ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ស្គាល់​ជន​វាយប្រហារ​នៅ​ផ្សារ​គ្រិស្ត​ម៉ាស​ក្រុង​ប៊ែ​រ​ឡាំង​ ​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្រុង​ប៊ែរ​ឡាំង

ប៉ូលិស​អាល្លឺម៉ង់ បាន​ឃុំ​ខ្លួន​អ្នក​ស្គាល់​ជន​វាយប្រហារ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​តែ​បន្តិចបន្តួច គឺ​ជន​វាយប្រហារ​ឈ្មោះ Anis Amri ពេល​បើក​ប្រតិបត្តិការ​ឆ្មក់​ឆែកឆេរ​នៅ​កន្លែង​ស្នាក់នៅ​មួយ​នៃ​ជនភៀសខ្លួន​។ នេះ​ជាការ​ប្រកាស​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​។

បុរស​ដែល​ត្រូវ​ឃុំ​ខ្លួន​នោះ ត្រូវបាន​គេ​និយាយថា គាត់​បានរួម​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយនិង​ជន​ឈ្មោះ Amri នា​ថ្ងៃ​បើក​ការវាយប្រហារ​ថ្ងៃទី​១៩ ខែធ្នូ​។​
ជន​ដែល​ជាប់​សង្ស័យថា រួមគំនិត​ជា​អ្នក​វាយប្រហារ​នោះ ជា​បុរស​ជនជាតិ​ទុ​យ​នេ​ស៊ី អាយុ​២៦​ឆ្នាំ ត្រូវ​ចាប់ខ្លួន​ទាំង​ប្រទាញប្រទង់​នៅ​កន្លែង​ស្នាក់នៅ របស់​ជនភៀសខ្លួន​មួយកន្លែង​នៅ ក្នុង​ក្រុង Berlin Spandau ។ នេះ​ជាការ​លើកឡើង​ពី​ស្ត្រី​អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ស្ត្រី​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ យើង​បាន​រកឃើញថា ពួកគេ​ទាំងពីរ​នាក់​បាន​ជួបគ្នា​នៅ​ថ្ងៃ​បើក​ការវាយប្រហារ​នោះ នៅឯ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​សង្កាត់ Berlin Mitte ហើយ​ជាប់ទាក់ទង​ទៅនឹង​ការពិភាក្សាគ្នា​ដ៏​តានតឹង​។

នោះ​ហើយ​ដែល​ជាល​ទ្ធ​ផល​វិញ គឺ​ដាក់​ការ​ចោទ ប្រកាន់​ទៅលើ​ជនសង្ស័យ​នោះ​តែម្តង ដែល​ជា​បុរស​ជនជាតិ​ទុយ​នេ​ស៊ី អាយុ​២៦​ឆ្នាំ ដែល​អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ភេរវកម្ម​ឬក៏ យ៉ាងហោច​ក៏បាន​ដឹង​ពី​ផែនការ​វាយលុក​នោះដែរ។

ក្រោយពេល​វាយប្រហារ​៤​ថ្ងៃ​ក្រោយមក Amri ដែលជា​ជនភៀសខ្លួន​ជនជាតិ​ទុយ​នេ​ស៊ី​ដែល​បាន​មកដល់​ប្រទេស​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០១៥​នោះ ត្រូវ​ទទួលរង​ការ​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​ក្រុង Milan បន្ទាប់ពី​រត់គេចខ្លួន​ទៅកាន់​ប្រទេស​អ៊ី​តា​លី រួច​បន្ត​ទៅកាន់​ប្រទេស​បារាំង និង​ហុ​ល្លង់​តាម​ផែនការ​គ្រោងទុក​នោះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​អ៊ី​តា​លី​បានបញ្ជាក់​អះអាងថា កាំភ្លើង​ដែល​ជន​ឈ្មោះ Amri បាន​ប្រើ​ក្នុងការ​បាញ់​តបត​ជាមួយ​ប៉ូលិស​នៅ​ក្រុង Milan គឺជា​កាំភ្លើង​ដដែល​ដែល​បុរស​នោះបាន​ប្រើ​ក្នុងការ​បាញ់សម្លាប់​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​សញ្ជាតិ​ប៉ូឡូញ​នោះ​៕
RT



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114