ព័ត៍មានទាន់​ហេតុការណ៏
Search

ជនពិការ​កម្ពុជា​ចំនួន​ ១១៩​នាក់​ បាន​ទទួល​ជើង​សប្ប​និម្មិត ​ពី​យុទ្ធនា​ការជួយ​សង្គម​​របស់​ស្រា​បៀរ ​លី​អូ​

ភ្នំពេញ ៖ រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ទី​៥​ ខែមករា ​ឆ្នាំ​២០១៧​ មូលនិធិ​ជើង​សិប្បនិម្មិត​ របស់​ម្ចាស់​ក្ស​ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ផ្តល់​ជើង​សិប្បនិម្មិត​ដល់​ជន​ពិការ​កម្ពុជា​ ចំនួន​ ១១៩​នាក់ ​តាមរយៈ​យុទ្ធនា​ការជួយ​សង្គម​ របស់​ស្រា​បៀរ​លី​អូ “​ចែករំលែក​ក្តី​ស្រលាញ់​ ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” ដើម្បី​រួមចំណែក​ជួយ​ដល់​ជនពិការ​កម្ពុជា។

លោក ប៊ូ ផុន អាយុ​៥៦​ឆ្នាំ​ពិការ​ជើង​ស្តាំ ​ត្រឹម​ជង្គង់ មកពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ទទួលបាន​ជើង​សិប្បនិម្មិត បាន​ថ្លែង​ដោយ​សេចក្តី​សប្បាយរីករាយ​ថា “ ខ្ញុំ​សូម​អរគុណ​ ដល់​ក្រុមហ៊ុនស្រា​បៀរ​ លី​អូ ដែល​បាន​បង្កើត​កម្មវិធី​ យុទ្ធនា​ការ​ជួយ​សង្គម ជួយ​ដល់​ជនពិការ​កម្ពុជា​ រួម​ទាំង​រូប​ខ្ញុំ​ផ្ទាល់ ដើម្បី​ទទួល​បាន​ជើង​សប្ប​និម្មិត​នា​ពេល​នេះ​”​។

លោក ប៊ូ ផុន បាន​ពិការ​ជើង​ស្តាំ​ត្រឹម​ជង្គង់​ រយៈពេល​៧​ឆ្នាំ​មក​ហើយ​ ខណៈពេលដែល​រូបគាត់​ចុះ​បំពេញការងារ​ នៅ​ក្នុង​សមរភូមិ ផ្ទុះ​គ្រាប់​នៅក្នុង​ចំការមីន ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង។

​លោក ប៊ូ ផុន ជា​ជនពិការ​ម្នាក់​ ក្នុងចំណោម​ជន​ពិការ​ចំនួន​ ១១៩​នាក់ ដែល​បាន​ទទួល​ជើង​សិប្បនិម្មិត ពី​មូលនិធិ​ជើង​សប្ប​និម្មិត ​របស់​ម្ចាស់​ក្សត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ប្រាប់​បន្តថា នេះ​ជា​លើក​ទី​ពីរ ដែល​រូបលោក​ទទួល​បាន​ជើង​សប្ប​និម្មិត កាលពី​លើក​ទី​១ ​គឺ​ទទួល​បាន​នៅ​ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​គាត់​មាន​កូន​ចំនួន​ ៥​នាក់ ​និង ​ប្រកបមុខរបរ ធ្វើស្រែ​ចំការ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង។

គួរ​បញ្ជាក់​ថា យុទ្ធនា​ការ​ជួយ​សង្គម​របស់​ស្រា​បៀរ​លី​អូ “​ចែករំលែក​ក្តី​ស្រលាញ់​ ជាមួយ​ក្រវិល​កំប៉ុង​របស់​” ធ្វើឡើង​ដើម្បី​រួមចំណែក​ជួយ​ដល់​ជនពិការ​កម្ពុជា​ តាមរ​យៈ​ការប្រមូល​ក្រវិល​កំប៉ុង​ ដែល​សាធារណជន​ទាំងអស់​ បាន​បរិច្ចាគ​នៅ​ទូទាំង​ប្រទេស​។ ក្រវិល​កំប៉ុង​ទាំងនោះ​ត្រូវបាន​ប្រគល់ជូន​ មូលនិធិ​ជើង​សិប្បនិម្មិត​ដើម្បី​ផលិត​ជើង​សិប្បនិម្មិត​ ក្នុង​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៧៕