ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ប៉ូលិស ព្រលះ​ត្រាក់ទ័រ​ពី​ចំហៀង ស្លាប់​ម្នាក់ របួស​៤​នាក់​

បាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​ ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ទីតាំង​កើតហេតុ​ដែរ ក្នុងចំណោម​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់ បន្ទាប់ពី​មាន​ហេតុការណ៍​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ក្នុង​ពេលយប់​ងងឹត​រវាង​រថយន្ត ជា​មួយ​នឹង​ត្រាក់ទ័រ ក្នុង​ទិសដៅ​ខ្វែងគ្នា។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦ និង ៣០នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​តាំងយូ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។ ​នៅ​មុន​ពេល​កើតហេតុ គេ​សង្កេត​ឃើញ​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ESTiMA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ន​.​ប ២.១៦៨១ជិះ​គ្នា​ពីរ​នាក់ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។

របាយការណ៍​បាន​បន្ត​ថា ដោយ​ស្ថិត​ក្នុង​ល្បឿន​យ៉ាង​លឿន​ផង​ ហើយក៏​ជា​ពេលយប់​ងងឹត​ថែម​ទៀត​ផង​នោះ ស្រាប់តែ​ពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ គឺ​មាន​ត្រាក់ទ័រ​មួយ​គ្រឿង​ម៉ាក​ហ្វ​ត បាន​បើក​ចេញពី​ផ្លូវលំ ឆ្ពោះ​ឡើង​មក​លើ​ផ្លូវធំ ទើប​ធ្វើ​ឲ្យ​រថយន្ត​នោះ​បុក​ទទឹង​ទៅលើ​ត្រាក់ទ័រ​ទាំង​កំរោល និង​ធ្វើ​ឲ្យ​អ្នកបើកបរ​ឈ្មោះ លាក់ មើយ​ជីង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ស្លាប់​នៅ​កន្លែង​កើតហេតុ។ ដោយឡែក​អ្នក​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់​ឈ្មោះ ក៏បាន​រង​របួស​ស្រាល​ផង​ដែរ។

ចំពោះ​ត្រាក់ទ័រ​គឺ​អ្នកបើកបរ​មានឈ្មោះ បូ វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ផ្លូវ​ប្រាំមួយ ឃុំ ពេជ្រ​ច​ន្តា ស្រុក​ភ្នំព្រឹក រង​របួស​ស្រាល រួម​ទាំង​អ្នក​រួម​ដំណើរ​ជាមួយ​ផង​ដែរ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ត្រាក់ទ័រ ក៏បាន​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ចំពោះ​សព​គេ​មិនបាន​ដឹង​ថា តើ​ជា​កម្លាំង​នគរបាល​ឬក៏​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ដោយសារ​តែ​រថយន្ត​នោះ​មាន​ពាក់​ស្លាក​លេខ នគរបាល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684