ព័ត៍មានទាន់​ហេតុការណ៏
Search

គ.ជ.ប ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ​/​សង្កាត់ ឆ្នាំ​២០១៧

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់​ថា គ ជ ប ដោយ​បាន​ការឧបត្ថម្ភ​ពី​អង្គការ JICA និង EU បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ លើ​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ ដោយមាន​ការ​អញ្ជើញ​ជា​អធិប​តីភាព​ពី​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត និង​ដោយមាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ជាតិ និងអន្តរជាតិ​ជាច្រើន​ទៀត។

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត​ថ្លែង​ថា បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ការពិគ្រោះ​យោបល់​ថ្ងៃនេះ មាន​១៥​ជំពូក​។ ការរៀបចំ​ឱ្យ​មាន​ការពិភាក្សា​ដោយ​ផ្ទាល់​ចំនួន ២​ថ្ងៃនេះ គឺ​បន្ថែម​លើ​អនុសាសន៍​ជា​សំណេរ ដែល​ភាគី​ពាក់ព័ន្ធ​បាន​ផ្តល់​មក​ឱ្យ គ​.​ជ​.​ប រួចមកហើយ​នោះ​។

ដូច្នេះ​សុំឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ បំផុស​គំនិត​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បទបញ្ជា និង​នីតិវិធី​នេះ មាន​លក្ខណៈ​ពេញ​លេញ​​តាម​ផ្លូវ​ច្បាប់ និង​អនុវត្ត​ទៅ​គ្មាន​ការ​ប្រទាំងប្រទើស នៅ​គ្រប់​ដំណាក់កាល​ទាំង​អស់​នៃ​ការបោះឆ្នោត​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​សហភាព​អឺរ៉ុប និង​អង្គការ JICA ជប៉ុន ដែល​ឧបត្ថម្ភ​ដល់​ការរៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​តែមួយគត់ គឺ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧​ខាងមុខ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំងអស់។

លោក ស៊ិ​ក ប៊ុន​ហុក ក៏បាន​លើក​ឡើង​ថា គ ជ ប ជា​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង​ការបោះឆ្នោត ទាំង​ការបោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដោយ​ផ្អែកលើ​ច្បាប់​ចំនួន ៣ គឺ​-​ផ្អែកលើ​រដ្ឋធម្មនុញ្ញ ផ្អែកលើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ផ្អែកលើ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​។ អនុលោម​តាមច្បាប់​បោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តែងតែ​រៀបចំ​នូវ​បទបញ្ជា និង​នីតិវិធី សម្រាប់​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​នីមួយៗ នៃ​ការបោះឆ្នោត ដែល​រួមមាន​៖ តំណាក់​កាល​រៀបចំ​បញ្ជី​បោះ​ឆ្នោត តំណាក់​កាល​ចុះឈ្មោះ​បេក្ខជន នៃ​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ដំណាក់កាល​ឃោសនាបោះឆ្នោត និង​តំណាក់កាល​បោះឆ្នោត រាប់​សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​។ រាល់​ការរៀបចំ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ទាំងអស់ គ ជ ប តែងតែ​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​អនុសាសន៍ មុន គ ជ ប អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដូចជា​បទបញ្ជា និង​នីតិវិធី​នេះ គ ជ ប បាន​រៀបចំ​សេចក្តីព្រាង ហើយ​បាន​ផ្ញើជូន​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​ទុក​រយៈពេល ២០​ថ្ងៃ ដើម្បី​ទទួល​អនុសាសន៍​ត្រឡប់មកវិញ​។ បទបញ្ជា និង​នីតិវិធី​នេះ ក៏​មានការ​ផ្តល់យោបល់​ផង​ដែរ​ពី​អ្នកជំនាញការ​ជប៉ុន និង EU ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ជំនាញ​របស់ គ ជ ប​។

លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់​ថា ការរៀបចំ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ និង​ការរៀបចំ​ក្រមសីលធម៌​សម្រាប់​មន្ត្រី​បោះឆ្នោត សម្រាប់​គណ​បក្សនយោបាយ សម្រាប់​អ្នក​អង្កេត​ការណ៍ សម្រាប់​កង​យោធពល​ខេមរភូមិន្ទ និង​នគរបាល​ជាតិ និង​ក្រមសីលធម៌​សម្រាប់​អ្នកសារព័ត៌មាន ក៏ គ ជ ប បាន​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ផ្តល់​អនុសាសន៍​ផង​ដែរ​។ ចំពោះ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ក៏ គ ជ ប បាន​រៀបចំ​ធ្វើការ​ពិភាក្សា​ពិគ្រោះ​យោ​ប់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែរ មុន គ ជ ប សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ដោយសារ​មានការ​ចូលរួម​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​នីតិវិធី​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ងាយ​យល់ ងាយ​អនុវត្ត និង​ធ្វើការ​ចុះឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយមាន​ប្រជាពលរដ្ឋ​ចំនួន ៧.៨៦៤.៤២៩​នាក់ បានមក​ចុះឈ្មោះ​បោះឆ្នោត ស្មើ ៨១,៣៨% នៃ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៩,៦​លាន​នាក់​៕