ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ ឃុំខ្លួន​ម៉ែយ៉ែម​លក់​ផ្លូវភេទ ​ចោទ​ពី​បទ​សញ្ចរ​កម្ម​

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧ បានសម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពីបទ​សញ្ចរកម្ម ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​លក់ដូរ​ផ្លូវភេទ​នារី​ក្មេងៗ​ច្រើន​នាក់ ក្រោម​រូបភាព​ បើកហាង​ម៉ាស្សា និង​លក់​កាហ្វេ។​

ជនសង្ស័យ​ ដែល​តុលាការ​ឃុំខ្លួន​នេះ​ ឈ្មោះ វី ស្រីអូន អាយុ​៣៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៦A ផ្លូវ​លេខ ៨០ កែង​នឹង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ជា​ម្ចាស់​ហាង​ម៉ាស្សា​យីហោ​កាហ្វេ​ស្រីមុំ។

ក្នុងការ​បង្ក្រាប​ហាង​កាហ្វេ​លក់ដូរ​ផ្លូវភេទ​នេះដែរ សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​នារី​ក្មេងៗ​ចំនួន​៤​នាក់​ ដែល​ម្ចាស់ផ្ទះ​អូសទាញ​ឲ្យ​មក​រកស៊ី​លក់​ផ្លូវ​ភេទ។

បច្ចុប្បន្ន​ នារី​រងគ្រោះ​ទាំងនោះ ​ត្រូវ​បាន​ប្រគល់ឲ្យ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ យកទៅ​អប់រំ ​និង​បង្រៀន​វិជ្ជាជីវៈ។ ចំណែក​ម្ចាស់​ហាង​ម៉ាស្សា​ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​ ដើម្បី​ធ្វើការ​សាកសួរ។ ក្នុងនោះ​ ក្រោយពី​បាន​សាកសួរ​រួច លោក ខាំ សុ​ផា​រី ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង ​បានសម្រេច​ចោទប្រកាន់ ​ពីបទ​សញ្ចរ​កម្ម ហើយ​សំណុំរឿង​នេះ​បាន​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​តាម​នីតិវិធី។​

ការ​ឃាត់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៦​រសៀល ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៧ ចំណុច​ផ្ទះ​លេខ​០៦A​ ដាក់​យីហោ​(​កាហ្វេ​ស្រីមុំ​)​ នៅ​ផ្លូវ​លេខ​៨០​ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ កម្លាំង​នគរបាល​ស្រះចក​ ​​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​លោក ចាន់ ក​ត្តិ​ខុម បាន​សហការ​ជាមួយ លី សុផាន់​ណា​ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង ​ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​៤​នាក់​ដែល​កំពុង​ប្រកប​របរ​រកស៊ី​ផ្លូវ​ភេទ និង​ដកហូត​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​ និង​មិនទាន់​ប្រើប្រាស់​ជា​ច្រើន​កញ្ចប់ ​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​ក្រសួង​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៧ មាន​ក្រុម​បុរស​ដែល​ស្វែងរក​សេវា​ផ្លូវ​ភេទ​ខាង​ក្រៅ​ផ្ទះ​បាន​ទទួល​ការ​ពឹង​ពាក់​ពី​នារី​លក់ដូរ​ផ្លូវភេទ​ឲ្យ​ជួយ​ប្ដឹង​សមត្ថកិច្ច​ ពី​ករណី​ដែល​ម្ចាស់​ហាង​បង្ខំ​ឲ្យ​ពួក​នាង​រួម​ភេទ​ជាមួយ​ភ្ញៀវ។

បន្ទាប់មក​ ពួក​បុរស​ទាំង​នោះ បាន​ទូរស័ព្ទ​មក​ប្ដឹង​ប៉ូលិស ហើយ​ប៉ូលិស​ក៏​សុំ​គោលការណ៍​ពី​ព្រះរាជ​អាជ្ញា​អម​តុលាការ​ចុះ​បង្ក្រាប​តែម្ដង៕