ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ផៃ ស៊ី​ផាន ៖ សូម្បីតែ​បង្គន់​អនាម័យ​របស់​ប្រជាពលរដ្ឋ ក៏​មិនដែល​ឃើញ​លោក សម រង្ស៊ី ចូលរួម​កសាង​ដែរ​

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​អះអាងថា ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី ថា រាជរដ្ឋាភិបាល​សព្វថ្ងៃ​ជា​រដ្ឋាភិបាល​ដៃ​ភ្លើង​ជើងមាន់​នោះ គឺជា​ការប្រើ​ពាក្យ​ញុះញង់ បំបែកបំបាក់ សង្គមជាតិ ហើយ​អ្វីដែល​ប្លែក​នោះ លោក សម រង្ស៊ី សូម្បីតែ​បង្គន់​អនាម័យ​នៅតាម​ភូមិ ឬ​ឃុំ ក៏​ពុំទាន់​បាន​ចូលរួម​កសាង​ដែរ ប៉ុន្តែ​គេ​ឃើញតែ​លោក សម រង្ស៊ី តាំងខ្លួន​ជា​អាទិទេព ពាក់​កម្រងផ្កា​ទៅវិញ​។​

លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ ជាការ​ឆ្លើយតប​ជាមួយ​លោក សម រង្ស៊ី ដែល​បានលើកឡើង កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ថា​ “​រដ្ឋាភិបាល ដៃ​ភ្លើង ជើងមាន់ ( A destructive government) ប៉ះ​អ្វី​ឆេះ​ហ្នឹង កាយ​គាស់​អ្វីៗ​ទាំងអស់​ឲ្យ​វិនាស​ហិនហោច​។ ដី​ក៏​ប្លន់ ផ្ទះ​ក៏​ដុត ព្រៃ​ក៏​កាប់ ដំណាំ​ក៏​ឈូស បឹង​ក៏​លុប ភ្នំ​ក៏​វ៉ៃ ថ្ម​ក៏​ជីក ខ្សាច់​ក៏​កាយ​។ ប្រទេសជាតិ​អន្តរាយ រាស្ត្រ​វេទនា តែ​ពួកគេ​បានធ្វើ​មហាសេដ្ឋី​។​

មន្ត្រីជាន់ខ្ពស់ លោក ផៃ ស៊ី​ផាន អះអាង​យ៉ាងនេះ​ថា “​ការលើកឡើង​របស់​មេ​ឧទ្ទាម​បរាជ័យ ទណ្ឌិត សម រង្សី ដែល​ប្រើប្រាស់​ពាក្យ​ញុះញង់ បំបែកបំបាក់​សង្គមជាតិ​ថា “​រាជរដ្ឋាភិបាល​ដៃ​ភ្លើង​ជើងមាន់​” ដែលជា​ពាក្យ​ប្រមាថ និង​ប្រឌិត​ភាពអវិជ្ជមាន​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេចនាយក​រដ្ឋមន្ត្រី​ស្របច្បាប់​ប្រកបដោយ​ឥទ្ធិពល និង​ប្រជាប្រិយភាព​បំផុត​នៃ​អាណត្តិ​បច្ចុប្បន្ន និង​អនាគត គឺជា​ការប្រមាថ​សុទ្ធសាធ និង​ប្រឌិត​រឿង​មិន​ពិត គឺជា​សេចក្ដី​កំសាក​ ស្ថិតក្នុង​ភាព​វិកលចរិត សតិសម្បជញ្ញៈ បន្ទាប់ពី​ការ​ចាញ់ឆ្នោត​ផ្កាប់​មុខជា​រៀងរាល់​អាណត្តិ​កន្លងមក​។ អ្វីដែល​អន្តរជាតិ​បានលើកឡើង និង​វាយតម្លៃ​ខ្ពស់​ចំពោះ សមិទ្ធផល​វិជ្ជមាន របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​សម្ដេច​បាន​ដឹកនាំ​កម្ពុជា ទទួលបាន​នូវ​ជោគជ័យ​ខាង​ផ្នែក​សេដ្ឋកិច្ច ហើយ​អន្តរជាតិ​ប្រសិទ្ធ​នាម​ថា កម្ពុជា​ជា​ប្រជាជាតិ​ដែល​ស្ថិតនៅក្នុង​ភាពជោគជ័យ​សេដ្ឋកិច្ច​ជា​ខ្លា​មួយ​ប្រចាំ​តំបន់ ដែលជា​ប្រជាជាតិ​ដែល​ទទួលបាន​ជោគជ័យ ច្រើន​អាណត្តិ​បន្តបន្ទាប់ កន្លងមក​នូវ​ផលិតផល​សរុប​ក្នុងស្រុក​៧ ភាគរយ ដែល​បង្ក​នូវ​ការទុកចិត្ត​ពី​អ្នកវិនិយោគ​បរទេស​មកកាន់​កម្ពុជា ដោយ​រាប់ទាំង ស្ថិរភាព​នយោបាយ និង​សន្តិភាព​ដែល រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ បាន​ថែរក្សា​ជា​បន្ត​បន្ទាប់មក​។ ក​សិ​-​ឧស្សាហកម្ម ក៏​ទទួលបាន ការរីកចម្រើន ដែលមាន​ភាព​ប្រជែង ក្នុង​រង្វង់​ពាណិជ្ជកម្ម​អន្តរជាតិ រាប់ទាំង​កសិផល​ដទៃ​ទៀត​។​

តាម​លោក ផៃ ស៊ី​ផាន សម្ដេច​តេ​ជោ​បានទទួល​នាទី​ជា​អ្នក​នាំមុខ អន្តរជាតិ​ក្នុងការ​សម្របសម្រួល​ការងារ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ក៏ដូចជា លើ​ឆាក​អន្តរជាតិ។ បទពិសោធន៍​នៃ​សមត្ថភាព​របស់​សម្ដេច​តេ​ជោ ក៏​ទទួលបាន​នូវ​ការគោរព និង​កោតសរសើរ នូវ​មគ្គុទ្ទេសក៍​របស់​សម្ដេច​តេ​ជោ ក៏ដូចជា​សមទ្ធិផល​នានា ដែល​សម្រេចបាន​នៅក្នុង​កម្ពុជា នៅក្នុង​តំបន់ ក៏ដូចជា​លើ​ឆាក​អន្តរជាតិ នៅក្នុង​វិស័យ​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​។ លោក​បន្តថា យ៉ាងហោចណាស់ សម្ដេច​ទទួលបាន​ពានរង្វាន់​ពី​សមាគម​ប្រជាជាតិ​អាស៊ាន ដែលមាន​ឈ្មោះថា “​ពាន​សមិទ្ធផល​អាស៊ាន​មួយជីវិត (​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦” សម្ដេច​ក៏​ទទួលបាន​ការគោរព និង​កោតសរសើរ នូវ​មេដាយ​កិត្តិយស ពី​សំណាក់​ប្រជា​ជាតិនិយម ប្រជាធិបតេយ្យ​កណ្ដាល (ICAPP) ក្រៅពីនេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដាច់ខាត​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ភាព​រីករាយ និង​សុខក្សេមក្សាន្ត ព្រមទាំង​ទទួលបាន​ចំណូល សេដ្ឋកិច្ច​កើនឡើង​ប្រចាំ​គ្រួសារ ដែល​ញ៉ាំង ឲ្យ​ស្រទាប់​កណ្ដាល របស់​សង្គម​កម្ពុជា​រីក​ធំធាត់ ដែល​អន្តរជាតិ​វាយតម្លៃ​ខ្ពស់ ស្រប​ជាមួយនឹង ទំនុកចិត្ត ក្នុង​កិច្ច​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​កម្ពុជា​។​

លោក ផៃ ស៊ី​ផាន បញ្ជាក់ទៀតថា “​ចំនួន​រថយន្ត​នៅ​ដង​ថ្នល់​គ្រប់​ប្រភេទ រាប់ទាំង​ទោចក្រយានយន្ត​នៅលើ​ដង​ថ្នល់ រាប់ទាំង​ឧបករណ៍ និង​បរិក្ខារ​កសិកម្ម នៅ​ពាសពេញ​វាលស្រែ និង​ទូក​នៃ​សម្ភារៈ​ចរាចរណ៍​នៅក្នុង​ទឹក ក៏​បង្ហាញ​នូវ​ថាមពល​ធនធាន​របស់​ស្រទាប់​កណ្ដាល​កម្ពុជា​ផងដែរ​។ អ្វីដែល​ប្លែក​នោះ សូម្បីតែ​បង្គន់​អនាម័យ​នៅតាម​ភូមិ ឬ​ឃុំ​នៅ​កម្ពុជា​ក៏​ពុំទាន់​ទទួលបាន​ការចូលរួម​កសាង អភិវឌ្ឍន៍​ដោយ​ទណ្ឌិត សម រង្សី​នេះ​ទេ​។ ក៏ប៉ុន្តែ​គេ​ឃើញតែ​រូបភាព​ទណ្ឌិត​រូប​នេះ តាំង​ខ្លួន​ជា​អាទិទេព ឬ​ជា​បុគ្គល​សក្ការៈ ដែល​តែងខ្លួន​ជាមួយ​កម្រងផ្កា​នៅ​នឹង.​ក ​របស់​ទណ្ឌិត​នេះ​។ អ្វី​ដែល​ប្រជាពលរដ្ឋ​អបអរសាទរ​ចំពោះ​ចំណាត់ការ​លើ​មេ​ឧទ្ទាម ដែល​មាន​សញ្ជាតិ​ជា​បារាំង មិន​ឲ្យ​ចូល​មក​បំផ្លាញ​ស្រុក​ខ្មែរ គឺជា​ការ​សមស្រប​មួយ ដែល​ជា​បុគ្គល​មាន​ដៃ​ភ្លើង​ជើងមាន់ ដែល​មាន​និន្នាការ​បំផ្លាញ​ខ្មែរ​ពិត​ប្រាកដ៕