ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ដាំ​ត្រសក់​ផ្អែម មាន​អាទិភាព​ខ្ពស់​ក្នុងចំណោម ២​ខេត្ត

សៀមរាប ៖ អ្នក​ដាំ​ត្រសក់​ផ្អែម​មាន​រយៈពេល ៥​ឆ្នាំ មក​ហើយ បាន​ចងក្រង​ជា​សមាគម​ត្រសក់​ផ្អែម សៀមរាប​មានជ័យ ដោយទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទទួលទាន​ច្រើន​ ខណៈដែល​ការ​ដាំដុះ​កំពុង​មាន​អាទិភាព ខ្ពស់​ក្នុងចំណោម ២​ខេត្ត គឺ​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

តាម​ការ​លើកឡើង​រប​ស់លោក វ៉ាន់ អៀន ប្រធាន​សមាគម​ត្រសក់​ផ្អែម​សៀមរាប​មានជ័យ​បាន អោយដឹងថា សមាគម​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដែល​មាន​សមាជិក ១៣៧​គ្រួសារ ជា​អ្នក​ដាំ ត្រសក់ផ្អែម​ក្នុង ៣​ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​ឧ​ត្ត​រ​មានជ័យ។

លោក​បន្ត​ថា ពូជ​ផ្លែ ត្រសក់​នេះ​បាន​មក​ពី​ប្រទេស​ថៃ ម៉ាឡេស៊ី និង​តៃវ៉ាន់។ ត្រសក់​ផ្អែម​មាន​ពណ៌​លឿង ពណ៌​ស និង​ត្រសក់​ផ្អែម​សំណាញ់ ដោយ​ការ​ដាំ​ត្រសក់​ផ្អែម​នេះ ទទួល​បានជា​មធ្យម​ចំនួន ៨​តោន ក្នុង​មួយ​ហិកតា។ ចំពោះ​ការ​ដាំ​ពូជ​ត្រសក់​ពណ៌​លឿង ប្រើ​រយៈ​ពេល ២​ខែ និង​ត្រសក់​ផ្អែម​ពណ៌​ផ្សេងទៀត ប្រើ​រយៈ​ពេល​ជាង ២​ខែ លើស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។ បងស្រី សុវណ្ណារ៉ា ជា​អ្នកលក់ និង​ជា​សមាជិក ក្នុង សមាគម​បាន​មានប្រសាសន៍ថា ទីតាំង​លក់​ផ្លែ​ត្រសក់ផ្អែម​ក្នុង​រាជធានី មាននៅ​បឹងត្របែក ចាក់អង្រែ ព្រែកលៀប និង​នៅ​ព្រែក​ក្តាម ។ មានតែ​ត្រសក់ផ្អែម​ពណ៌​លឿង លក់ដាច់​មាន​អ្នក​ទទួលទាន​ច្រើន ក្នុង តម្លៃ ៤៥០០​រៀល ក្នុង​មួយ​គីឡូក្រាម បើ​តម្លៃ​ឈ្មួញ​វិញ​លក់​បន្ត​អាច​ពី ៦០០០​រៀល ទៅ ៨០០០​រៀល។

លោក វ៉ាន់ អៀន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង៣​ខេត្ត​ដែល​ដាំ​ត្រសក់​ផ្អែម គឺ​មាន​តែ ២​ខេត្ត ដែល​មាន​អាទិភាព​ខ្ពស់​ហើយ​ក្នុង​នោះ​មាន​លោក សាំ សុ​ត ជា​កសិករ​គំរូ មាន​ស្នាដៃ​លេចធ្លោ​ជាងគេ។

លោក សាំ សុ​ត កសិករ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ក៏បាន​ឲ្យ​ដឹង​ទៀត​ថា បទពិសោធន៍​ដាំ​ត្រសក់​ផ្អែម ៤​ឆ្នាំ​មក​ហើយ ក្នុង១​ឆ្នាំៗ អាច​ដាំ​បាន ៣ ទៅ ៤​ដង នៅ​តាម​វាលស្រែ​ក្នុង​រដូវ​ប្រាំ និង​រដូវវស្សា ដាំ​តាម​ទី​ទួល។ នៅ​ក្នុង​ផ្ទៃដី ៣០​អា លោក សាំ សុ​ត ទទួល​ផល​ក្នុង​រដូវវស្សា​ចាប់ពី ៧ ទៅ ៨​តោន និង​ក្នុង រដូវប្រាំង​អាច​ដាំ​បាន​ផល​ពី ៨​តោន ទៅ ១០​តោន។

លោក​ថា មាន​មោទនភាព​ណាស់ ក្នុង​របរ​ដាំ​ត្រសក់​ផ្អែម​នេះ ហើយធ្វើអោយជីវភាព​ក្នុង​គ្រួសារ​ធូរធារ​ច្រើន។ លោក វ៉ាន់ អៀន បន្ថែម​ទៀត​ថា នៅ​ក្នុង​សមាគម ផលិតផល​ត្រសក់​ផ្អែម ក្នុង​១​ឆ្នាំៗ អាច​បញ្ចេញ​ទៅ​ក្នុង​ទីផ្សារ បាន​ពី៦០​តោន ទៅ ៨០​តោន។

រំលឹក​ពី​អតីតកាល​ប្រវត្តិ​ត្រសក់​ផ្អែម​នេះ ក៏​មាននៅ​កម្ពុជា​ដែរ ជំនាន់​តាត្រសក់​ផ្អែម នៅ​ក្នុង​រជ្ជកាល​មួយ ដែល​តា​ត្រសក់​ផ្អែម​ជា​អ្នក​ថែទាំ​ចំការ​ត្រសក់​ផ្អែម ឲ្យ​ព្រះរាជា​រហូតដល់​ពេល​ស្តេច​សុគត​ទៅ​បាន​លើក ឲ្យ​តា​ត្រសក់ផ្អែម​ឡើង​គ្រង​រាជ​ជា​ស្តេច មាន​ប្រវត្តិ​ទាក់ទិន​ទៅដល់​ចំការ​ត្រសក់ផ្អែម​ពី​ពេល​នោះ​មក​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684