ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​មាន​អ្នកចូលរួម​ទស្សនា​សរុប​ជាង ១៥០០០​នាក់​

យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អន្តរជាតិ​ចិន៖រាត្រី​ថ្ងៃទី​០៤ ខែមករា សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ប៉ាល់ យឿន អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង បាន​អញ្ជើញ​ចូលរួម​សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត​នេះ​។ នៅ​រាត្រី​ដដែល​នោះ​មាន​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​ប្រមាណ ១៥០០​នាក់​បាន​មក​ទស្សនា​ភាពយន្ត​ចិន រឿង​«​អ្នក​ប្រយុទ្ធ​លើ​វាលស្មៅ​»​និង​ភាពយន្ត​ខ្មែរ​រឿង​«​ដើម​ក្រសាំង​»​។ មកដល់​ទីតាំង​ក្រុង​កំពង់ឆ្នាំង​នេះ សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” ដែល​ធ្វើ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​តាម​រាជធានី ខេត្ត​ចំនួន​៨ ជុំវិញ​បឹង​ទន្លេសាប ដែល​មាន​រយៈពេល ២៥​ថ្ងៃ បាន​បញ្ចប់​ជា​ផ្លូវការ​ដោយមាន​អ្នកចូលរួម​សរុប ១៥៥០០​នាក់​ទស្សនា​ភាពយន្ត​ដ៏​ល្អ​ឆើតឆាយ​របស់​ចិន​ និង​កម្ពុជា​។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​និង​គាំទ្រ​ដល់​សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​”​នេះ ព្រមទាំង​វាយតម្លៃ​យ៉ាង​ខ្ពស់​។ លោក​មានប្រសាសន៍ថា សកម្មភាព​នេះ​បាន​ជួយ​លើកកម្ពស់​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត ហើយក៏​ជា​ការ​ផ្លាស់ប្ដូរ​មិត្តភាព​មួយ​របស់​ប្រទេស​ទាំងពីរ​តាមរយៈ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​។ លោក​ក៏​សង្ឃឹម​ថា ​ឆ្លង​តាមរយៈ​សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត​នេះ ប្រទេស​ចិន​-​កម្ពុជា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ហើយ​នឹង​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។

កំពុង​ទស្សនា​ភាពយន្ត​នៅ​ទីតាំង​បញ្ចាំង​នេះ លោក កែវ វណ្ណ​ធឿ បាន​និយាយ​ថា ភាពយន្ត​បញ្ចាំង​ថ្ងៃនេះ​ល្អមើល​ណាស់​!​ទិដ្ឋភាព​វាលស្មៅ​ស្រស់​ស្អាត ហើយ​សំលៀកបំពាក់​ជនជាតិភាគតិច​ចិន​ដែល​នៅ​លើ​វាលស្មៅ និង​ទំនៀមទម្លាប់​របស់​ពួកគេ បាន​ដិត​ជាប់​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ បើ​មានឱកាស​ខ្ញុំ​ចង់​ទៅ​លេង​ដោយ​ផ្ទាល់​។ លោក​សង្ឃឹមថា​ពេល​ក្រោយ​មានឱកាស​មើល​ភាពយន្ត​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទៀត។

សូម​បញ្ជាក់​ថា សកម្មភាព​ចាក់​បញ្ចាំង​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” សហការ​រៀបចំឡើង​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ សកម្មភាព​នេះ​បាន​ធ្វើការ​បញ្ចាំង​ភាពយន្ត​ចល័ត​នៅ​តាម​បណ្ដា​រាជធានី ខេត្ត​ចំនួន​៨ សរុប​១៣​ទីតាំង ជុំវិញ​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​មាន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​ពិធី​សម្ពោធ​ការ​ចាក់​បញ្ចាំង​កាលពី​ថ្ងៃទី​១១​ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលសន្និសីទ​ចតុមុខ​រា​ជ​ធានី​ភ្នំពេញ​កន្លងទៅ​។ សកម្មភាព​បញ្ចាំង​ភាពយន្ត​ចល័ត​នេះ​ក៏​ទទួល​បាន​នូវ​ការវាយ​តម្លៃ​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក៏​មាន​ចុះផ្សាយ​ពី​សារព័ត៌មាន​សំខាន់ៗ​ក្នុងស្រុក​ជា​ច្រើន​លើក​ផង​ដែរ​៕