ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ នឹង​អញ្ជើញ​សម្ពោធ​ទីស្នាក់ការ ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា​ក្នុង​ពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ​អន្តរជាតិ​រវាង​កម្ពុជា និង​ឡាវ ដើម្បី​បញ្ជាក់​ពី​ការ​រីកចម្រើន ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ពង្រឹង​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ និង​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹង​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ថង​លូន ស៊ី​ស៊ូ​លី​ត (Thong Loun SISOULITH) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា (​ច្រកណង​ណុ​ក​ខៀន​-​ខេត្ត​ស្ទឹងត្រែង​) និង​ឡាវ (​ច្រក​ណង​ណុ​ក​ខៀន​-​ខេត្ត​ចម្ប៉ា​សាក់​) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ខាងមុខ ហើយ​នៅ​ក្នុង​ពិធី​នោះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ នឹង​ថ្លែង​សន្ទរកថា ក្នុង​ពិធី​សម្ពោធ បន្ទាប់មក​នឹង​អញ្ជើញ​កាត់​ខ្សែបូ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​នេះ​។ បន្ទាប់ពី​ពិធី​សម្ពោធ​សម្ដេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទស្សនា​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​។

នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​ប្រជាមានិត​ឡាវ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់​ថា ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា ជា​ច្រើនរូប​ទៀត នឹង​អម​ដំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដ៏​សំខាន់​នេះ​ដូច​ជាៈ ១.​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​។ ២.​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​។ ៣.​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ៤.​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​សមាជិក​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត​។​

ការ​បើក​ឲ្យ​ប្រើប្រាស់​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ថ្មី​នេះ បង្ហាញ​ពី​ការ​រីកចម្រើន​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ការ​បើក​ឲ្យ​ប្រើប្រាស់​នេះ ក៏​នឹង​ឆ្លើយតប​ផង​ដែរ​ចំពោះ​តម្រូវ​ការពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ជួយ​សម្រួល​បន្ថែម​ទៀត​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន ទេសចរណ៍ និង​ការ​ត​ភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684