ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេ​អ៊ូ​ល​ប្ដេជ្ញា​បន្ត​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD និង​រះ​គន់​ការ​ផ្ចាញ់​របស់​ចិន​

ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD របស់ អាមេរិក​កំពុង​ធ្វើ​ឲ្យ​មានការ​បែកបាក់ ​ខណៈ​ដែល​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​គឺ ចិន​បាន​ជំរុញ​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល​ពិចារណា​ការសម្រេចចិត្ត​របស់​ខ្លួន​សាជាថ្មី។

ក្រសួងការបរទេស​ចិន​បាន​រំឭក​ទីក្រុង​សេ​អ៊ូ​ល​ជាថ្មី​ម្តងទៀត​អំពី “​ការព្រួយបារម្ភ​” និង “​ការជំទាស់​យ៉ាង​ខ្លាំង​ក្លា​” របស់​ខ្លួន​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD នៅលើ​ទឹកដី​កូរ៉េខាងត្បូង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេ​អ៊ូ​ល​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ក្នុង​ខែកក្កដា​ក្នុង​គ្រា​ដែល​មាន​ការ​គំរាមកំហែង​ជាថ្មី​ពី​កូរ៉េខាងជើង។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​និយាយ​ក្នុងអំឡុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD ដោយ​សហរដ្ឋអាមេរិក​នៅ​កូរ៉េខាងត្បូង​នឹង​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​តុល្យ​ភាពជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​និង​ប៉ះពាល់​ដល់​ប្រយោជន៍​សន្តិសុខ​ជា​យុទ្ធសាស្ត្រ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​រួមទាំង​ប្រទេស​ចិន​ផងដែរ​ហើយ​មិនល្អ​នោះទេ​ចំពោះ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ។

ជា​ការ​បញ្ជាក់​អំពី​ការ​បារម្ភ​របស់ខ្លួន​លើ​បញ្ហា​នេះ ប្រទេស​ចិន​សង្ឃឹមថា កិច្ចព្រមព្រៀង​រវាង​គ្នា​ទៅវិញ​ទៅមក​អាច​ត្រូវបាន​សម្រេច​មុនពេល​ដែល​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​មួយ​នេះ​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ​។ លោក Geng បាន​សង្កត់ធ្ងន់ថា “​យើង​ក៏​សង្ឃឹម​ផងដែរ​ថា ដំណោះស្រាយ​សមស្រប​មួយ​ដែល​គួបផ្សំ​នឹង​កង្វល់​រវាង​គ្នា​ទៅវិញទៅមក​អាច​ត្រូវបាន​រកឃើញ​តាមរយៈ​ការ​ទំនាក់ទំនង​និង​ការពិគ្រោះ​យោបល់​រវាង​ចិន​និង​កូរ៉េខាងត្បូង​។ យើង​សូម​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ការដាក់​ពង្រាយ​និង​បញ្ឈប់​ការធ្វើដំណើរ​លើផ្លូវ​ភាន់​ច្រ​លំ​”​។

ស្រប​ពេល​ជាមួយគ្នា​នោះ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បានចេញ​ការឆ្លើយតប​ភ្លាមៗ​ដោយ​បញ្ជាក់​ថា ខ្លួន​នឹង​ដំណើរការ​ឆ្ពោះទៅមុខ​ជាមួយនឹង​ការដាក់​ពង្រាយ​នេះ​។ ក្រុង​សេ​អ៊ូ​ល​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ចិន​ផងដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការចោទប្រកាន់​ពី “​វិធានការ​សងសឹក​” របស់​ប្រទេស​ចិន​លើ​ការសម្រេចចិត្ត​ដាក់​ពង្រាយ​របស់​កូរ៉េ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684