា​វា​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​សុវត្ថិភាព​ក៏ដោយ​។​

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ លោក Budi Karya Sumadi បាន​និយាយថា ក្រសួង​របស់លោក ​នឹង​ពិនិត្យ​មើល​នូវ​យន្តការ​ពិនិត្យ​សុវត្ថិភាព​ទាំងអស់​នៅលើ​នាវា ​ជាពិសេស​អ្នក​ទាំងឡាយណា​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ឆកសមុទ្រ​ហ្សា​ការ​តា​។

លោក​បាន​ថ្លែង​ទៀត​ថា ក្រសួង​ នឹង​លុបចោល​អាជ្ញាប័ណ្ណ​នៃ​នាវា​ណា​ដែល​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​សុវត្ថិភាព​។​

លោកស្នងការ Hero Hendrianto Bachtiar ដែលជា​ប្រធាន​ប៉ូលិស​ដែនទឹក​ក្រុង​ហ្សា​ការ​តា​បាន​ឲ្យ​ដឹង​ថា លោក Mohamad Nail ដែលជា​កា​ពី​តែ​ន​សាឡាង​ គឺ​ត្រូវបាន​ឃុំខ្លួន​ និង​ចោទប្រកាន់ ​ពីបទ​ធ្វេស​ប្រហែស​។​

សាឡាង Zahro Express គឺ​កំពុង​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ចំនួន​១៨៤​នាក់​ នៅពេលដែល​វា​ឆេះ​ខណៈ​ធ្វើដំណើរ​ចេញពី​កំពង់ផែ Muara Angke នៃ​ភាគ​ខាងជើង​ទីក្រុង​ហ្សា​ការ​តា ឆ្ពោះ​ទៅ​កាន់​កោះ Tidung ដែល​មាន​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ឆ្លង​ឆ្នាំ​ថ្មី​។​

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​ក្រសួង​ លោក Tonny Budiono បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃ​ចន្ទ​ថា មេ​កំពង់ផែ Muara Angke គឺ​ត្រូវបាន​បណ្តេញចេញ​ដោយ​សារ​ការធ្វេសប្រហែស​ក្នុងការ​ត្រួតពិនិត្យ​សុវត្ថិភាព​នៅលើ​ទូក​។​

អាជ្ញាធរ​កំពុងតែធ្វើកា​រ​ស៊ើបអង្កេត​ពី​របៀប​ដែល​ទូក​នេះ​បាន​ឆេះ​មុនពេល​ផ្ទុះ ​បន្ទាប់ពី​ធ្វើដំណើរ​ប្រហែល​១.៦​គីឡូម៉ែត្រ​ចេញពី​កំពង់ផែ​។ ពួកគេ​ក៏​កំពុង​ស៊ើបអង្កេត​ផង​ដែរ​លើ​ការចោទប្រកាន់​ដែល​ថា ទូក​នោះ​ គឺ​មិន​អើពើ​ទៅនឹង​នីតិវិធី​សុវត្ថិភាព​ហើយ​ផ្ទុក​អ្នកដំណើរ​ច្រើនពេក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114