ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​អាមេរិក​ទស្សនា​គ្រាប់មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅខេត្ត​រតនគីរី

ភ្នំពេញ​ ៖ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ទៅ​ទស្សនា​ប្រតិបត្តិការ ​តាម​មូលដ្ឋាន​របស់​អង្គការ Norwegian People’s Aid (NPA) នៅ​ខេត្ត​រតនគីរី ដោយ​ក្នុងនោះ លោក​បាន​ឃើញ​សកម្មភាព​ការងារ ដែល​ជួយ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុងការ​លុបបំបាត់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់មីន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែមករា ឆ្នាំ​២០១៧។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៧ បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត​ ​បាន​អញ្ជើញ​អោយ​ទស្សនា​តំបន់​នោះ ដោយមាន​លោក​ទេសរដ្ឋមន្ត្រី លី ធុច អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជួយ​ជនរងគ្រោះ និង​សកម្មភាព​មីន​កម្ពុជា (CMAA) រួមដំណើរផងដែរ។ ​ក្នុងនោះ លោក​ឯកអគ្គរដ្ឋទូត​ បាន​ជួប​ជាមួយ​អ្នកភូមិ​​ប្រហែល ​១០០ នាក់ ដែល​បាន​ទទួលផល​ពី​ការងារ ​ដែល​ត្រូវបាន​ឧបត្ថម្ភ​ថវិកា​ ដោយ​សហរដ្ឋអាមេរិកសម្រាប់​ដោះមីន​។

នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង ១១៤ លាន​ដុល្លារ​សម្រាប់​គម្រោង​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ដោះមីន និង​យុទ្ធភណ្ឌ​ផ្ទុះ​ដទៃទៀត ដែល​សល់​ពី​ជម្លោះ​ផ្ទៃក្នុង និង ជម្លោះ​ក្នុង​តំបន់។

លោក​ឯកអគ្គរដ្ឋទូត Heidt បាន​មានប្រសាសន៍ថា “​សហរដ្ឋអាមេរិក​ មាន​ប្រវត្តិ​យូរ​មកហើយ​ក្នុងការ​ធ្វើការ ​ជាមួយ​ដៃគូ​របស់​យើង​ក្នុង​រដ្ឋាភិបាល សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ អ្វីដែល​ខ្ញុំ​ឃើញ​នៅថ្ងៃនេះ ក្នុង​ខេត្ត​រតនគីរី បង្ហាញអោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អ្នកជំនាញ​ជាច្រើន ដែល​ហ៊ាន​ប្រថុយ​ជីវិត​របស់គេ ដើម្បី​ធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​សុវត្ថិភាព សម្រាប់​រស់នៅ”​។

តាម​ស្ថានទូត អង្គការ NPA ស្ថិត​ក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន ដែល​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ​យក​ធ្វើជា​ដៃគូ ក្នុង​ការ​លុបបំបាត់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​កម្ពុជា។ ដៃគូ​ដទៃ​ទៀត​ ដែល​ធ្វើការ​សិក្សា​អង្កេត​ទ្រង់ទ្រាយ​ធំ និង​ប្រតិបត្តិ​ការ​ដោះមីន រួមមាន​អង្គការ HALO Trust, Mines Advisory Group (MAG), Cambodia Mine Action Center (CMAC) និង​អង្គការ Cambodian Self Help Demining។

សូម​បញ្ជាក់​ថា ដោយមាន​ការ​ជួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មូលនិធិ Golden West Humanitarian Foundation បាន​បង្កើត​ក្រុម​ដោះ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនៅ​កម្ពុជា និង​ផ្តល់​ការអប់រំ​ស្តីពី​គ្រោះថ្នាក់​គ្រាប់មីន​ដល់​កុមារ ដែល​បណ្តាល​មក​ពី​គ្រាប់មីន និង​យុទ្ធភណ្ឌ​ផ្ទុះ​ដទៃ​ទៀត ដែល​សល់​ពី​សង្គ្រាម​៕