ព័ត៍មានទាន់​ហេតុការណ៏
Search

លោក នួន ផារត្ន័៖ ​”៧​ មករា មិនបាន​ចាត់​ទុក​អ្នកណា​ជាស​ត្រូវ​ ក្រៅ​តែពី​របប​ប្រល័យពូជសាសន៍ ​ប៉ុល ពត”

កំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃទី ០៥​ខែមករា ឆ្នាំ​២០១៧​ នៅ​សាលាស្រុក​ឧដុង្គ​ បាន​ប្រារព្ធ​រំលឹក​ខួប​លើក​ទី ៣៨ (​ថ្ងៃ​៧​មករា ១០៧៩ ថ្ងៃ​៧​មករា ២០១៧)​ ក្រោម​វត្តមាន​លោក​បណ្ឌិត អ៊ុក កោសា ទីប្រឹក្សា​សម្ដេច​អគ្គ​មហាពញា​ចក្រ​ក្រី ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ឧដុង្គ លោក នួន ផារ​ត្ន័ អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ស្ពឺ និង​ជា​តំណាង លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ រួម​ទាំង​មន្ត្រីរាជការ ក្រុមការងារ​បក្ស​ប្រជាជន​ប្រមាណ ៧០០​នាក់ ។

លោក នួន ផារ​ត្ន័ បាន​លើកឡើង​ថ្លែងនា​ឱកាស​នោះថា “៧​មករា ១៩៧៩ គឺជា​របស់​រួម គឺជា​បុណ្យជាតិ​ទាំង​មូល ហើយ​៧​មករា មិនបាន​ចាត់​ទុក​អ្នកណា ​ជាស​ត្រូវ​ក្រៅ​តែពី​របប​ប្រល័យពូជសាសន៍ ​ប៉ុល ពត នោះ​ឡើយ”។

លោក ផារ​ត្ន័ បាន​បន្ត​ថា ក្នុង​ខួប​លើក​ទី​៣៨ ទិវា​ជ័យជំនះ​៧​មករា ជា​ថ្ងៃ​រំដោះ​ជាតិ រំដោះ​ម្តាយ ឪពុក បងប្អូន យើង​ដែល​យើង​ជា​កូន ចៅ​ត្រូវ​ទទួលស្គាល់​គុណ​ទាំង​ទ្វេ ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ឡើយ ។

លោក​បណ្ឌិត អ៊ុក កោសា បាន​លើក​ឡើងថា ពី​អតីតកាល​ដ៏​ជូរចត់ តើ​កាលពីមុន​នៅ​ក្នុង​ពេលនេះ ប្រជាជន​ស្រុក​ឧដុង្គ ក៏​ដូច​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឬ​ក្នុង​ខេត្ត​ដទៃ​ទៀត​ក្តី មាន​ស្ថានភាព​បែប​ណា​កាល​ពី​រយៈ​ពេល​៣៥​ឆ្នាំមុន ។

ពិត​ណាស់ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ មាន​តំបន់​មួយ​ចំនួន​ប្រជាជន​បាន​រំដោះ ប៉ុន្តែ​ក៏​មាន​ប្រជាជន​មួយ​ចំនួនទៀត​កំពុង​ទទួលរង​នូវ​ការ​លំបាក និង​សង្គ្រាម ជាក់ស្ដែង​ខេត្ត​កំពង់ស្ពឺ​យើង ​គឺ​សម​ភូមិ​ចុងក្រោយ​ផង​ដែរ។ ដូច្នេះ ការ​រំលឹក​ឡើងវិញ​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា ស្រមោល​អតីតកាល​ដ៏​ជូរចត់​មួយ​នេះ​ បាន​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋ​របស់​យើង​ ឱ្យ​ព្រាត់ប្រាស​និរាស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មិន​មាន​ក្រុម​គ្រួសារ​ណាមួយ​ ដែល​មិនបាន​បាត់បង់​សមាជិក​គ្រួសារ​ខ្លួន​នោះ​ទេ។

ការ​និយាយ​អំពី​គុណបំណាច់​៧​មករា​នេះ គឺ​មិនមែន​មានន័យ​សំដៅ​ឱ្យ​យើង​ គោរព​គណបក្ស​ប្រជា​ជន​តែឯង​នោះ​ទេ ហើយ​ឱ្យ​យើង​គោរព​ និង​ដឹងគុណ​ចំពោះ​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អ្វី​ដែល​យើង​មានបំណង​និយាយ​ គឺ​៧​មករា ជា​របស់​រួម ជា​របស់​ជាតិ​ទាំងមូល មិនបាន​ចាត់​ទុក​អ្នក​ណា​ជាស​ត្រូវ ​ក្រៅ​តែពី​របប​ប្រល័យពូជសាសន៍​ ប៉ុលពត​នោះ​ឡើយ​។

សូម​រំលឹក​ថា ការ​ដួលរលំ​យ៉ាង​ឆាប់រហ័ស​ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត មិនមែន​គ្រាន់តែ​ការ​ចាប់ផ្ដើម ​ដោយ​ការ​វាយលុក​របស់​កង​ទ័ព​រណសិរ្ស​សាមគ្គី​​សង្គ្រោះ​ជាតិ​កម្ពុជា ឬក៏​ការ​ជួយ​ឧបត្ថម្ភ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នោះ​ទេ ។ អ្វី​ដែល​ធំ​ជាង​នេះ​ទៅទៀត គឺ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា​តែម្តង ទើប​មាន​ថ្ងៃ​៧ មករា ​ដែល​គណបក្ស​ប្រជាជន​តស៊ូ ការពារ ថែរក្សា ទុក​សម្រាប់​ការ​រំលឹក​គុណ​ដល់ វរ​អតីត​យុទ្ធជន​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ជូន​ជាតិ​មាតុភូមិ​នៃ​យើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684