ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ឌិ​ត ទីណា បដិសេធ​រឿង​នាំ​ខ្សាច់​ទៅ​ឥណ្ឌា និងតួលេខ​​ទឹកប្រាក់​ ៧០០​លាន​ដុល្លារ លក់ខ្សាច់ទៅសិង្ហបុរី​

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា ក្រសួង​ពុំ​មានរបាយការណ៍ ឬ​ទិន្នន័យ​ច្បាស់លាស់​ជា​ផ្លូវការ​ណាមួយ ក្នុង​ការ​បង្ហាញ​អំពី​តួលេខ ក្នុង​ការ​នាំ​ខ្សាច់​ចេញទៅ​កាន់​ប្រទេសឥណ្ឌា ដូច​ការចោទប្រកាន់​ ពី​​អ្នកលេងបណ្ដាញ​សង្គម Facebook នោះ​ទេ។

លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧​នេះ​ថា ​អ្នកលេងបណ្ដាញ​សង្គម Facebook បាន​លើកឡើង​ថា ក្រសួង​រ៉ែ​និង​ថាមពល​បាន​លាក់លៀម​ អំពី​របាយការណ៍នាំ​ខ្សាច់​ចេញទៅកាន់​ប្រទេស​ឥណ្ឌា គឺជា​ការចោទប្រកាន់​សុទ្ធសាធ ព្រោះ​ក្រសួងពុំ​មាន​របាយការណ៍ ស្ដីអំពី​តួលេខ ឬ​សួយ​សារ​ណាមួយ​បញ្ជាក់​ថា កម្ពុជា​បាន​នាំ​ខ្សាច់​ចេញទៅ​កាន់​ប្រទេស​ឥណ្ឌា​នោះ​ទេ ឬ​ការ​នាំ​ខ្សាច់​ពី​ប្រទេស​ណាមួយ​ ទៅកាន់​ប្រទេស​ឥណ្ឌា។

លោក រដ្ឋលេខាធិការ បាន​ថ្លែង​ឲ្យ​ដឹង​ថា ទាក់ទិន​នឹង​ការ​នាំ​ខ្សាច់ គឺ​កម្ពុជា​នាំទៅ​កាន់​ប្រទេស​សិង្ហ​បុរី​តែប៉ុណ្ណោះ ក្នុង​នោះ​ប្រសិនបើ​ប្រទេស​សិង្ហ​បុរី ឬ​ប្រទេស​ណាមួយ​ផ្សេង នាំ​ខ្សាច់​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​បន្ត​ទៀត​នោះ គឺជា​ការ​ធ្វើពាណិជ្ជកម្ម​ រវាង​ប្រទេស​នីមួយៗ​តែប៉ុណ្ណោះ ដើម្បី​ស្វែងរក​ភាព​លាភ ពោល​គឺ​មិន​ខុស​ពី​ការ​ធ្វើ​ចរាចរ​ទំនិញ ពី​តំបន់​មួយ ទៅ​តំបន់​មួយ ឬ​ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ នៅ​ក្នុង​ពិភពលោក​នោះ​ឡើយ ។ កម្ពុជា​ក៏បាន​កំណត់​មិន​ឲ្យ ប្រទេស​សឹង្ហ​បុរី នាំខ្សាច់ចេញ​​ទៅកាន់​ប្រទេស​ណា​ផ្សេងទៀត​នោះ​ដែរ។

ពាក់ព័ន្ធ​ទឹកប្រាក់​ ៧០០​លាន​ដុល្លារ ដែល​​អ្នកលេងបណ្ដាញ​សង្គម FaceBook នៅតែ​លើក​ឡើងជា​បន្ត បន្ទាប់​នេះ លោក ឌិ​ត ទីណា បាន​លើក​ឡើង​ថា ក្រសួង​បាន​ធ្វើការ​ស្រាយ​បំភ្លឺ​ ដល់​បណ្ដាញ​សា​រព័ត៌មាន អង្គការ សង្គម​ស៊ីវិល និង​គណៈកម្មការ​ទី​១០ ​នៃ​រដ្ឋសភា​រួចរាល់​មកហើយ បើ​ជន​ណា​នៅតែ​បន្ត​និយាយ​ពី​បញ្ហា​នេះ គឺជា​ការ​ខុសសាច់រឿង​ទាំងស្រុង ព្រោះ​របៀប​នៃ​ការកត់ត្រា​របស់​ប្រទេស​នីមួយៗ ​គឺ​ធ្វើឡើង​ខុសៗ​គ្នា ពោល​គឺ​តម្លៃ​ខ្សាច់​នៅ​ស្រុក​ខ្មែរ មានតម្លៃ​ផ្សេង ពេល​ដឹកជញ្ជូន​និង​ការ​បង់ពន្ធ ឬ​ការលក់ដូរ​តៗ​គ្នា នៅ​សាំងហ្គាពួរ​គឺ​តម្លៃ​វា​ផ្សេងគ្នា ដោយ​មិនអាច​យក​តម្លៃ​នៅ​សាំង​ហ្គា​ពួរ មក​ដក​ជាមួយ​តម្លៃ​នៅ​ស្រុក​ខ្មែរ​នោះ​ទេ ហើយ​ការ​ចោទ​ប្រកាន់​ថា​រដ្ឋ​បាត់បង់​ថវិកា​ជាតិ​នោះ​ទេ​។

លោក​រដ្ឋលេខាធិការ បាន​ថ្លែង​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាន់​នូវ​ របប​ទីផ្សារ​សេរី គឺ​រដ្ឋ​មិនបាន​ធ្វើអាជីវកម្ម ឬ​លក់​ខ្សាច់​នោះ​ទេ បើ​រដ្ឋ​មិនបាន​ធ្វើ​អាជីវកម្ម​ខ្សាច់​ឬ​លក់​ខ្សាច់ បាន​ន័យ​ថា​រដ្ឋ​មិនបាន​វិនិយោគ​ខ្សាច់​ ក្នុង​ការ​ដឹកជញ្ជូន​ផ្សេងៗ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​តម្លៃ​ពាណិជ្ជកម្ម គឺ​រដ្ឋ​យក​អ្វី​ដែល​ជា​ផ្នែក​របស់​រដ្ឋ ក្នុង​នោះ​ក្រសួង​រ៉ែ និង ថាមពល មាន​សមត្ថកិច្ច​ត្រឹម ​ធ្វើការ​ប្រមូល​ចំណូល​ជាតិ​ជា​សួយ​សារ​រ៉ែ ស្របតាម​ប្រកាស​អន្តរក្រសួង ជាមួយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដោយ​ផ្អែកលើ​បរិមាណ​ខ្សាច់ ដែល​ខ្លួន​បាន​អនុញ្ញាតឲ្យ​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ប៉ុណ្ណោះ គឺ​មិនមែន​ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​នោះ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684