Connect with us

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធីសូត្រមន្ត​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី

បានផុស

នៅ

ក្នុងឱកាស​ត្រៀម​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ គ​.​ស​២០២៣ ដែល​នឹង​ឈាន​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ​សិល្ប​: សិល្បករ សិល្បការិនី មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​និមន្ត​ព្រះសង្ឃ ដើម្បី​សូត្រមន្ត ចម្រើន​ព្រះ​បរិត្ត ជម្រុះ​នូវ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និង​ទទួល​នូវ​ពរជ័យ​សេរី​មង្គល​ពី​ទេវតា​ឆ្នាំ​ថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​បាន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ជា​កិច្ច​ទទួល​អំណរ​សារ​ទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៣ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ជាងនេះ​ទៀត ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត គឺ​ប្រារព្ធ​ធ្វើឡើង ដើម្បី​បួងសួង​សូមឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ប្រោះព្រំ ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​មហាប្រសើរ ជូន​ដល់​ថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ​សិល្បៈ សិល្បករ សិល្បការិនី និង​មន្ត្រីរាជការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ទាំងអស់ ឱ្យមាន​សេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​បំពេញ​តួនាទី ភារកិច្ច​ជូន​ស្ថាប័ន ឱ្យ​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បាន​សម្តែង​នូវ​ក្តី​រីករាយ​ក្នុងឱកាស​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​បាន​ជួបជុំ​ជាមួយ​មន្ត្រីរាជការ សមាជិក សមាជិកា ក្រោម​ឱវាទ​  ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​ដើម្បី​បង្សុកូល​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​មន្ត្រីរាជការ ដែល​មាន​ស្នាដៃ ចំពោះ​ស្ថាប័ន ហើយ​បាន​បូជា​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។

ក្នុងឱកាស​ដ៏​មង្គល​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ និង​ជា​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​សូម​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​បវរ​មហាប្រសើរ​គោរព​ថ្វាយ​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ព្រះអង្គ​ទាំង​ទ្វេ មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​ណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញ្ញាណ​ភ្លឺ​ថ្លា ដើម្បី​គង់ប្រថាប់ នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សុខដុមរមនា របស់​ប្រជារាស្ត្រ​ខ្មែរ ជា​កូនចៅ ចៅទួត ជានិច្ច​និរន្តរ៍​តរៀង​ទៅ​។

នាឱកាស​នោះដែរ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី អមដោយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង ក៏បាន​អញ្ជើញ​សំណេះសំណាល​និង​ទស្សនា​របាំ​ត្រុដិ​ដែល​សម្តែង​ដោយ​សិល្បករ សិល្បការិនី​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ៕

រូបភាព ៖ លោក​ត្រឡុង បូ​រិ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម