Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីសង្ស័យជំរិតទាប្រាក់ពីជនជាតិចិនដូចគ្នា

បានផុស

នៅ

ជនជាតិចិន០២នាក់ ដែលជាប់ពាក់ព័ន្ធករណីសង្ស័យចាប់ជំរិតជនជាតិចិនដូចគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបកាលពីវេលាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ និងបានរំដោះជនរងគ្រោះជាជនជាតិចិត្តដូចគ្នាម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និងម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ជុំវិញករណីខាងលើនេះដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់បានធ្វើសកម្មភាពប្រើស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយមិនទាន់ដឹងថាជាការប្រើប្រាស់ហិង្សានេះធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។ ក្រោយពីប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មានហើយនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។

ខណៈភ្លាមៗនោះនៅពេលដែលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចពីកម្លាំងសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏កម្លាំងសមត្ថកិច្ចនៅតែព្យាយាមស្រាវជ្រាវរហូតតាមចាប់ឃាត់បាននៅយប់ថ្ងៃខែដដែលផងដែរ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវក្រុមជនសង្ស័យប្រើស្គុតរុំពេញនឹងផ្ទៃមុខទាំងស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង ដោយធ្វើឲ្យជនរងគ្រោះមិនអាចស្រែកដង្ហើយរកការជួយ ឬក៏រើរបម្រាស់ពីក្រុមជនសង្ស័យបាននោះឡើយ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដឹងពីដំណើររឿងនៃការពិតដែលបានកើតឡើងក៏ដូចជាត្រៀមបន្តនីតិវិធីច្បាប់នៅពេលខាងមុខផងដែរ ។

ជុំវិញករណីខាងលើនេះដែរ នៅមិនទាន់មានប្រភពព័ត៌មានណាមួយបង្ហើបឲ្យដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើងនោះទេ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម