ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ ស្នើ​ឲ្យ​លោក​មេភូមិ ចៅសង្កាត់​ និង​ពលរដ្ឋ​ សហការ​គ្នា​មើល​ការស្ថាបនា​ផ្លូវ កុំ​ឲ្យ​ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង ​ស៊ី​ក្រាស់

​ភ្នំពេញ​ ៖ លោក ​ស៊ុយ​ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​លោក​មេភូមិ ចៅសង្កាត់​ និង​ប្រជាពលរដ្ឋ​ សហការគ្នា​តាមដាន ​និង​ពិនិត្យមើល​ពី​បច្ចេកទេស ​នៃ​ការស្ថាបនា​ផ្លូវ​នានា ​នៅក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើយ៉ាងណាឲ្យ​ការស្ថាបនា​ផ្លូវ​ទាំងអស់នោះ មានគុណ​ភាពស្រប​ទៅតាម​ស្តង់ដារ​បច្ចេកទេស ជៀសវាង​ដូច​ពាក្យ​គេ​និយាយ​ថា ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង​ស៊ី​ក្រាស់ នាំឲ្យ​ផ្លូវ​មិន​មាន​គុណភាព​ប្រើប្រាស់​មិនបាន​យូរអង្វែង មិន​ដូច​អ្វីដែល​យើង​ចង់បាន​។​

លោក ​ស៊ុយ ​សេ​រិ​ទ្ធ​ បានស្នើ​បែបនេះ ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមករា ​ឆ្នាំ​២០១៧ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​ជួសជុល និង​ចាក់​អ៊ុត​កៅស៊ូ​AC ផ្លូវ​ចំនួន​៦​ខ្សែ ​នៅ​ខណ្ឌ​ចំការមន ដែលមាន​ប្រវែង​សរុប​៦៩៣៩​ម៉ែត្រ ទទឹង​ចាប់ពី​៧​ម៉ែត្រ ដល់​៩​ម៉ែត្រ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ចំការមន។​

លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បន្ត​ថា នៅក្នុង​យុទ្ធនាការ​ នៃ​ការ​ជួសជុល​ដោយ​ចាក់​អ៊ុត​កៅស៊ូ AC Ovelay ផ្លូវ​ទាំង​៥៧​ខ្សែ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការធ្វើដំណើរ និង​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ស្របទៅតាម​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​យាន​យន្ត នាពេល​បច្ចុប្បន្ននេះ និង​ដើម្បី​ចូលរួមចំណែក​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​សង្ឃឹម​ជឿជាក់ថា ​ក្រោយពេល​ស្ថាបនា​រួច នឹង​អាច​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ ធានា​បាន​សុវត្ថិភាព​ចរាចរណ៍ និង​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ប្រកបដោយ​សុវត្ថិភាព​។​

លោក ​សាំ​ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ។​ ចំពោះ​ការ​កែលម្អ​ផ្លូវ​ចំនួន​៦​ខ្សែ​ខាងលើនេះ រួមមាន ផ្លូវ​លេខ​១៩២ ផ្លូវ​លេខ​៣៦៦ ផ្លូវ​លេខ​៣១០ ផ្លូវ​លេខ​៣៣៦ ផ្លូវ​១០២៥ និង​ផ្លូវ​លេខ​១៩៣​។​

លោក​ សាំ ពិសិដ្ឋ បាន​មានប្រសាសន៍​បន្តថា ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​មូល​ដ្ឋាន​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ចំការមន គឺជា​ផ្លូវ​កៅស៊ូ​ប្រភេទ DBST ដែល​បាន​ស្ថាបនា​ជា​យូរ​ឆ្នាំ​មក​ហើយ និង​ជាទី​តាំង​ដែល​ទទួលរង​នូវ​ការលិចលង់​យ៉ាងខ្លាំង​នៅក្នុង​រដូវវស្សា ហើយ​ជាទូទៅ​ផ្លូវ​ប្រភេទ​នេះ​មាន​អាយុ​ត្រឹមតែ​៥​ទៅ​៧​ឆ្នាំ​ប៉ុណ្ណោះ​។

ឆ្លងតាម​ការប្រើប្រាស់រ​យៈពេល​ជាច្រើន​ឆ្នាំ ស្រប​ពេល​ដែល​មានការ​អភិវឌ្ឍ​សំណង់​អគារ​ធំៗ និង​សំណង់​លំនៅដ្ឋាន តម្រូវការ​ទៅតាម​កំណើន​ប្រជាជន និង​ការ​រីក​ទំហំ​ទីក្រុង​នោះ ផ្លូវ​មួយ​ចំនួន​នេះ មាន​ភាព​សឹករេចរឹល ផត​ស្រុត ប្រេះ​បែក​ខូច​គ្រឹះ មាន​ជង្ហុក និង​ដក់​ទឹក​ដោយ​កន្លែង ដែល​ទាមទារ​ឲ្យ​ធ្វើការ​ជួសជុល​ និង​ថែ​ទាំង​ខួប​។

លោក​បាន​បន្ថែមថា ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផ្សេងទៀត ​ក៏​ទាមទារ​ការ​ជួសជុល​ថែទាំ​អ៊ុត​កៅស៊ូ AC Overlay បន្ថែម​។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​៣​ខែ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផង​ដែរ៕​