ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៦​ មាន​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​នៅ NEA ជាង​១,៣​ម៉ឺន​នាក់ ​អ្នក​ទទួល​បាន​ការងារ​ធ្វើ​ជាង​២​ពាន់​នាក់​

ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦​នេះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ទទួល​ចុះឈ្មោះ ​ស្វែងរក​ការងារ​ធ្វើ​បានចំនួនជាង​ ១​ម៉ឺន​៣​ពាន់​នាក់ ក្នុង​នោះ​អ្នក​ដែល​ទទួល​បាន​ការងារ​ធ្វើ​ មានជាង​២​ពាន់​នាក់។

បើ​តាម​លោក គន់ សម្បត្តិ អនុប្រធាន​ផ្នែក​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ NEA បាន ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៦ មាន​អ្នក​ដែល​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ មាន​ចំនួន ១៣,៤៨០​នាក់​ ស្រី​ចំនួន​ ៧,០២៣​នាក់​។

លោក គន់ សម្បត្តិ បាន​បន្តថា ក្នុងចំណោម​នោះ​ យើង​បាន​ធ្វើការ​ផ្គូផ្គង និង​បញ្ជូន​អ្នក​ដែល​ចុះ​ឈ្មោះ​រក​ការងារ​ធ្វើ ទៅដល់​និយោជក​ចំនួន ១១,២៨១​នាក់ ក្នុង​នោះ​ស្រី ៥,៦៨១​នាក់ គិត​ទាំង​អ្នកថ្មី និង​អ្នក​ចាស់ ហើយ​អ្នក​ដែល​ទទួល​បានការ​ងារ ​មាន​ចំនួន ២,៤៤៣​នាក់​ស្រី ១,៥៣៦​នាក់។

លោក គន់ សម្បត្តិ បាន​បន្ថែម​ថា ​ជា​មួយ​គ្នានេះ NEA ក៏បាន​ទំនាក់ទំនង​ទៅជា​មួយ​និយោជក ក៏​ដូច​ជា​ក្រុមហ៊ុន​នានា ដើម្បី​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​ពួកគេ ​ងាក​មក​ប្រើប្រាស់​សេវា​ជាមួយ NEA ដែល​មាន​ក្រុមហ៊ុន​ទំនាក់ទំនង​ចំនួន ១,៥៤៩​ ស្ថាប័ន។

លោក​បាន​បញ្ជាក់​ថា ក្រៅពី​ការងារ​ប្រចាំថ្ងៃ​នៅ​ក្នុង​មជ្ឈមណ្ឌល NEA នៅ​រាជធានី​ភ្នំពេញ ក្រុម​មន្ត្រី​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក៏បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍ ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ រៀងរាល់​១​ឆ្នាំ​ម្ដង និង​ចុះ​រៀបចំ​ផ្សព្វផ្សាយ​ឱកាស​ការងារ​នានា តាមរយៈ​ព្រឹត្តិការណ៍​មួយ​ចំនួន​ដូចជា ទី​១.​ពិព័រណ៍​ការងារ​ថ្នាក់​ខេត្ត ពិសេស​ខេត្ត​ដែល​បណ្ដុំ​ទៅ​ដោយ​សេដ្ឋកិច្ច​, ទី​២.​វេទិកា​ការងារ​តាម​មូលដ្ឋាន និង​ទី​៣.​វេទិកា​ការងារ​ប្រចាំខែ ដែល​ធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល NEA ផ្ទាល់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684