ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ​២០១៦ និង ទិសដៅ​អនុវត្ត​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប​

សៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ រសៀល​ថ្ងៃទី​០៤​ ខែមករា ​ឆ្នាំ​២០១៦ មាន​ធ្វើការ​ប្រជុំ​បូកសរុប​ ស​កម្ម​ភាព​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​ និងគាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ឯ​.​ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា​ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់ ក្រុង ស្រុក ចំនួន ១២០​នាក់​ដែល​បាន​ចូលរួម។

មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់ បាន​ធ្វើ​ការងារ​ណែនាំ​ដល់​បណ្តា​ឯកឧត្តម លោកជំទាវ ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ជាតិ ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​​ ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​លទ្ធផល​សកម្មភាព​ការងារ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៦ ​ព្រមទាំង​បញ្ហា​ប្រឈម​ដើម្បី​រកនូវ​នីតិ វិធី​ដោះស្រាយ​ឲ្យ​បាន​​នូវ​រាល់​បញ្ហា​ទាំងនោះ ​ឲ្យ​មាន​ប្រសិទ្ធភាព។

ក្នុង​នោះដែរ​លោក​ ឃឹម​ ប៊ុន​សុង ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ក៏បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល ​ដែល​បាន​អនុវត្ត​ការងារ​របស់​ក្រុមការងារ និង បញ្ហា​ប្រឈម ព្រមទាំង​លើក​នូវ សំណូមពរ​មួយ​ចំនួន ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ក្នុង​ការ​ដាក់​ប្រតិទិន​ការងារ​របស់​ខ្លួន​ ចុះ​មូលដ្ឋាន​និង​បាន​លើក​នូវ​ទិសដៅ ដែល​ត្រូវ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ។

បន្ត​មក​ឯកឧត្ដម​លោកជំទាវ​លោក​លោកស្រី​ដែល​ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​បាន​រាយការណ៍​អំពី​លទ្ធផល សកម្មភាព​ការងារ​របស់​ក្រុម​ដែល​អនុវត្ត​បាន​ក្នុង​ឆ្នាំ​២០១៦​ដោយ​បាន​លើក​នូវ​បញ្ហា មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង ព្រមទាំង​សំណូមពរ​មួយ​ចំនួន ដោយ​ផ្តោត​លើ​បញ្ហា វិវាទ​ដីធ្លី ទីតាំង​ចាក់​សំរាម , អគ្គិសនី , ធារាសាស្ត្រ , សេវា​សាធារណៈ ,​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​មានការ​យឺតយ៉ាវ , ការ​សុំ​សាងសង់​ផ្លូវ ឡើង​ខ្នងភ្នំ​គូលែន និង ចុះទៅ​ស្រុក​ស្វាយ​លើ , បញ្ហា​ផាស៊ី​ផ្សារ , និង ពី​តម្លៃ​ប្រើប្រាស់​អគ្គិសនី ព្រៃឈើ​សហគមន៍ និង អាជ្ញាធរ​អប្សរា​ជាដើម។

បន្ទាប់ពី​ធ្វើ​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ទៅលើ​ការងារ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង ឆ្លងតាម​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ខេត្ត និង ប្រធាន អនុប្រធាន ក្រុមការងារ​ថ្នាក់​ជាតិ​រួចមក ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​កោត​សរសើរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង របស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី​ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត ការងារ​កន្លងមក ហើយ​បាន​ទទួល​លទ្ធផល​ជាទី​មោទនៈ​បំផុត។

ម្យ៉ាងទៀត​ចំពោះ​រាល់​បញ្ហា និង សំណូម​ពរ ដែល​នៅ​សេសសល់ ក៏​យើង​ត្រូវ​បន្ត​ធ្វើ​ការ​ដោះស្រាយ​ទៅតាម​ទិសដៅ​ដែល​បាន​លើកឡើង​សម្រាប់​អនុវត្ត​បន្ត​នា​ឆ្នាំ​២០១៦​។ ក្នុង​នោះ​ដែរ​ឯ​.​ឧ​ទៀ​បាញ់​ក៏បាន​ធ្វើការ​បូកសរុប​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៦​នេះ ទៅលើ​ទម្រង់​របាយការណ៍​ដែល​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ទៅលើ​កញ្ចប់​នៃ​ផ្នែក​នីមួយៗ ដែល​ក្រុម​លេខាធិការដ្ឋាន​បាន​រៀបចំ ​និង​ការ​ប្រមូលផ្ដុំ​បញ្ហា​ដែល​មាន​ការ​ពាក់ព័ន្ធ​និង ស្នើសុំ​ជា​គោលការណ៍​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ដើម្បី​ធ្វើការ​ដោះ​ស្រាយ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ អំពី​បញ្ហា​គុណភាព​សេវា សាធារ​ណៈ និង រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​និង​មិនទាន់​បាន​ធ្វើការ​ដោះស្រាយ​នោះ ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បន្ត​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ​២០១៧​។ ក្នុង​កិច្ចប្រជុំ​នោះ​ក៏បាន​ផ្តោត​យ៉ាង​សំខាន់​ចំពោះ ការ​ជំរុញ​ដល់​ប្រជាពលរដ្ឋ ទៅ​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ និង ធ្វើការ​ចូលរួម​ផ្សព្វផ្សាយ នូវ​យុទ្ធនាការ​រយៈពេល​៦​ខែ របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿង ញៀន និង បទ​ល្មើស​នេសាទ រួម​ទាំង​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​នូវ​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង រួមគ្នា​បន្ត​នូវ​ប្រពៃណី​ចែករំលែក​ផង​ដែរ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្ត​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន ការបម្រើ​នូវ​រាល់​សំណូមពរ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​នៅ​តាម​មូលដ្ឋាន ដែល​ជា​កម្លាំង​ចលករ​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​កាន់​តែ​មាន​ល្បឿន​ទៅមុខ ហើយ​ជា​កាយវិការ​ដ៏​ប្រពៃ សំដៅ​ធ្វើ​ឲ្យ​ថ្នាល​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​ចាក់​ឬ​ស​យ៉ាង​ជ្រៅ​នៅ​តាម​សហគមន៍​មូលដ្ឋាន របស់​យើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684