ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​ប៉ុស្តិ៍​ច្រនៀង ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​៣​នាក់ ពុំ​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​ទេ​

កំពង់ចាម ៖ រហូតមកទល់​ពេលនេះ រយៈពេល​ជិត​១​ខែ​ហើយ សំណុំរឿង​លោក ម៉ុ​ត សំអាត មេ​ប៉ុស្តិ៍​ច្រនៀង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​បើក​រថយន្ត​ក្នុង​អាការៈ​ស្រវឹង​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ជា​បន្តបន្ទាប់ ហាក់​នៅ​ស្ងប់ស្ងាត់ ពោល​គឺ​ជន​បង្ក​នៅ​តែមាន​សេរីភាព ពុំ​ទាន់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ទេ។

លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន ដល់​ឈ្មោះ ម៉ុ​ត សំអាត ជា​មេ​ប៉ុស្តិ៍​ច្រនៀង។ ក្នុង​ដីកា​នេះ លោក ហួត វុទ្ធី បញ្ជាក់​ថា អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រើប្រាស់​កងកម្លាំង​សាធារណៈ​ដើម្បី​បង្ខំ​បុគ្គល​នោះ​ឲ្យ​ចូលខ្លួន​បាន។

ពាក់ព័ន្ធ​ករណី​នេះ លោក ហួត វុទ្ធី បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៤ ខែមករា ថា សំណុំ​រឿងនេះ អយ្យការ​បាន​បើក​ការស៊ើបអង្កេត​ហើយ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បញ្ជាក់​ថា លោក ម៉ុ​ត សំអាត បាន​ជិះ​រថយន្ត​មាន​គ្នា​៤​នាក់​ទាំង​តៃកុង បាន​ចេញពី​ហាង​ខារ៉ាអូខេ យីហោ រស្មី​បូព៌ា ស្ថិតនៅ​ស្គន់ លុះ​មកដល់​ចំណុច​កើតហេតុ បាន​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​ជា​បន្តបន្ទាប់។ ក្រោយពី​កើតហេតុ មាន​បក្ខពួក ឈ្មោះ វុ​ធ បាន​ជិះ​ឡាន​ធុន​ត្រា ពណ៌​ទឹកប្រាក់ ស្លាក​លេខ 2Y-9594 មក​រំដោះ​យក​ជនសង្ស័យ​យក​ទៅ​បាត់។

ក្រុម​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កំពង់ចាម 1H-8863 ជិះ​គ្នា​៣​នាក់ គ្មាន​មួក​សុវត្ថិភាព ។ អ្នក​បើក​ម៉ូតូ ឈ្មោះ ថុល វាសនា ភេទ ប្រុស ១៨​ឆ្នាំ ស្លាប់ អ្នក​រួម​ដំណើរ អាយុ ១៨​ឆ្នាំ ស្លាប់ ទី​៣ ឈ្មោះ ថៃ ធា អាយុ ១៩​ឆ្នាំ របួសធ្ងន់​តែ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ រស់នៅ​ភូមិ​ឃុំ​កើតហេតុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684