ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​ពង្រីក​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​៣​ខែ​ទៀត​

សភា​របស់​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​ញត្តិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​មួយ​ដើម្បី​ពង្រីក​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​បី​ខែ​ទៀត​ដែល​បាន​ដាក់​បន្ទាប់ពី​រដ្ឋប្រហារ​បរាជ័យ​ប្រឆាំង​លោក​ប្រធានាធិបតី Recep Tayyip Erdogan កាលពី​ថ្ងៃទី​១៥​ ខែកក្កដា។

រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវ​បាត់បង់​ការងារ​របស់​ពួកគេ​ឬ​ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​មាន​តំណ​ភ្ជាប់​ទៅនឹង​ការ​រើបម្រះ​នោះ​គឺ​ត្រូវបាន​អូសបន្លាយ​ពេល​យូរ​ម្តង​រួចទៅហើយ​កាលពី​លើក​មុន​ហើយ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​១៩​ខែមករា​ខាងមុខនេះ​។ រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​បាន​អះអាង​ថា រដ្ឋ​ក្នុង​គ្រាអាសន្ន​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​លុបបំបាត់​ឥទ្ធិពល​នៅក្នុង​ស្ថាប័ន​ទួរគី​របស់​បុព្វ​ជិត​ឥស្លាម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​លោក Fethullah Gulen ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​។ ទោះ​យ៉ាងណា​ក៏ដោយ លោក Gulen បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការចោទប្រកាន់​នេះ​។

យ៉ាង​ណាក្តី រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​ឥឡូវនេះ​ត្រូវ​បាន​កំណត់ពេល​យ៉ាងហោចណាស់​ប្រាំបួន​ខែ​គឺ​បាន​ជួប​បញ្ហា​ជាមួយ​សហភាព​អឺរ៉ុប​ដែល​ភ័យខ្លាច​ថា វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​បង្ក្រាប​ប្រឆាំងនឹង​អ្នក​រិះគន់​លោក Erdogan ដោយ​មិនមែន​ត្រឹមតែ​អ្នក​សង្ស័យ​ផ្សំគំនិត​រដ្ឋប្រហារ​ទេ​។ រដ្ឋ​ក្នុង​គ្រាអាសន្ន​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​ពិសេស​ក្នុង​ការ​បណ្តេញ​បុគ្គលិក​រដ្ឋ​និង​បិទ​សមាគម​នានា​ដោយ​រួម​ទាំង​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។

វា​ក៏​ពង្រីក​រយៈពេល​ដែល​ជនសង្ស័យ​អាច​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​មិន​ត្រូវបាន​ចោទ​ប្រកាន់​ផង​ដែរ​។ បើ​យោង​តាម​តួលេខ​ចុងក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​បង្ហាញថា មនុស្ស​ជាង​៤១,០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​សង្ស័យ​មាន​តំណ​ជាមួយ​លោក Gulen ។ ទន្ទឹមនឹង​នេះដែរ មនុស្ស​ជាង​១០៣,០០០​នាក់​ត្រូវបាន​គេ​ស៊ើបអង្កេត​៕