ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​រាប់​រយ​នាក់ ​ផ្ទុះ​កូដកម្ម​នៅ​រោងចក្រ​វីន​សុន ដោយទាមទារ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍

កំពង់ស្ពឺ​ ៖ ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​វីន​សុន​អ៊ិន​ធ​ល​ហ្គា​មេន​(​ខេ​ម​បូ​ឌា​)​អិ​ល​ធី​ឌី ជាច្រើន​នាក់ តំណាង​ឲ្យ​កម្មករ​សរុប​ជាង​៦០០​នាក់ បាន​នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វេន ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ទីតាំង​ និង​លោក​ថៅកែ​រោងចក្រ​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគាត់ ព្រោះ​ពួកគេ​រំលោភ​លើ​កិច្ចសន្យា​ក្នុងអំឡុងពេល​ព្យួរ​ការងារ​។​

តំណាង​កម្មករ​បាន​ថ្លែងឲ្យដឹងថា កម្មករ​រោងចក្រ​បានធ្វើ​ការតវ៉ា និង ទាមទារ​លក្ខខណ្ឌ​២​ចំណុច បន្ទាប់ពី​ភាគី​ថៅកែ​រោងចក្រ​វីន​សុន និង ម្ចាស់​ទីតាំង​ដែល​គេ​ស្គាល់​ថា គឺជា​ឧកញ៉ា អ៊ី ឆែ​បាន ឃុបឃិត​គ្នា​ដឹកជញ្ជូន​សម្ភារៈ​រោងចក្រ​ចេញ​អស់ ខណៈ​ពេល​កម្មករ​កំពុង​ព្យួរ​ការងារ​រយៈពេល​២​ខែ គិត​ចាប់ពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៦​។​

តំណាង​កម្មករ​បាន​ថ្លែងបន្តថា ក្នុង​រយៈពេល​កំពុង​ព្យួរការងារ កម្មករ​ទាំងអស់​បាន​នាំគ្នា​ទៅរក​ការងារ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​។ ស្រាប់តែ​ពេល​ត្រឡប់មកវិញ​លោក​ថៅកែ​ និង​ម្ចាស់​ទីតាំង​ឃុបឃិត​គ្នា​ដឹក​សម្ភារៈ​ចេញ​អស់​។ ក្នុងករណីនេះ កម្មករ​ទាំងអស់​បាន​ទាមទារ​២​ចំណុច​គឺ ១-​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈ្នួល ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់​ស្តីពី​ការងារ ជូន​កម្មករ​ម្នាក់ៗ​តាម​អតីតភាព​ការងារ​ជាក់ស្តែង និង​២-​សុំ​ឲ្យ​ម្ចាស់​ទីតាំង​យកប្រាក់​ថ្លៃ​កក់​អគារ​ចំនួន​៦​ខែ​មក​ទូទាត់​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។​

ក្រុមកម្មករ កម្មការិនី​ទាំងអស់ ក៏បាន​ស្នើសុំ​លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ លោក​អភិបាលខេត្ត​កំពង់ស្ពឺ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តាជួយ​ធ្វើ​អន្តរាគមន៍​ និង​ជួយ​ដោះស្រាយ​ជាបន្ទាន់ ពីព្រោះ​កម្មករ​ជាង​៦០០​នាក់​រង​នូវ​ភាព​អយុត្តិធម៌ និង កំពុង​ជួប​បញ្ហា​ប្រឈម ដូចជា​ថ្ងៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក​ភ្លើង និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114